លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសតាមតេឡេក្រាមថា រយៈពេលប្រមាណ១ឆ្នាំកន្លងមកនេះ ការស្នើសុំរៀបចំឥណទានឡើងវិញមានប្រមាណចំនួន ជិត ៣០ម៉ឺនគ្រួសារ ស្មើនឹងទំហំទឹកប្រមាណ១.៤០០លានដុល្លារអាមេរិក។ ប៉ុន្ដែ អ្វីដែលចាប់អារម្មណ៍នោះ គឺនៅមួយរយៈចុងក្រោយនេះ ពោលគឺនៅក្រោយពេលមានព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើង ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញបានហក់កើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ កាស្នើសុំមានកំណើនទ្វេដង។
ថ្វីត្បិតតែការស្នើសុំឥណទានមានកើនឡើងមែន នៅក្នុងដំណាក់កាលនេះ ប៉ុន្តែលោកកាំង តុងងី បញ្ជាក់ថា នៅតិចជាងអំឡុងខែមេសា និងឧសភា ឆ្នាំ២០២០ទេ ដែលកាលនោះ គ្រាន់តែមួយសប្តាហ៍មានការស្នើសុំរៀបចំឥណទានឡើងវិញ ដល់ទៅជាង២ម៉ឺននាក់ឯណោះ។ ទោះយ៉ាងណា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារំពឹងថា ចំនួនអ្នកស្នើសុំនឹងអាចមានការកើនឡើងបន្តទៀត បើព្រឹត្តិការណ៍សហគមន៍នេះ នៅតែបន្តអូសបន្លាយ។
គួរម្លឹកថា ធនាគារជាតិនៃកម្ពុជា (NBC) បានជូនដំណឹងឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ត្រូវបន្តរៀបចំឥណទានឡើងវិញដល់អតិថិជនរបស់ខ្លួនរហូតដល់ពាក់កណ្តាលឆ្នាំ ២០២១ ខាងមុខ ខណៈដែលសមាគមមីក្រូហិរញ្ញវត្ថុអះអាងថា អាចនឹងពន្យារពេលរហូតដល់ចុងឆ្នាំ២០២១ បើសិនជាមានតម្រូវការបន្តទៀតពីអតិថិជន។
បើយោងតាមរបាយការណ៍ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមចុងឆ្នាំ២០២០ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទាន សរុបជិត ៧ពាន់លានដុល្លារ ស្មើនឹងអតិថិជនជិត ២លានគ្រួសារ ខណៈប្រាក់បញ្ញើសរុបមានចំនួន ៣.៥០០ លានដុល្លារ ដោយមានអតិថិជនដាក់ប្រាក់បញ្ញើចំនួន ២លាន៧ សែនលាននាក់៕