កិច្ចប្រជុំបន្ទាន់នេះ ក៏មានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្មផងដែរ ដោយការរៀបចំនូវកិច្ចប្រជុំនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងការដែលសហព័ន្ធស្រូវអង្ករអាមេរិក បានស្នើដល់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC) ឱ្យលុបចោលបញ្ជីទំនិញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើប្រភេទអង្ករនាំចូល ខណៈដែលកន្លងមកសហរដ្ឋអាមេរិកមាននាំចូលអង្ករពី ប្រទេសថៃ វៀតណាម ប្រេស៊ីល ឥណ្ឌា ភូមា និងកម្ពុជា ។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា ការនាំចូលអង្ករកម្ពុជាទៅកាន់សហរដ្ឋអាមេរិក គឺមិនបានប៉ះពាល់ដល់កសិករអាមេរិកនោះទេ ដោយហេតុថា -ទីមួយ បរិមាណនាំចេញអង្ករកម្ពុជាទៅកាន់សហរដ្ឋអាមេរិក គឺមានត្រឹមតែប្រមាណ ២០០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ។ និងទីពីរ គឺប្រភេទអង្ករដែលកម្ពុជានាំចូលទៅអាមេរិកជាប្រភេទ Indica Rice ប្រភេទសរីរាង្គ និងអង្ករក្រអូបរំដួល ដែលខុសពីប្រភេទអង្ករ ដែលកសិករសហរដ្ឋអាមេរិកដាំដុះ ពោលគឺជា Japonica Rice និង Carlrose Rice។
គួរបញ្ជាក់ថា នៅក្នុងឆមាសទី ១ នៃឆ្នាំ២០២០នេះ កម្ពុជាបានរកចំណូលបានពីការនាំចេញអង្ករជាង២៦៤លានដុល្លារអាមេរិក ដោយនាំចេញអង្ករប្រមាណ៤០ម៉ឺនតោន កើនឡើងជាង៤១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ទីផ្សារនាំចេញអង្ករធំៗរបស់កម្ពុជា មានដូចជាប្រទេសចិន អឺរ៉ុប អង់គ្លេស និងបណ្ដាប្រទេសអាស៊ាន៕