សៀមរាប-​មហោស្រព​អាណាចក្រ​អង្គរ

មហា​សេដ្ឋី​"អាត់កឺ" ពុង ឃាវ​សែ បោះ​ទុន​វិនិយោគ​ជាមួយ​ចិន សាងសង់​អាណាចក្រ​អង្គរ​នៅ​​សៀមរាប


មហា​សេដ្ឋី​ឧកញ៉ា ពុង ឃាវ​សែ ដែល​មហាជន​ដាក់​រហ័ស​នាម​ឲ្យ​ថា តារា​ជំនួញ"អាត់កឺ" នៅ​កម្ពុជា បាន​បោះទុន​វិនិយោគ​រួម​គ្នា​ជាមួយ​នឹង​ភាគី​ចិន ក្នុង​ការ​វិនិយោគ​សាងសង់​សាល​មហោស្រព​ដ៏​ធំ​​ជាង​គេ នៅ​ចំ​​កណ្តាល​បេះដូង​ខេត្ត​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ សៀមរាប ដែល​មាន​ឈ្មោះ​ថា អាណាចក្រអង្គរ។ អាណាចក្រ​អង្គរ​នេះ វិនិយោគ​អស់​ទឹក​ប្រាក់​ប្រមាណ ២២០​លាន​យ៉ន់ ស្មើ​នឹង​ប្រមាណ​ជាង ៣៣​លាន​ដុល្លារ​​អាមេរិក។
រូបភាព​ពី​ខាង​ក្រៅ​នៃ​មហោស្រព​អាណាចក្រ​អង្គរ ដែល​សង់​ដោយ​ការ​វិនិយោគ​រួម​គ្នា​រវាង​​អ្នក​ឧកញ៉ា ពុង ឃាវសែ និង​វិនិយោគិន​ចិន។
ដោយ

សាល​មហោស្រព​អាណាចក្រ​អង្គរ​នេះ ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​សម្ព័ន្ធ​កាណាឌីយ៉ា និង កាហេង អិនធើណេសិនណល។ សាល​មហោស្រព​នេះ នឹង​លើក​យក​រឿង​កំណត់ត្រា​ប្រវត្តិ​សាស្ត្រ​ធ្វើ​ជា​ឆាក​សម្តែង ក្នុង​​សម័យ​អាណាចក្រ​អង្គ​ធ្វើ​ជា​ស្នូល ដោយ​បញ្ចូល​ក្នុង​ឆាក​សម្តែង ដូចជា ការ​ធ្វើ​អាជីវកម្ម ទីកន្លែង​កម្សាន្ត ភោជនីយដ្ឋាន ចំណុះ​ភ្ញៀវ​ទស្សនា​បាន​ជាង ១​ពាន់​នាក់។

អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​សម្ព័ន្ធ កាណាឌីយ៉ា បាន​បញ្ជាក់​អះអាង​ថា មហោស្រព​នេះ​ជា​និមិត្តរូប​ថ្មី​មួយ​របស់​ប្រទេស​កម្ពុជា ដោយ​នឹង​លើក​ស្ទួយ​កិត្យានុភាព ទីក្រុង​សៀមរាប ឲ្យ​​កាន់​តែ​ល្បី​ល្បាញ និង​ចូលរួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​កាន់​តែ​ច្រើន​ថែមទៀត ពិសេស ភ្ញៀវ​ទេសចរ​ចិន។

អ្នក​ឧកញ៉ា​បន្ត​ថា ការ​វិនិយោគ​សាល​មហោស្រព​អាណាចក្រ​អង្គរ ដែល​ដាក់​ឲ្យ​ដំណើរការ​នា​ពេល​នេះ វា​ស្រប​ទៅ​នឹង​យុទ្ធសាស្រ្ត​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ របស់​ចិន កាល​ពី​៣​ឆ្នាំ​មុន។ ហើយ​ការ​សាងសង់​សាល​​មហោស្រព​ដ៏​ធំ​អស្ចារ្យ​នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ទេសចរណ៍​អន្តរជាតិ​ចូល​មក​ទស្សនា​កម្ពុជា​កើន​ជា​រៀងរាល់​ឆ្នាំ។ ហើយ​ជា​ពិសេស​ថែមទៀត​នោះ មហោស្រព​នេះ សង់​ឡើង​ដើម្បី​ទទួល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​ខ្មែរ ស្ថិត​នៅ​ក្នុង​តំបន់​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្រ្ត ក្នុង​ខេត្ត​សៀមរាប ខណៈ​នៅ​ឆ្នាំ​២០២០​ខាង​មុខ ទេសចរ​ចិន​ចេញ ​ក្រៅ​ប្រទេស​ ត្រូវ​គេ​ប៉ាន់​ប្រមាណថា នឹង​កើន​ដល់​២០០​លាន​​នាក់។

អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​សម្ព័ន្ធ កាណាឌីយ៉ា

លោក Zhou Xiao Heng ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ជៀរហ៊ឹង បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ថា ការ​បើក​ឲ្យ​ដំណើរការ​អាណាចក្រ​អង្គរ​នេះ លោក​នឹង​ធ្វើការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ ទៅ​ទីផ្សារ​អន្តរជាតិ និង​ប្រទេស​ចិន ដោយ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​ចិន​ដើម្បី​នាំ​ភ្ញៀវ​ទេសចរ​ពី​ចិន​មក​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​នេះ។

លោក​បន្ត​ថា ទីផ្សារ​ចិន​គឺ​ជា​ទីផ្សារ​ដ៏​ធំ ដែល​មាន​ប្រជាជន​រហូត ១​ពាន់ ៤០០​លាន​នាក់ ហើយ​លោក​ជឿ​ជាក់​ថា ឆ្លង​តាម​រយៈ​សាល​មហោស្រព​នេះ នឹង​អាច​នាំ​ភ្ញៀវ​ទេសចរ​ពី​ចិន​មក​កម្ពុជា​កើន​ឡើង​ជាង​មុន និង​​មាន​ល្បឿន​លឿន​ជាង​មុន។

សៀមរាប​ជា​ខេត្ត​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា ដែល​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន និង​មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ មក​ទស្សនា​ប្រាង្គ​ប្រាសាទ​ខ្មែរ ដែល​ជា​​សម្បតិ្ត​បេតិក​ភណ្ឌ​ជាតិ។ 

ក្រុម​របាំ​និង​សិល្បករ​ខ្មែរ​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​អ្នក​ឧកញ៉ា ពុង ឃាវសែ និង​វិនិយោគិន​ចិន។

ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា បច្ចុប្បន្ន ពិភព​លោក​កំពុង​សម្លឹង​មើល​និង​ចាត់​ទុក​វិស័យ​ទេសចរណ៍​ជា​ក្បាល​ម៉ាស៊ីន​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​មួយ​យ៉ាង​ធំ គឺ​វិស័យ​ទេសចរណ៍​នេះ​ហើយ។ 

ឯក​ឧត្តម​ថា នៅក្នុង​ឆ្នាំ​២០៣០ ទេសចរ​អន្តរជាតិ​ដើរ​ជុំវិញ​សកល​លោក​នឹង​មាន​ចំនួន​ដល់​ទៅ ១​ពាន់​៨០០​លាន​នាក់ ខណៈ​បច្ចុប្បន្ន ចំនួន​ភ្ញៀវ​មាន ១​ពាន់​២០០​លាន​នាក់។ ក្នុង​នោះ ចិន​ជា​ទីផ្សារ​មួយ​ដ៏​ធំ​ដែល​បាន​​បញ្ចេញ​ទេសចរ​របស់​ខ្លួន​ទៅ​កាន់​ពិភព​លោក រាប់​លាន​នាក់​ដែល​កាល​ពី​ឆ្នាំ​ទៅ​មិញ ភ្ញៀវ​ចិន​មាន​រហូត ១២០​លាន​នាក់ និង​បាន​ចំណាយ​រហូត​១២០​ប៊ីលាន​ដុល្លារ និង​ឆ្នាំ​២០២០ គេ​រំពឹង​ថា ភ្ញៀវ​ចិន​ដើរ​ចេញ​ក្រៅ​ប្រទេស​មិន​តិច​ជាង ២០០​លាន​នាក់​ឡើយ។

ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន អង្គការ​ទេសចរណ៍​ពិភព​លោក​បាន​គូស​បញ្ជាក់​ប្រាប់​កម្ពុជា ថា ត្រូវ​ត្រៀម​យុទ្ធសាស្រ្ត​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន​បន្ថែម បើ​ទោះ​បី​ជា​បច្ចុប្បន្ន កម្ពុជា​យើង​បាន​ត្រៀម​ខ្លួន​ខ្លះៗ​ហើយ​ក៏​​ដោយ ព្រោះ​នៅ​ថ្ងៃ​អនាគត ក្នុង​ចំណោម ១​ពាន់​៨០០​លាន​នាក់ ចិន​នឹង​ក្លាយ​ជា​ទីផ្សារ​ធំ​ជាង​គេ៕

None



អត្ថបទបន្ទាប់


៩​ខែ​ឆ្នាំ​នេះ ការ​​នាំ​ចេញ​ជ័រ​កៅស៊ូ​របស់​កម្ពុជា​​​កើន​ឡើង​៣៣%

គិត​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​ជ័រ​កៅស៊ូ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជាង ១១ម៉ឺន ៤​ពាន់​តោន ដែល​ចំនួន​នេះ…

សហភាព​អឺរ៉ុប​ពិន័យ"​កាតលឿង"ដល់​វៀតណាម លើ​រឿង​នេសាទ​ខុស​ច្បាប់

សហភាពអឺរ៉ុប នាសប្ដាហ៍​នេះ បាននិយាយថា ខ្លួន​បាន​ឲ្យ​"កាត​លឿង" ដល់​ប្រទេស​វៀតណាម ដោយ​ព្រមាន​ថា ខ្លួន​អាច​នឹង​ដាក់​បម្រាម​លើ​ការ​នាំចូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ