តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla នៅពេលបិទការជួញដូរកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បានហក់កើនឡើង ១៤% នៅក្រោយប៉ុន្មានម៉ោង នៃការប្រកាសរបស់ក្រុមហ៊ុនអំពីផែនការចូលផ្សារភាគហ៊ុន S&P 500។
លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុនទាំងពីរ គឺ Tesla និង SpaceX ត្រូវបានគេកត់សម្គាល់ឃើញថា ទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានកើនឡើងដល់ ១១៧,៥ ពាន់លានដុល្លារអាមេរិក គិតត្រឹមល្ងាចថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា។ នេះបើតាមសន្ទស្សន៍ពី Bloomberg Billionaires Index។ ប្រាក់ចំណូលរបស់គាត់នៅឆ្នាំនេះ មានដល់ទៅ ៩០ពាន់លានដុល្លារ ដែលមានកំណើនខ្ពស់បំផុតក្នុងចំណោមបញ្ជីឈ្មោះមហាសេដ្ឋីប្រាក់ពាន់លានដុល្លារចំនួន ៥០០នាក់។
កំណើនទ្រព្យសម្បត្តិចុងក្រោយរបស់ Musk នាពេលនេះ បង្ហាញឲ្យឃើញថា គាត់នឹងនាំមុខលោក Zuckerberg ដែលមានទ្រព្យសម្បត្តិសុទ្ធ ១០៦ពាន់លានដុល្លារអាមេរិក នាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន Tesla ដែលមានមូលធននីយកម្មទីផ្សារ ៤០០ពាន់លានដុល្លារនោះ បានបំពេញតាមតម្រូវការក្នុងការចុះបញ្ជីក្នុងផ្សារភាគហ៊ុនរួចរាល់ហើយ និងគ្រោងចូលរួមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានតម្លៃបំផុតទាំង ១០ នៅក្នុងថ្ងៃទី ២១ ខែធ្នូឆ្នាំ២០២០។
ក្នុងចំណោមលក្ខខណ្ឌតម្រូវក្នុងការចូលទៅក្នុងផ្សារភាគហ៊ុន S&P 500 ក្រុមហ៊ុនទាំងអស់ត្រូវតែមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក និងមានមូលធនទីផ្សារយ៉ាងហោចណាស់ ៨,២ ពាន់លានដុល្លារអាមេរិក, មានទុនបម្រុងខ្ពស់ មួយវិញទៀតនោះ គឺយ៉ាងហោចណាស់មានពាក់កណ្ដាលនៃភាគហ៊ុនរបស់ក្រុមហ៊ុននោះ អាចបោះផ្សាយជាសាធារណៈបាន និងមានប្រាក់ចំណេញ៤ត្រីមាសជាបន្ដបន្ទាប់៕