
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាកេស៊ី អ៊ីវ៉ាយ៉ា (Takeshi Iwaya) រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ចូ តែយុល (Cho Tae-yul) បានស្កាត់ជួបគ្នានៅក្នុងទីក្រុងតូក្យូ ហើយនេះជាជំនួបកម្រិតខ្ពស់លើកដំបូងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២៣ មក។ ប្រទេសចិន មើលឃើញថា គោលនយោបាយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ ដែលធ្វើឱ្យសណ្ដាប់ធ្នាប់ពិភពលោកធ្លាក់ចូលក្នុងភាពរញ៉េរញ៉ៃ គឺជាឱកាសដ៏ល្អមួយ ដើម្បីធ្វើឱ្យសម្ពន្ធភាពរវាងសហរដ្ឋអាម៉េរិក ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ចុះខ្សោយ។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងក្នុងកិច្ចសន្ទនាសេដ្ឋកិច្ចកម្រិតខ្ពស់រវាងប្រទេសជប៉ុន និងចិន ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍ ដដែលថា រចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោកពេលនេះកំពុងប្រឈមមុខនឹងការប្រែប្រួលយ៉ាងធ្ងន់ធ្ងរ ហើយថា លទ្ធិឯកតោភាគី និងលទ្ធិគាំពារនិយមកំពុងរីករាលដាលខ្លាំង។
ទន្ទឹមនេះ លោក វ៉ាង យី បានជំរុញឱ្យប្រទេសជប៉ុន ប្រទេសចិន និងកូរ៉េខាងត្បូង ចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មសេរីត្រីភាគីឡើងវិញ។ លោកក៏បានគូសបញ្ជាក់ជាថ្មីពីចំណាប់អារម្មណ៍របស់ប្រទេសចិន ក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលក្នុងនោះមានប្រទេសជប៉ុន ជាសមាជិកផងដែរ។
ប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង ដែលត្រូវផ្សារភ្ជាប់ទំនាក់ទំនងតាមរយៈពាណិជ្ជកម្មទ្វេភាគីមើលឃើញថា ពាណិជ្ជកម្មសេរី គឺជាបញ្ហារួមរបស់ពួកគេ ដែលត្រូវដោះស្រាយ ស្របពេលពិភពលោកកំពុងធ្លាក់ចូលសង្គ្រាមពន្ធគយរបស់លោក ដូណាល់ ត្រាំ៕
ដោយ: តែម សុខុម