ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គនាយកអគ្គិសនីកម្ពុជាបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន និង លោកស្រី ហារូកូ កាម៉ី ប្រធានអង្គការ JICA ប្រចាំកម្ពុជា សន្យាបន្តជួយផ្តល់ជំនួយ និងហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាបដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍លើវិស័យថាមពលអគ្គិសនី។ លើសពីនេះថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញឆន្ទៈចង់ចូលរួមចំណែកជួយអភិវឌ្ឍន៍គម្រោងថាមពលអគ្គិសនីថ្មីៗ នៅកម្ពុជាផងដែរ។
អគ្គនាយកអគ្គិសនីកម្ពុជារូបនេះបានគូសបញ្ជាក់ថា ជប៉ុននឹងណែនាំឲ្យក្រុមហ៊ុនផលិតថាមពលអគ្គិសនីធំៗនៅប្រទេសជប៉ុនឲ្យមករួមចំណែកជួយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជាក្នុងករណីកម្ពុជាមានតម្រូវការ និងត្រូវការឲ្យខ្លួនជួយនាពេលខាងមុខ។ ប៉ុន្តែបើតាមឯកឧត្តម កែវ រតនៈ បច្ចុប្បន្នកម្ពុជាមិនទាន់មានតម្រូវការលើការអភិវឌ្ឍន៍គម្រោងថាមពលអគ្គិសនីថ្មីបន្ថែមទៀតនោះទេ ពោលគឺកម្ពុជានៅមានគម្រោងផលិតថាមពលអគ្គិសនីមួយចំនួន ដែលកំពុងសាងសង់នៅឡើយ។
ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា បានអះអាងទៀតថា បច្ចុប្បន្នកម្ពុជាមានថាមពលអគ្គិសនីគ្រប់គ្រាន់ក្នុងការផ្តត់ផ្គង់តម្រូវការប្រើប្រាស់លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្មនិងសិប្បកម្ម ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទោះបីវិស័យថាមពលអគ្គិសនីកម្ពុជាបានរងឥទ្ធិពលពីវិបត្តិថាមពលសកលក៏ដោយ។ ថាមពលអគ្គិសនីដែលប្រើប្រាស់នៅកម្ពុជាបច្ចុប្បន្ន ភាគច្រើនផលិតនៅក្នុងស្រុក និង នាំចូលពីប្រទេសវៀតណាម ថៃ និងឡាវ។
បើយើងតាមរបាយការរបស់ក្រសួងរ៉ែ និងថាមពលនៅឆ្នាំ២០២០ កម្ពុជាអាចផលិតកកើតឡើងវិញ និង មិនកកើតឡើងបានជិត ៣ពាន់មេកាវ៉ាត់ និង នាំចូលពីក្រៅប្រទេសជិត១ពាន់មេកាវ៉ាត់។ នៅឆ្នាំ២០២១ រោងចក្រនៅកម្ពុជាអាចផលិតថាមពលបានចំនួនជាង៣ពាន់មេកាវ៉ាត់ និងគ្រោងនាំចូលពីក្រៅប្រទេសជិត១ពាន់មេកាវ៉ាត់៕