ក្រុមហ៊ុនអាកាសចរណ៍ Emirates
ដែលបើកដំណើរការហោះហើរទៅមកពីទីក្រុងឌូប៉ៃ មកកាន់កម្ពុជា ក្នុងរយៈពេល
២ឆ្នាំមកនេះ ទទួលបានអ្នកដំណើរប្រមាណ ១៣ម៉ឺននាក់។ ហើយថ្មីៗនេះទៀតសោត ក្រុមហ៊ុនក៏ទើបតែតភ្ជាប់ជើងហោះហើរ
ភ្នំពេញ ឌូបៃ តាមរយៈទីក្រុងបាងកក មួយបន្ថែមទៀត ជំនួសឲ្យជើងហោះហើរឈប់សំចតនៅទីក្រុងយ៉ាំងហ្គនដែលមានកន្លងមក។ ពោលគឺ ក្រុមហ៊ុននេះ លែងមានជើងហោះហើរទៅមកភ្នំពេញ-ឌូបៃ តាមរយៈទីក្រុងយ៉ាំងហ្គនទៀតហើយ។
ទោះយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បញ្ជាក់ថា ការហោះហើរត្រង់ទៅមកទីក្រុង ឌូបៃ-យ៉ាំងហ្គន នៅតែបន្ដ ដែលមាន ៤ជើង ក្នុងមួយសប្ដាហ៍។
ការតភ្ជាប់ជើងហោះហើរថ្មី ភ្នំពេញ ឌូប៉ៃ តាមរយៈទីក្រុងបាងកករបស់ក្រុមហ៊ុន Emirates នេះ ក៏មានផ្ដល់នូវប្រភេទកៅអី ថ្នាក់ដំបូង ឬហៅថា First Class ដែលវាគឺជាប្រភេទកៅអីអ្នកដំណើរលំដាប់ខ្ពស់បំផុតនិងដំបូងគេសម្រាប់ការហោះហើរចេញពីកម្ពុជាទៅកាន់បរទេស។
លោក អាប់ឌូឡា អែតណែន នាយកគ្រប់គ្រងពាណិជ្ជកម្មក្រុមហ៊ុន Emirates បានឲ្យដឹងថា ការពង្រីកការតភ្ជាប់ជើងហោះហើរថ្មី ជាមួយនឹងការផ្ដល់ជូនសេវាកៅអីប្រភេទ First Class ដំបូងគេនេះ គឺដោយសារតែក្រុមហ៊ុនកត់សម្គាល់ឃើញពីកំណើន នៃតម្រូវការធ្វើដំណើរ មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។
លោក អាប់ឌូឡា បញ្ជាក់ថា កៅអីប្រភេទ First Class នេះ គឺមានផ្ដល់ជូននៅសេវាលក្ខណៈល្អឥតខ្ជោះ សម្រាប់អ្នកដំណើរ ដែលវាជាបទពិសោធន៍មួយថ្មីសម្រាប់អ្នកធ្វើដំណើរដែលចង់សាកល្បងកៅអីយន្ដហោះលំដាប់ខ្ពស់មួយនេះ។ ជាមួយគ្នានេះដែរ កៅអីថ្នាក់ First Class នេះ គឺមានចែកជាពីរប្រភេទ ហើយបើតាមគេហទំព័ររបស់ Emirates បានបញ្ជាក់ថា តម្លៃសំបុត្រសម្រាប់កៅអីថ្នាក់ First Class នេះ សម្រាប់ការធ្វើដំណើរទៅមកភ្នំពេញ ឌូបៃ មានតម្លៃប្រមាណជាង ៦ ពាន់ដុល្លារអាមេរិក សម្រាប់ភ្ញៀវម្នាក់។
កៅអីប្រភេទ Frist Class ពីភ្នំពេញទៅឌូប៉ៃ តាមរយៈទីក្រុងបាងកកនេះ គឺមានតែ៨ កន្លែងប៉ុណ្ណោះ ខណៈកៅអីថ្នាក់ពាណិជ្ជកម្ម ឬហៅថា Business Class មាន ៤២ កន្លែង និងកៅអីថ្នាក់សន្សំសំចៃ មាន ៣១០ កន្លែង។
ក្រៅពីការដឹកអ្នកដំណើរប្រមាណ ជាង ១៣ម៉ឺននាក់ ទៅមកកម្ពុជា ក្នុងរយៈពេល២ឆ្នាំមកនេះ ក្រុមហ៊ុន Emirates ក៏មានដឹកទំនិញចេញចូលប្រហែល ៧ពាន់តោនផងដែរ។
របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០១៩នេះ ចំនួនភ្ញៀវទេសចរដែលបានធ្វើដំណើរមកកាន់កម្ពុជា មានចំនួនជាង ២លាន ១សែននាក់ កើនឡើងជាង៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ខណៈភ្ញៀវទេសចរធ្វើដំណើរចេញពីកម្ពុជាទៅបរទេសវិញមាន ៦៦ ម៉ឺននាក់ កើនឡើងតែជាង ១% ប៉ុណ្ណោះ៕