ថ្លែងនាឱកាសសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញ ស្ដីពី «វឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស» នៅថ្ងៃទី១៥ ខែធ្នូ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានគូសបញ្ជាក់ថា តាមច្បាប់ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយត្រូវប្រមូលថវិកាជាតិឱ្យលើសអគ្គនាយកដ្ឋានពន្ធដារ។ ក៏ប៉ុន្តែ ជាក់ស្ដែង ឆ្នាំ២០២១នេះ ការប្រមូលពន្ធដោយអគ្គនាយកដ្ឋានគយ ហាក់មិនទាន់សម្រេចតាមផែនការដែលបានកំណត់នោះទេ ខណៈការប្រមូលចំណូលពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារឯណោះវិញសម្រេចបានលើសផែនការរហូត១៤%ទៅហើយ នៅ១១ខែឆ្នាំ២០២១នេះ។
ទាក់ទិនបញ្ហានេះ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ នៅតែជាបញ្ហាចម្បង ដែលរាំងស្ទះផែនការប្រមូលថវិកាជាតិ គួបផ្សំ ការអនុគ្រោះ និងការពន្យារពេលដល់រថយន្តគ្មានពន្ធ កន្លងមក។ ឯកឧត្តម គុណ ញឹម បញ្ជាក់អះអាងថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ អគ្គនាយកដ្ឋានគយប្រមូលចំណូលបានប្រមាណ ២៧លានដុល្លារ ពីរថយន្តអត់ពន្ធចំនួន ២ពាន់៦រយគ្រឿង ស្មើនឹង១ភាគ៣ ដែលម្ចាស់បានចូលមកបង់ពន្ធនិងប្រកាសពន្ធ ខណៈតាមការប៉ាន់ប្រមាណរបស់អគ្គនាយកដ្ឋានគយ រថយន្តគ្មានពន្ធដែលមានក្នុងប្រទេសបច្ចុប្បន្នប្រមាណ ១ម៉ឺនគ្រឿង ឯណោះ។
ដ្បិត ការប្រមូលចំណូលពន្ធគយមិនទាន់ឆ្លើយតបនឹងផែនការគ្រោងទុក ប៉ុន្ដែ ឯកឧត្តម គុណ ញឹម នៅតែមានសុទិដ្ឋនិយម ដោយលោកមើលឃើញថា រយៈពេលចុងក្រោយ ការបង់ពន្ធលើរថយន្តគ្មានពន្ធមានក្នុងស្រុកស្រាប់កាន់តែមានសន្ទុះជាងមុន ពិសេសកាន់តែខិតជិតដល់ថ្ងៃឱសានវាទនៃការអនុគ្រោះពន្ធ១០% ត្រឹមថ្ងៃទី៣១ ខែធ្នូ ខាងនេះ។
ជុំវិញនឹងការប្រមូលចំណូលពន្ធនេះដែរ លោកបណ្ឌិត គី សិរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ច បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន ហាក់មានសន្ទុះឡើងវិញជាបណ្ដើរៗ ក្រោយកម្ពុជាអនុញ្ញាតឱ្យបើកប្រទេសឡើងវិញ ដោយលោកយល់ថា បើទោះបី លំហូរនៃហិរញ្ញវត្ថុខាងក្រៅនៅមានកម្រិត តែចរន្តសេដ្ឋកិច្ចខាងក្នុងជាចលករមួយដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ទោះយ៉ាងណា លោកគូសបញ្ជាក់ថា ការប្រមូលចំណូលពន្ធដារ និងពន្ធគយ ពិតជាមានសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិដូចគ្នា ពិសេសខណៈដែលកម្ពុជា កំពុងស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩នេះតែម្ដង។
សូមបញ្ជាក់ថា រយៈពេល១១ខែ ក្នុងឆ្នាំ២០២១ កម្ពុជា ទទួលបានចំណូលជាតិសរុបជាង ៤ពាន់លានដុល្លារ ពីការប្រមូលពន្ធដារនិងពន្ធគយ។ ក្នុងនោះ ចំណូលពីការប្រមូលចំណូលពន្ធដារ មានប្រមាណ ២ពាន់៥រយលានដុល្លារ ខណៈចំណូលពីការប្រមូលពន្ធគយ មានប្រមាណ២ពាន់លានដុល្លារ៕