ហេដ្ឋារចនាសម្ព័ន្ធ

ឌូបៃ គ្រោងសង់ប្រាសាទពីរ៉ាមីតសម័យទំនើបដ៏អស្ចារ្យ ដែលអាចផ្ទុកមនុស្សបាន១លាននាក់


ប្រាសាទពីរ៉ាមីតសម័យបុរាណក្នុងប្រទេសអេហ្ស៊ីប មានកេរ្ដិ៍ឈ្មោះល្បីរន្ទឺពេញពិភពលោកដោយសារវាមានអាយុកាលរហូតដល់ជាង៤ពាន់៦រយឆ្នាំហើយគិតមកទល់ពេលនេះ ហើយនៅតែអាចឈរយ៉ាងរឹងមាំ ដែលឆ្លុះបញ្ចាំងពីកំពូលស្ថាបត្យកម្ម ដ៏អស្ចារ្យនាសម័យកាលនោះ ហើយពេលនេះទីក្រុងឌូបៃ គ្រោងសាងសង់មហាប្រាសាទពីរ៉ាតមីតសម័យទំនើបដ៏ធំអស្ចារ្យមួយ ដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅ១លាននាក់។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

យោងតាមការចុះផ្សាយរបស់វេបសាយ Greekreporter កាលពីថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា បានឱ្យដឹងថា ទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម គ្រោងសាងសងមហាប្រាសាទពីរ៉ាមីតសម័យទំនើបដ៏ធំស្កឹមស្កៃអស្ចារ្យមួយមានឈ្មោះថា ហ្ស៊ីកហ្គូរ៉ាត ពីរ៉ាមីត (Ziggurat Pyramid) ដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅ១លាននាក់។ នៅពេលសាងសង់បញ្ចប់ជាស្ថាពរ មហាប្រាសាទពីរ៉ាមីតសម័យទំនើបនេះ នឹងមានកម្ពស់រហូតដល់ទៅ១ពាន់២រយម៉ែត្រ និងមានផ្ទៃសរុបប្រមាណ២,៣គីឡូម៉ែត្រការ៉េ។

គម្រោងមហាប្រាសាទពីរ៉ាមីតនេះត្រូវបានប្រកាសតាំងពីឆ្នាំ២០០៨ មកម៉្លេះ ហើយប្រសិនបើគម្រោងនេះលេចចេញជារូបរាងក្លាយជាការពិតមែននោះ វានឹងមានទំហំធំជាង និងស្អាតជាងមហាប្រាសាទពីរ៉ាមីត ហ្គីហ្សា (Great Pyramid of Giza) ដែលជាពីរ៉ាមីតសម័យបុរាណធំបំផុតនៅក្នុងប្រទេសអេហ្ស៊ីបទៅទៀត ខណៈប្រាសាទពីរ៉ាមីតសម័យបុរាណនេះមានកម្ពស់ត្រឹមតែជាង១៣៨ម៉ែត្រ និងមានផ្ទៃបាតប្រមាណ២៣០ម៉ែត្រការ៉េប៉ុណ្ណោះ។

គម្រោងមហាប្រាសាទពីរ៉ាមីតសម័យទំនើបនេះ ត្រូវបានរចនាប្លង់ឡើងដោយយកលំនាំតាមប្រាសាទពីរ៉ាមីតសម័យបុរាណរបស់អេហ្ស៊ីប និងម៉ាយ៉ាន (Mayan)។ ក្រុមហ៊ុននៅពីក្រោយការឌីហ្សាញប្លង់មហាប្រាសាទពីរ៉ាមីតនេះមានឈ្មោះថា Timelinks ដែលប្រមូលផ្ដុំដោយក្រុមអ្នកធ្វើប្លង់ទីក្រុង អ្នកវិទ្យាសាស្ត្រ និងស្ថាបត្យករ។ បើតាមការអះអាង ប្រាសាទពីរ៉ាមីតនឹងមិនបញ្ចេញឧស្ម័នកាបូនិចឡើយ ព្រោះអ្វីៗនៅក្នុងប្រាសាទនេះរាប់ចាប់ពីអំពូលភ្លើងដល់គ្រឿងបរិក្ខារប្រើប្រាស់ផ្សេងៗ នឹងដំណើរការដោយប្រភពថាមពលកកើតឡើងវិញដែលបានពីសូឡា និងទួប៊ីនខ្យល់។

មហាប្រាសាទពីរ៉ាមីតនេះក៏នឹងមានប្រព័ន្ធដឹកជញ្ជូនសាធារណៈផ្ទាល់ខ្លួនផងដែរ ក្នុងគោលបំណងលុបបំបាត់ការប្រើប្រាស់រថយន្តក្នុងប្រាសាទនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថាន។ មហាប្រាសាទពីរ៉ាមីតសម័យទំនើបដែលមានកម្ពស់៣០០ជាន់នេះ គឺជាអគារពហុបំណងដែលនឹងមានលំនៅឋាន កន្លែងពាណិជ្ជកម្ម និងកន្លែងកម្សាន្ត។

លោក រីដាស ម៉ាតូនីស (Ridas Matonis) នាយកគ្រប់គ្រងក្រុមហ៊ុន Timelinks បានប្រាប់វេបសាយ ហ្វ្លាស់ស៊ី ឌូបៃ (Flashy Dubai) ថា សហគមន៍រស់នៅក្នុងមហាប្រាសាទពីរ៉ាមីតនេះនឹងមានថាមពលស្អាតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនស្ទើរទាំងស្រុង ហើយក៏នឹងបំពាក់

បច្ចេកវិទ្យាសម្គាល់មុខផងដែរ ដើម្បីការពារសន្ដិសុខ។ ទោះជាយ៉ាងណា គ្មានការបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់សម្រាប់ការចាប់ផ្ដើម និងការបញ្ចប់ការសាងសង់ ព្រមទាំងទំហំទុនវិនយោគសម្រាប់គម្រោងខ្នាតយក្សនេះនៅឡើយទេ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជាកើនឡើងយ៉ាងគំហុក ក្រោយការដឹកជញ្ជូនតាមផ្លូវទឹករងការរំខាន

ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានអះអាងថា ក្រោយតម្លៃដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបហក់ឡើងទ្វេដង និងចំណាយពេលយូរជា…

Bitcoin កំពុងអុកឡុកទីផ្សារជួញដូរពិភពលោក ក្រោយតម្លៃរបស់វាហក់ឡើងខ្ពស់កប់ពពក

តម្លៃនៃការជូញដូរនូវឧបករណ៍ទូទាត់ថ្មីមួយនៅលើពិភពលោក ដែលគេស្គាល់ថា Bitcoin បានឡើងថ្លៃជាបន្តបន្ទាប់ជិតដល់កម្រិតមួយខ្ពស់បំផុត ដោយ ១ Bitco…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ