ការទទួចស្នើសុំនេះ ខណៈមើលឃើញថា វិស័យនេះនៅមានឱកាសវិនិយោគបានច្រើន និងបើគិតពីការចូលរួមចំណែកនៃកំណើនសេដ្ឋកិច្ចវិញគឺមានរហូតដល់ជាង ៣០ភាគរយ ប៉ុន្តែទំហំប្រាក់កម្ចីនៅក្នុងវិស័យនេះ ហាក់នៅមានទំហំតិចតួចនៅឡើយប្រមាណជា ១០ភាគរយ ធៀបនឹងទំហំឥណទានសរុប។
ជុំវិញបញ្ហានេះ លោកឧកញ៉ា ចាន់ សុខឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានស្នើសុំធនាគារជាតិនៃកម្ពុជា ពិនិត្យមើលលទ្ធភាពឲ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា ពង្រីកដើមទុនលើប្រាក់កម្ចីបន្ថែមលើវិស័យកសិកម្មឲ្យបានច្រើនជាងនេះ គឺជារឿងល្អបំផុត។
លោកឧកញ៉ាបានលើកឡើងបន្តទៀតថា កន្លងមកពាណិជ្ជករ ក៏ដូចកសិករតូចៗទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុភាគច្រើនទទួលបានកម្ចីក្នុងកម្រិតថ្លៃដើមខ្ពស់ និងអត្រាការប្រាក់ចន្លោះពី ១២ ទៅ១៨ភាគរយក្នុងមួយឆ្នាំ។
ដោយឡែក ពាណិជ្ជករធំៗវិញ ទទួលបានកម្ចីក្នុងអត្រាការប្រាក់ត្រឹមតែជាង ៦ភាគរយ ទៅជាង ៨ភាគរយប៉ុណ្ណោះ ដែលនេះ ជាហេតុធ្វើឲ្យថ្លៃដើមនៃការប្រកួតប្រជែងនៅក្នុងវិស័យកសិកម្មកម្ពុជាជួបការលំបាកច្រើន។ ដូច្នេះសូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាពិចារណាឡើងវិញអំពីលទ្ធភាពដែលអាចឲ្យប្រជាកសិករមានលទ្ធភាពអាចប្រើប្រាស់ទុនដើម្បីយកទៅពង្រីកអាជីវកម្ម ដើម្បីបាននូវថ្លៃដើមអាចប្រកួតប្រជែងជាមួយដៃគូជិតខាង។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញស្រូវអង្ករ។
ជុំវិញនឹងការស្វែងរកដំណោះស្រាយជួយដល់ប្រជាកសិករ ដើម្បីទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាបនេះដែរ ឯឧត្តម ឃី កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្មបានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បាននិងកំពុងចូលរួមពិភាក្សាដោះស្រាយក្នុងការកំណត់អត្រាការប្រាក់សមរម្យជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខាងធនាគារពិភពលោក និងវិស័យឯកជនមួយចំនួន រួមទាំងទាំងស្ថាប័នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។
យោងតាមរបាយការណ៍ធនាគារជាតិ គិតត្រឹមខែសីហាឆ្នាំ២០១៩ ទំហំឥណទានសរុបនៅក្នុងវិស័យកសិកម្មបានកើនដល់ ២,២ពាន់លានដុល្លារអាមេរិក ទន្ទឹមនឹងអត្រាការប្រាក់អប្បរមាត្រូវបានកំណត់ត្រឹម ១៨ភាគរយ។
ជំវិញកំណើនឥណទាននេះ លោកជំទាវ នាវ ចាន់ថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ទំហំឥណនទានដ៏ធំនេះ បានជួយឲ្យអាជីវកម្មនិងគ្រួសារកសិករសម្រាប់ផ្តល់លទ្ធភាពទទួលបានឥណនទាន និងអាចវិនិយោគទ្រព្យសកម្ម ដែលមានផលិតភាពខ្ពស់ និងបច្ចេកវិទ្យាថ្មីៗ ដែលមានសារសំខាន់សម្រាប់លើកកម្ពស់ផលិតភាពកសិកម្ម ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់សម្រាប់វិស័យហិរញ្ញវត្ថុ។
លោកជំទាវ សង្ឃឹម និងជឿជាក់ថា កំណើនរឹងមាំនៅក្នុងវិស័យហិរញ្ញវត្ថុនេះ នឹងបន្តគាំទ្រកំណើនរបស់វិស័យកសិកម្មនេះ ដូច្នេះសូមលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តបង្កើនផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត សម្រាប់បម្រើដល់ប្រជាកសិករបន្តអភិវឌ្ឍន៍វិស័យកសិកម្មកាន់តែខ្លាំងក្លាឡើងថែមមួយកម្រិតទៀត៕