នៅក្នុងរបាយការណ៍ចុងក្រោយបង្អស់មួយរបស់ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបញ្ជាក់ថា នៅក្នុងខែសីហា កន្លងទៅនេះ ទំហំពាណិជ្ជកម្មរបស់ប្រទេសវៀតណាម សម្រេចបានជាង ៥៣ពាន់លានដុល្លារអាមេរិក តែមានឱនភាពពាណិជ្ជកម្មដល់ទៅ ១ពាន់ ៣០០លានដុល្លារអាមេរិក។
ប្រភពដដែលនេះ បានបញ្ជាក់ថា រលកឆ្លងទី ៤ នៃវិបត្តិមេរោគកូវីដ១៩ បន្តជាបញ្ហាស្មុគស្មាញ ដែលប៉ះពាល់ដល់បណ្តាខេត្តក្រុងជាច្រើន ពន្យារពេលនៃវិធានការរក្សាគម្លាតសង្គម ដែលប៉ះពាល់អវិជ្ជមានដល់ ការនាំចេញ និងនាំចូលទំនិញ។
បើទោះបីជា បញ្ហាមេរោគកូវីដ១៩ បង្កផលលំបាកច្រើន នៅក្នុងត្រីមាសទី ២ និងទី ៣ ឆ្នាំ ២០២១នេះ តែ ប្រទេសវៀតណាម ធ្វើបានល្អ កាលពីត្រីមាសទី ១ ដែលធ្វើឲ្យ ទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលទំនិញ សម្រេចបាន ៤២៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដើមឆ្នាំនេះ កើនឡើង ២៧% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
អំឡុងពេល ៨ខែនេះ វៀតណាម នាំចេញទំនិញជាង ២១២ពាន់លានដុល្លារអាមេរិក កើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ ហើយចំពោះការនាំចូលទំនិញមកកាន់វៀតណាមវិញ គឺសម្រេចបានជាង ២១៦ពាន់លានដុល្លារអាមេរិក ដែលមានកំណើនខ្ពស់ដល់ទៅ ៣៣%។
ការនាំចេញទំនិញរបស់វៀតណាម ទៅកាន់ទីផ្សារធំៗ ដូចជាអាមេរិក ចិន និងសហភាពអឺរ៉ុប នៅតែមានកំណើនខ្ពស់ក្នុងរយៈពេល ៨ខែនេះ ដោយអាមេរិក ជាទីផ្សារនាំចេញធំជាងគេបំផុតរបស់វៀតណាម មានទំហំទឹកប្រាក់ ៦២ពាន់លានដុល្លារអាមេរិក, ទីផ្សារចិន មានទំហំទឹកប្រាក់ ៣២ពាន់លានដុល្លារ និងទីផ្សារសហភាពអឺរ៉ុប មានទំហំប្រមាណ ២៦ពាន់លានដុល្លារ។
ដោយឡែក វៀតណាម នាំចូលទំនិញមកពីប្រទេសចិន ច្រើនជាងគេបំផុត ដែលមានទំហំទឹកប្រាក់ជាង ៧២ពាន់លានដុល្លារអាមេរិក ហើយប្រទេសកូរ៉េខាងត្បូង ឈរនៅលេខរៀងទី ២ មានទំហំ ៣៤ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ដែរថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ធ្លាប់បានពន្យល់រួចហើយថា ការពង្រីកចង្វាក់ផលិតកម្មក្នុងស្រុក នៅដើមឆ្នាំ ២០២១នេះ បានធ្វើឲ្យក្រុមហ៊ុនក្នុងស្រុក បង្កើនការនាំចូលវត្ថុធាតុដើមច្រើន ហើយនៅអំឡុងពេលចុងឆ្នាំ វានឹងថមថយចុះមកវិញ ខណៈការនាំចេញផលិតផលសម្រេច នឹងកើនឡើងកាន់តែខ្លាំង នៅក្នុងអំឡុងពេលនេះផងដែរ៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍