ថ្លែងនៅក្នុង កម្មវិធីជំនួបធុរកិច្ចវិស័យកសិកម្មនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពលើវិស័យកសិកម្ម ដូច្នេះ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច ធនាគារអេស៊ីលីដាបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនដល់វិស័យនេះ។
បើតាមថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ អេស៊ីលីដា គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ធនាគារ បានផ្ដល់ប្រាក់កម្ចី ចំនួន១ពាន់២រយលានដុល្លារអាមេរិក ដែលស្មើនឹងជាង ២០% នៃប្រាក់កម្ចីសរុបរបស់ធនាគារ ដែលបានបញ្ចេញសរុបជាង ៥ពាន់៨រយលានដុល្លារ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា ក៏បានបង្ហាញនូវក្ដីរំពឹងយ៉ាងមុតមាំថា តាមរយៈការផ្ដល់ឥណទានសម្រាប់វិស័យកសិកម្ម របស់ធនាគារ អេស៊ីដា ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហាជូនកសិករ ដែលបាននិងកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន ខណៈចំនួនឥណទានក្នុងវិស័យកសិកម្ម នឹងបន្តកើនឡើងជាបន្តបន្ទាប់ថែមទៀតនៅដំណាច់ឆ្នាំ២០២២។
លោកបណ្ឌិត អ៊ិន ចាន់នី ក៏បានសង្កត់ធ្ងន់ទៀតថា ការផ្តល់ឥណទានដល់វិស័យកសិកម្មមិនមានហានិភ័យខ្ពស់ជាងវិស័យដ៏ទៃនោះទេ ពោលគឺ ធនាគារ អេស៊ីលីដា តែងតែមានការពិគ្រោះយ៉ាងយកចិត្តទុកដាក់ជា មួយអតិថិជន និងក្រុមប្រជាកសិករ ទៅលើការប្រើប្រាស់ឥណទានរបស់ធនាគារ ផ្តល់ឥណទានទៅតាមតម្រូវការនៃអាជីវកម្មមិនឱ្យខ្វះ ឬមិនឱ្យលើសខ្លាំង ក៏ដូចជា ណែនាំដល់អតិថិជនប្រើប្រាស់ហិរញ្ញវត្ថុរបស់ធនាគារឱ្យត្រឹមត្រូវចំគោលដៅ ជាជាងការចំណាយទៅក្នុងវិស័យណា ដែលមិនបានចុះក្នុងផែនការអាជីវកម្ម។
សូមបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា បានផ្តល់ប្រាក់កម្ចីជាង ៣៤% ដល់វិស័យកសិកម្ម បើគិតក្នុងវិស័យធនាគារជារួមនៅកម្ពុជា។ ដោយមើលឃើញថា ធនាគារបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើន ដល់វិស័យកសិកម្ម ថ្មីៗនេះ អង្គការ JICA និង SMBC បានផ្តល់ប្រាក់កម្ចីសហហិរញ្ញប្បទានចំនួន ១៣៥ លានដុល្លារ ដល់ធនាគារអេស៊ីលីដា សម្រាប់ផ្តល់កម្ចីបន្ថែមដល់វិស័យកសិកម្មនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ធនាគារឯកជន និងធនាគារគ្រប់គ្រងដោយរដ្ឋ ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ARDB) បានផ្តល់កម្ចីសហហិរញ្ញប្បទាន ដល់វិស័យកសិកម្មស្មើៗគ្នា ក្នុងចំនួនទឹកប្រាក់រហូតដល់ ៤០លានដុល្លារអាមេរិក។ អនុវត្តតាមគម្រោងសហហិរញ្ញប្បទានទាំងនេះ វានឹងអាចឱ្យធនាគារផ្តល់ប្រាក់កម្ចីកាន់តែច្រើន ដល់វិស័យកសិកម្មនៅក្នុងឧស្សាហកម្ម៕