ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន មានប្រសាសន៍ថា »ក្នុងឆ្នាំ២០១៩ កន្លងមកនេះ សមត្ថកិច្ចអនុវត្តច្បាប់បង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ៩.៨០៦ករណី (កើនឡើងប្រមាណ២២,៥៤%) ឃាត់ខ្លួនជនសង្ស័យបានចំនួន ២០.៤៩០នាក់(កើនឡើងប្រមាណ ២៤,៥៤%) ចាប់យកគ្រឿងញៀនគ្រប់ប្រភេទបានចំនួន ៧៥០គីឡូក្រាម (កើនឡើងប្រមាណ៣៩,៩៦%)»។ ឯកឧត្តមបន្ដថា« ព្រមទាំងបានបង្កក និងរឹបអូសនូវអចលន និងចលនវត្ថុជាសម្ភារ និងថវិកាពាក់ព័ន្ធមួយចំនួនទៀត ក្នុងនោះ បង្ក្រាបបានករណីធំៗ ចំនួន៦១ករណី ដែលមានជនសង្ស័យចំនួន១៤០នាក់ ជនបរទេស៥៤នាក់ មេក្លោងចំនួន២៧នាក់ និងបក្សពួកពាកព័ន្ធ ១១៣នាក់»។
យោងតាមការលើកនូវរបាយការណ៍ពីសំណាក់ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ បានបង្ហាញថា ទាំងចំនួនបទល្មើស ទាំងចំនួនជនសង្ស័យ និងទំងន់នៃគ្រឿងញៀនដែលចាប់បាន សុទ្ធតែ មានការកើនឡើង តែឯកឧត្តម មិនបានបញ្ជាក់ថាមកពីមូលហេតុអ្វីនោះទេ ខណៈដែលកន្លងទៅ នៅក្នុងពិធីនានាសម្តេច ស ខេង តែងលើកឡើងនូវការប្តេជ្ញាលុបបំបាត់នូវគ្រឿងញៀនគ្រប់ប្រភេទ៕