ស្ថានប័ន Goldman Sachs នៅដើមសប្តាហ៍នេះបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចអាមេរិកសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ពីកំណើន ៣% មកត្រឹម២% និងបន្ទាប់កំណើននៅត្រីមាសទី២ ពី ៣,៥% មកនៅត្រឹម ៣%វិញ រីឯកំណើននៅត្រីមាសទី៣ក៏ត្រូវបានបន្ទាបពី៣% មកនៅត្រឹមជាង២,៧%ផងដែរ។
ការកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចអាមេរិកនេះ ធ្វើឡើងបន្ទាប់ពី សមាជិកព្រឹទ្ធសភាអាមេ រិក លោក ចូ មែនឈីន(Joe Manchin) ដែលជាមនុស្សសំខាន់មួយរូបក្នុងព្រឹទ្ធសភាអាមេរិក បានបញ្ចប់ការគាំទ្រលើគម្រោងចំណាយ របស់លោកចូ បៃឌិន ដែលមានឈ្មោះថា Build Back Better ក្នុងតម្លៃជាង ១,៧ទ្រីលានដុល្លារ ដែលកំពុងធ្វើឲ្យគេបារម្ភថា វាធ្វើឲ្យព្រឹទ្ធសភាពិបាកក្នុងការអនុម័តគម្រោងចំណាយដ៏ច្រើននេះ។ គម្រោងចំណាយដ៏មហិមានេះ នឹងឈានទៅពង្រីកប្រព័ន្ធសុវត្ថិភាពសង្គម ដោះស្រាយបញ្ហាអាកាសធាតុ និងដោះស្រាយវិបត្តិកូវីដ១៩ ជាដើម។
លោក ម៉ាក ហ្សេនឌី (Mark Zandi) សេដ្ឋវិទូមកពីស្ថានប័ន Goldman Sachs បានសរសេរ លើបណ្តាញ Twitter របស់លោកថា៖ ប្រសិនបើគម្រោង Build Back Better មិនត្រូវបានអនុម័តនោះទេ ការងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក និងស្ថិតក្នុងភាពផុយស្រួយ ហើយបើអាមេរិករងគ្រោះពី រលកឆ្លងកូវីដ១៩ អូមីក្រុងខ្លាំងក្លាថែមទៀតនោះ វានឹងរឹតតែគ្រោះថ្នាក់ថែមទៀត។
ជាក់ស្តែង អាជ្ញាធរសុខាភិបាលអាមេរិក បានឲ្យដឹងនៅដើមសប្តាហ៍នេះថា កូវីដ១៩ អូមីក្រុង បាននាំមុខមេរោគបំប្លែងខ្លួនផ្សេងទៀត ហើយបានក្លាយជាប្រភេទដែល លេចធ្លោជាងគេក្នុងចំណោមមេរោគបំប្លែងខ្លួនទាំងអស់ ដែលមានវត្តមានក្នុងសហរដ្ឋអាមេរិក។ គិតត្រឹមដើមសប្តាហ៍នេះ អូមីក្រុងតំណាងឲ្យជាង ៧៣% នៃករណីឆ្លងថ្មីៗនៅអាមេរិក ខណៈដែលនៅក្រុងញូវយ៉កតែឯងប៉ុណ្ណោះ មានករណីអូមីក្រុងជាង ៩០%ក្នុងចំណោមករណីទូទៅដែលបានរកឃើញ។ នេះបើតាមការចុះផ្សាយដោយរ៉យទ័រ៕