
ថ្លែងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូ អំពីទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា និងផែនការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា មានអភិក្រមចំនួន ៣ ដែលត្រូវផ្ដោត ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ នៅក្រោយវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ រួមមាន៖
ទី១, យុទ្ធសាស្ត្រដើម្បីរស់ (Survival) ៖ ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចផង និងដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផង ព្រមទាំងដើម្បីរក្សាលំនឹងជីវភាពប្រជាជន និងអាជីវកម្ម និងធុរកិច្ច ពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងក្នុងវិស័យថ្មីៗដែលមានសក្តានុពល ព្រមទាំងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងការជំរុញការប្រើប្រាស់ និងការចំណាយក្នុងស្រុក។ នៅក្នុងក្របខណ្ឌនេះ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តនូវរាល់កម្មវិធីជំនួយសង្គមនានាដែលមានស្រាប់ ក៏ដូចជាបន្តនូវអន្តរាគមន៍ផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជាការបន្តអនុវត្តនូវកម្មវិធីសាច់ប្រាក់ពលកម្មជាដើម។
ទី២.ការកែទម្រង់ (Reform) សំដៅពន្លឿនការធ្វើពិពិធកម្ម ទាំងផ្នែកផលិតកម្ម សេវាកម្ម និងទីផ្សារ ព្រមទាំងការលើកកម្ពស់ភាពប្រកួតប្រជែង
ដោយផ្ដោតលើការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម
ការវិនិយោគ និងធុរកិច្ច ព្រមទាំងការជំរុញ និងអភិវឌ្ឍឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច
ក្នុងគោលដៅប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ឱ្យក្លាយទៅជាឱកាស។
ទី៣. ការកសាងភាពធន់ (Resilience) ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន,
ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យគន្លឹះ, ការបង្កើនការអភិវឌ្ឍធនធានមនុស្ស, ការពង្រឹងប្រព័ន្ធគាំពារសង្គម
និងប្រព័ន្ធសុខាភិបាល, ការធានាធនធានក្នុងស្រុកគ្រប់គ្រាន់
ដោយការបង្កើនលំហរថវិកា, ការធានាភាពធន់ក្នុងវិស័យហិរញ្ញវត្ថុ
តាមការអភិវឌ្ឍយន្តការឆ្លើយតបទៅនឹងវិបត្តិ និងការបង្កើនប្រភពហិរញ្ញប្បទានក្នុងស្រុក
(ដូចជា ការបោះផ្សាយមូលបត្ររដ្ឋ), ការកាត់បន្ថយភាពពឹងផ្អែកខ្លាំងលើកត្តាខាងក្រៅ
ដោយការជំរុញការធ្វើពិពិធកម្ម និងការពង្រឹងភាពប្រកួតប្រជែង និងការកសាងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុករឹងមាំ,
ព្រមទាំងការលើកកម្ពស់ការអភិវឌ្ឍបៃតង (Green Growth) ដែលធានាតុល្យភាពរវាងតម្រូវការអភិវឌ្ឍ និងការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ
ជាដើម។

គួរបញ្ជាក់ផងដែរថា កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២០ ត្រូវបានវាយតម្លៃថា អាចនឹងធ្លាក់មកក្នុងអត្រា -៤,៤% ដោយសារការដាក់ចេញនូវវិធានការនានាសំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្អាក់ និងដាក់សម្ពាធយ៉ាងខ្លាំងដល់ដំណើរការសេដ្ឋកិច្ចសកល ទាំងលើសកម្មភាពផលិតកម្ម, ការប្រើប្រាស់ និងការវិនិយោគ។ យ៉ាងណាមិញ កំណើនត្រូវបានរំពឹងថានឹងងើបឡើងវិញមកក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ ២០២១ ក្រោមការរំពឹងទុកថា វ៉ាក់សាំងជំងឺកូវីដ-១៩ នឹងត្រូវបានចាប់ផ្តើមចែកចាយក្នុងឆ្នាំ ២០២១ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចបន្តងើបឡើងវិញជាបណ្តើរៗ។ ទោះជាយ៉ាងនេះក្តី ការព្យាករថា កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២១ នឹងងើបឡើងវិញនេះ ស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ ព្រមទាំងអាស្រ័យស្ទើរតែទាំងស្រុងលើប្រសិទ្ធភាព និងលទ្ធភាពក្នុងការចែកចាយវ៉ាក់សាំងកូវីដ-១៩។
ស្របគ្នាទៅនឹងនិន្នាការសកលនេះ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ ក៏បានទទួលរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ។ តាមការវាយតម្លៃចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ អាចមានកំណើនទាបជាងការព្យាករកាលពីពាក់កណ្តាលឆ្នាំ ដែលឆ្លុះបញ្ចាំងតាមរយៈការធ្លាក់ចុះជាងការរំពឹងទុកនៃវិស័យកាត់ដេរ, វិស័យកសិកម្ម និងការធ្លាក់ចុះខ្លាំងនៃវិស័យទេសចរណ៍ ស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានប៉ាន់ស្មានថា នឹងទទួលរងផលប៉ះទង្គិចតិចជាងការរំពឹងទុកបន្តិច។ ទន្ទឹមនេះ វិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានរំពឹងថានឹងអាចរក្សាបានកំណើនល្អប្រសើរ។ គួរឱ្យកត់សម្គាល់ផងដែរ វិស័យហិរញ្ញវត្ថុទាំងធនាគារ និងមិនមែនធនាគារនៅរក្សាបានស្ថិរភាព និងពុំមានសញ្ញាណប្រែប្រួលគួរឱ្យកត់សម្គាល់ឡើយ។ ក្នុងឆ្នាំ ២០២១, សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងងើបឡើងវិញ ក្រោមការរំពឹងទុកការកើនឡើងសន្សឹមៗនៃវិស័យគាំទ្រ និងប្រសិទ្ធភាពនៃការដាក់ចេញវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។