ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងថា ភ្នាក់ងារដែលអាចផ្ដល់សេវាទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រនេះបាន ត្រូវតែជាធនាគារ ហើយបច្ចុប្បន្ននេះ មានធនាគារចំនួន ៤ហើយ ទទួលបានការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីធ្វើការទូទាត់សាច់ប្រាក់ក្នុងការជួញដូរក្នុងផ្សារមូលបត្រកម្ពុជា។
ធនាគារទាំង៤ ដែលបានបង្កើតក្រុមហ៊ុនជាបុត្រសម្ព័ន្ធ ជាភ្នាក់ងារទូទាត់សាច់ប្រាក់ក្នុងផ្សារមូលបត្រកម្ពុជានេះ រួមមាន ធនាគារកាណាឌីយ៉ា, អេស៊ីលីដា, BIDC និងធនាគារកម្ពុជាសាធារណៈ។
បើតាមការគូសបញ្ជាក់ របស់ឯកឧត្តម ស៊ូ សុជាតិ ក្រៅពីធនាគារទាំង៤ខាងលើនេះ ក៏មានធនាគារមួយចំនួនទៀត កំពុងចាប់អារម្មណ៍ក្នុងការចុះឈ្មោះធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ក្នុងផ្សារមូលបត្រកម្ពុជានេះផងដែរ។ តួយ៉ាង ធនាគារ ABA នាពេលថ្មីៗនេះ ក៏បានទាក់ទងមកគណៈកម្មការមូលបត្រកម្ពុជា ធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ក្នុងផ្សារមូលបត្រនេះផងដែរ។
ឯកឧត្តម ស៊ូ សុជាតិ បានគូសបញ្ជាក់ទៀតថា វិស័យមូលបត្រកម្ពុជាមានការរីកចម្រើនមកទល់សព្វថ្ងៃនេះ គឺមានការចូលរួមគាំទ្រយ៉ាងសំខាន់នៃវិស័យធនាគារ ពោលគឺ ពេលណាវិស័យធនាគាររឹងមាំ នោះវិស័យមូលបត្រក៏រឹងមាំដែរ។
លោក ដាតុ ផាន យិងថុង ប្រធានធនាគារប្រចាំតំបន់ប្រតិបត្តិការឥណ្ឌូចិន នៃធនាគារកម្ពុជាសាធារណៈ ដែលទើបតែទទួលបានការទទួលស្គាល់ពីគណៈកម្មការមូលបត្រកម្ពុជា ជាធនាគារទី៤ ក្នុងនាមជាភ្នាក់ងារទូទាត់សាច់ប្រាក់ក្នុងផ្សារមូលបត្រកម្ពុជា បានលើកឡើងដែរថា ការចូលរួមក្នុងសេវាទូទាត់សាច់ប្រាក់ក្នុងផ្សារមូលបត្រនេះ គឺជាការរួមចំណែកវិជ្ជមាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ឱកាសដល់អ្នកវិនិយោគ អាចទិញលក់ភាគហ៊ុន ឬសញ្ញាបណ្ណ ប្រកបដោយទំនុកចិត្តខ្ពស់។
លោក ដាតុ ផាន យិងថុង មានប្រសាសន៍ថា «ខ្ញុំគិតថា យើងអាចចូលរួមចំណែកជាវិជ្ជមាន នៅក្នុងទីផ្សារ! ធនាគារកម្ពុ មានវត្តមាននៅកម្ពុជាមកទល់ពេលនេះ អស់រយៈពេល ២៨ ឆ្នាំហើយ ហើយយើងក៏មានអតិថិជនច្រើនណាស់ដែរ ប្រហែលជាង ១សែននាក់។ អតិថិជនរបស់យើងភាគច្រើន គឺជាអ្នកមានបណ្ដាញទំនាក់ទំនងច្រើន។ ដូច្នេះ ខ្ញុំយល់ថា វាជាឱកាសល្អសម្រាប់យើង ដើម្បីភ្ជាប់ទំនាក់ទំនងរវាងពួកគាត់ ជាមួយនឹងផ្សារមូលបត្រកម្ពុជា តាមរយៈការផ្ដល់ឱកាសឲ្យពួកគាត់អាចវិនិយោគ មិនមែនសម្រាប់តែដាក់លុយនៅជាមួយធនាគារ ដើម្បីបានការប្រាក់នោះទេ តែពួកគាត់ក៏មានឱកាសដើម្បីធ្វើឲ្យសេដ្ឋកិច្ចប្រទេសមានការកើនឡើង តាមរយៈការទិញភាគហ៊ុន ឬសញ្ញាបណ្ណ ពីក្រុមហ៊ុនក្នុងស្រុក។ »
សូមបញ្ជាក់ថា ទិន្នន័យដែលបានបង្ហាញដោយផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៩ ផ្សារមូលបត្រកម្ពុជា សម្រេចបាននូវ ភាពរីកចម្រើនខ្លាំង គួរឲ្យកត់សម្គាល់ ទាំងសកម្មភាពជួញដូរមានកាន់តែច្រើន ចំនួនវិនិយោគិន ក៏បន្តកើនឡើងដល់ជាង ២ម៉ឺន ២ពាន់នាក់ ជាពិសេសគឺ បានបំបែកកំណត់ត្រាធំៗជាងច្រើន ដូចជា ទំហំមូលធនទីផ្សារ ឬហៅថា មូលធនូបនីយកម្មទីផ្សារ កើនឡើងជាង ៥៨ភាគរយ ពីប្រមាណ ៤៤០លានដុល្លារ ដល់ជាង ៧០០លានដុល្លារអាមេរិក។ បន្ថែមពីនេះ ទំហំនៃការជួញដូរគិតជាមធ្យមក្នុងឆ្នាំ ២០១៩ មានតម្លៃទឹកប្រាក់រហូត ១៥ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ ធៀបនឹងឆ្នាំ២០១៨ ទំហំទឹកប្រាក់នៃការជួញដូរក្នុងមួយថ្ងៃបានត្រឹមប្រមាណ ២ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ៕