យោងតាមប្រកាសព័ត៌មានរបស់ក្រុមហ៊ុន អាកាសចរណ៍ Emirates ជើងហោះហើរសម្ពោធពីទីក្រុងឌូបៃ អារ៉ាប់រួម មកកាន់រាជធានីភ្នំពេញ នឹងមកដល់នៅវេលាម៉ោង ៩ និង ២៥នាទីយប់។ ជើងហោះហើរនេះ មិនមែនហោះត្រង់ទេ ដោយត្រូវចុះចតនៅទីក្រុងយ៉ង់ហ្គោន សហភាពមីយ៉ាន់ម៉ា រួចទើបបន្តមករាជធានីភ្នំពេញ។
ពេលវេលានៃជើងហោះហើរលេខ EK388 នឹងមានការភ្ជាប់ទៅនឹងជើងហោះហើរមួយចំនួនរបស់សហគមន៍អឺរ៉ុប ដូចជា ទីក្រុងប៉ារីស ទីក្រុងឡុងដ៍ និងទីក្រុងហ្វ្រ៊ែងហ្វឺត ជាដើម។
ការហោះហើរពីទីក្រុងឌូបៃ មករាជធានីភ្នំពេញនេះ នឹងកើតឡើងស្របគ្នានឹងការចាប់ផ្ដើមហោះហើរត្រង់ទៅមក ទីក្រុងឌូបៃ និងទីក្រុងហាណូយ ប្រទេសវៀតណាមផងដែរ។
ប៉ុន្មានជាងមួយទសវត្សរ៍ចុងក្រោយនេះ ការអភិវឌ្ឍនិងរីកចម្រើនវិស័យហេដ្ឋារចនាសម្ព័ន្ធបានប្រែក្លាយរាជធានីភ្នំពេញទៅជាទិសដៅសំខាន់សម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច។
វិស័យទេសចរណ៍កម្ពុជាកើនឡើងគួរឲ្យកត់សម្គាល់ប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្នុងឆ្នាំ២០១៦ ទេសចរបរទេសដែលមកទស្សនាកម្ពុជា មានជាង ៥លាននាក់ ហើយនៅមុនឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរបរទេសប្រមាណ ៨លាននាក់។
ការបន្ថែមជើងហោះហើរថ្មីទៀតពីប្រទេសមហាសេដ្ឋីប្រេងអារ៉ាប់រួម ត្រូវគេរំពឹងថា នឹងជួយជំរុញកំណើនទេសចរបរទេសបន្ថែមទៀត ជាពិសេស ទេសចរមកពីអារ៉ាប់៕