លោកលន់ យេង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា ការស្នើសុំការពន្យារពេលសងប្រាក់កម្ចីនេះមិនមែនមានន័យថា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឬក្រុមហ៊ុននាំចេញអង្ករ កំពុងជួបបញ្ហាប្រឈមខ្វះទុននោះទេ ពោលគឺការស្នើសុំនេះដើម្បីជួយសម្រួលឲ្យសមាជិកសហព័ន្ធដែលទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មមានជម្រើសកាន់តែច្រើនជាងមុន។ឧទាហរណ៍៖ អ្នកទទួលបានកម្ចីក្នុងខែ៥ ត្រូវសងទៅធនាគារវិញក្នុងខែ៤ ឬអ្នកដែលទទួលកម្ចី ក្នុងខែ ៧ ត្រូវសងត្រឡប់មកវិញក្នុងខែ៦ជាដើម ខណៈលក្ខខណ្ឌកំណត់ការសងរបស់រដ្ឋកន្លងមកតម្រូវសងត្រឹមខែ៦។
លោកលន់ យេង អះអាងទៀតថា រយៈពេលសងគឺនៅតែរក្សា១ឆ្នាំដដែលទេ តែអ្វីដែលជាការស្នើនេះគ្រាន់បន្ថែមជម្រើសឲ្យអ្នកខ្ចី ដោយមិនត្រូវអនុវត្តដំណើរការសងប្រាក់កម្ចីតាមការកំណត់កន្លងមកត្រឹមខែ៦ ជាកំណត់នោះឡើយ ពោលគឺបើខ្ចីខែ១០ ត្រូវសងត្រឡប់មកវិញក្នុងខែ៩ ដែលនេះជាអ្វីដែលសហព័ន្ធចង់ស្នើសុំប៉ុណ្ណោះ។
ជាការឆ្លើយតប ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានអះអាងទទួលយកសំណើនេះ តែសូមលើកយកទៅសិក្សា និងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជាជាមុនសិន។
ឯកឧត្តមបញ្ជាក់ថា ជាទូទៅរៀងរាល់ខែ៦ អ្នកដែលទទួលបានកម្ចីពីរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនេះត្រូវតែសងមកធនាគារវិញក្នុងខែ៦ ហើយនៅរៀងរាល់ខែ៧ ធនាគារត្រូវបញ្ចេញទុនកម្ចីជាថ្មី ប៉ុន្តែយ៉ាងណាសំណើនេះ គឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទទួលយក និងបន្តសុំគោលការណ៍ពីរដ្ឋាភិបាល។
បើតាមឯកឧត្តម កៅ ថាច កញ្ចប់ថវិកាកម្ចីពីរាជរដ្ឋាភិបាលប្រមាណ៥០លានដុល្លារ សម្រាប់ជួយសង្រ្គោះដល់វិស័យស្រូវអង្ករកម្ពុជា មកទល់ពេលនេះ ត្រូវបានបញ្ចេញស្ទើរតែអស់ហើយសម្រាប់ឆ្នាំ២០២០នេះ៕