ចំណូលប្រមូលដោយគយសម្រេចបានជាង១ពាន់លានដុល្លារ

ចំណូលប្រមូលដោយគយសម្រេចបានជាង១ពាន់លានដុល្លារ នៅ៥ខែដំបូងឆ្នាំ២០២២


ការប្រមូលចំណូលគយ ចាប់ផ្ដើមមានសម្ទុះងើបឡើងវិញជាបណ្ដើរៗហើយ តួយ៉ាង នៅរយៈពេល ៥ខែ ក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទទួលបានចំណូលប្រមាណ១ពាន់លានដុល្លារអាមេរិក ពីការប្រមូលចំណូលពន្ធអាករ និងកម្រៃផ្សេងៗ ដែលមានការកើនឡើងជាង៨% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ដែលឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានផ្ដល់ឲ្យសារព័ត៌មានឌីជីថលខេមបូណូមីស។
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

សព្វថ្ងៃនេះ ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា បាននិងកំពុងតែវិលទៅរកសភាពធម្មតា និងកាន់តែមានភាពវិជ្ជមាន ចាប់ពីកម្ពុជា បានប្រកាសបើកសង្គមនិងសេដ្ឋកិច្ចពេញលេញជាផ្លូវការ បើទោះបី ស្ថានភាព​នៅមិនទាន់ត្រលប់ទៅរកភាពធម្មតា ដូចនៅឆ្នាំ២០១៩ នៅពេលមិនទាន់មានការរាតត្បាតកូវីដ១៩ ក៏ដោយចុះ។ ជាក់ស្ដែង របាការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នារយៈពេល ៥ខែ ក្នុងឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធអាករនិងកម្រៃផ្សេងៗ បានប្រមាណ១ពាន់លានដុល្លារអាមេរិក។ បើតាមឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ចំណូលដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករ នៅរយៈពេល ៥ខែ ក្នុងឆ្នាំនេះ មានការកើនឡើងប្រមាណ៨២លានដុល្លារ ដែលស្មើនឹងអត្រាកំណើនជាង ៨%។ ខណៈនៅរយៈពេល ៥ខែ ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានតែជាង ៩រយលានដុល្លារអាមេរិក ប៉ុណ្ណោះ។

ឯកឧត្តម គុណ ញឹម បានបញ្ជាក់ពីមូលហេតុចម្បងៗមួយចំនួនដែលធ្វើឲ្យការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រយៈពេល៥ខែនេះ មានការកើនឡើង ក៏ព្រោះតែការគ្រប់គ្រងនិងទប់ស្កាត់បានយ៉ាងល្អនូវការរាតត្បាតជំងឺកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា​ ជាពិសេសយុទ្ធនាការ​នៃការចាក់ស្រោចវ៉ាក់សាំងជូន​ប្រជាជនកម្ពុជា ដើម្បីជំរុញភាពស៊ាំក្នុងសហគមន៍ ដែលអាចឲ្យរាជរដ្ឋាភិបាលកម្ពុជា បើកសង្គមនិងសេដ្ឋកិច្ចបានពេញលេញឡើងវិញ។ ឯកឧត្តម គុណ ញឹម បន្ថែមថា ការបើកប្រទេសឡើងវិញ និងការអនុវត្តវិធានការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ បានធ្វើឲ្យគ្រប់សកម្មភាពសេដ្ឋកិច្ចនិងសង្គម សេវាកម្ម និងពាណិជ្ជកម្ម មានភាពរស់រវើកឡើងវិញជាបណ្ដើរៗ។

យ៉ាងណាម៉ិញជុំវិញស្ថានភាពសេដ្ឋកិច្ចនិងសង្គម កម្ពុជា នារយៈពេល ៥ខែ​ នៃឆ្នាំ២០២២នេះ ក្រុមអ្នកជំនាញ សុទ្ធតែបានមើលឃើញថាមានភាពវិជ្ជមាន និងប្រសើរស្ទើគ្រប់វិស័យ បើទោះបីពិភពលោកមិនទាន់រួចផុតពីវិបត្តិធំៗចំនួន២ គឺជំងឺកូវីដ១៩ និងឥទ្ធិពលសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ក៏ដោយចុះ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប៉ាន់ប្រមាណថា នៅឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវប្រមូលចំណូលពន្ធគយឲ្យបានប្រមាណ២ពាន់៦រយលានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕

None



អត្ថបទបន្ទាប់


ទារកដ្ឋានសហគមន៍ដំបូងគេចំនួន៣ត្រូវបានបង្កើតឡើង សម្រាប់ជួយមើលថែកុមារដែលមានឪពុកម្ដាយជាកម្មកររោងចក្រ

ទារកដ្ឋានសហគមន៍ដំបូងគេចំនួន៣ សម្រាប់ជួយមើលថែទាំកុមារ ដែលមានឪពុកម្ដាយជាកម្មកររោងចក្រនៅកម្ពុជា ត្រូវបានអង្គការពិភពកុមារ និងអភិវឌ្ឍន៍ ដា…

អាមេរិក និងចិនបោះពាក្យសម្ដីខ្លាំងៗដាក់គ្នាក្នុងសំណុំរឿងតៃវ៉ាន់ក្នុងកិច្ចប្រជុំសន្តិសុខអាស៊ី

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបាននិយាយឆ្លើយឆ្លង បោះពាក្យសម្ដីខ្លាំងៗដាក់គ្នាទៅវិញទៅមកជាមួយនឹងប្រទេសចិន នៅឯកិច្ចប្រជុំកំពូលស្តីពីសន្តិសុខរបស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ