កម្ពុជា-អឺរ៉ុប-EBA

កម្ពុជា​ថា ការ​សន្ទនា​អំពី EBA មិន​មាន​ប្រទូស្តរ៉ាយ ហើយ​កម្ពុជា​​ដឹង​គុណ​ចំពោះ​ជំនួយ​អឺរ៉ុប


នៅក្នុង​ជំនួប​ជាមួយ​ប្រតិភូ​អឺរ៉ុប​ដែល​មក​បំពេញ​ទស្សនកិច្ច​ជុំវិញ​បញ្ហា​ EBA រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​សម្ដែង​ការ​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហភាព​ដែល​បាន​ជួយ​ដល់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ឲ្យ​ទទួល​នូវ​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​និង​ជំនួយ​ផ្សេងៗ ដែល​មាន​រយៈពេល ២៥​ឆ្នាំ​មក​ហើយ។
គណៈប្រតិភូ​សហភាព​អឺរ៉ុប ដែល​មក​ទស្សនកិច្ច​កម្ពុជា ដើម្បី​ពិភាក្សា​ជាមួយ​កម្ពុជា​ជុំវិញ​បញ្ហា​ការដក EBA។ រូបថត៖ ហ្វេសប៊ុក​ក្រសួង​ការបរទេស​កម្ពុជា
ដោយ

គណៈប្រតិភូ​អឺរ៉ុប​ដែល​មាន​សមាជិក ៤​រូប និង​មួយរូប​ទៀត គឺ​ឯកអគ្គរដ្ឋទូត​អឺរ៉ុប​នៅ​កម្ពុជា បាន​ជួប​ជាមួយ​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋមន្ដ្រី​ការបរទេស លោក ប្រាក់ សុខុន និង​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ នៅ​ថ្ងៃ​ពុធ​នេះ។

លោក ប្រាក់ សុខុន បានមាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​ប្រតិភូ ថា «យើង​ឲ្យ​តម្លៃ​និង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ជំនួយ​របស់​សហភាព​អឺរ៉ុប​សម្រាប់​រយៈពេល​២៥​ឆ្នាំ​ចុង​ក្រោយ​នេះ រួមមាន ​ជំនួយ​និង​កិច្ចសហប្រតិបត្តិការ។»

លោក George Edgar ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​អរគុណ​លោក ប្រាក់ សុខុន និង​បាន​និយាយ​បន្ត​ថា វា​ជា​ការល្អ​ដែល​កម្ពុជា​និង​អឺរ៉ុប​បន្ត​ពិភាក្សា​គ្នា​លើ​បញ្ហា​ផ្សេងៗ។ បន្ទាប់​មក អ្នកសារព័ត៌មាន​ត្រូវ​បាន​គេ​ឲ្យ​ចេញ​ពី​អង្គប្រជុំ។

បន្ទាប់ពី​លើក​ឡើង​ពី​ការព្រួយ​បារម្ភ​អំពី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សហភាព​អឺរ៉ុប​បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ ថា ខ្លួន​ចាប់​ផ្តើម​ដំណើរការ​នីតិ​វិធី​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​កម្មវិធី​អនុគ្រោះ​ពន្ធ EBA។ 

លោក កេត សោផាន់ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស បាន​ប្រាប់​អ្នកសារព័ត៌មាន នៅ​ក្រោយ​ជំនួប​រវាង​លោក ប្រាក់ សុខុន និង​ប្រតិភូ​សហភាព​អឺរ៉ុប​ ថា កិច្ចពិភាក្សា​មាន​លក្ខណៈ​ស្ថាបនា «មិន​មាន​ការ​ប្រទូស្ត​រ៉ាយ​គ្នា»​នោះទេ ហើយ​ថា ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញា​ថា នឹង​រក្សា EBA មិន​ឲ្យ​បាត់បង់​ទេ។ 

ជុំវិញ​ករណី​លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ លោក កេត សោផាន់ បាន​និយាយ​ថា លោក ប្រាក់ សុខុន បាន​ជម្រាប​ប្រតិភូ​អឺរ៉ុប​ថា វា​ជា​រឿង​ពាក់ព័ន្ធ​នឹង​«ផ្នែក​ច្បាប់។»

លោក កេត សោផាន់ បាន​និយាយ​ដូច្នេះ​ថា ៖ «មិន​មាន​ការ​ពិភាក្សា​គ្នា​ឈាន​ទៅរក​ការ​ឯកភាព​គ្នា ឬ​មួយ​ការ​ស្នើ​សុំ​ឲ្យ​ដោះលែង ថា ត្រូវ​ដោះ ឬ​យ៉ាង​ណា​នោះ​ទេ។»

លោក​អ្នកនាំពាក្យ​បាន​​បន្ត​​ថា អាច​នឹង​មាន​ទស្សនកិច្ច​មួយ​ផ្សេង​ទៀត​ពី​​អឺរ៉ុប ដើម្បី​មក​សន្ទនា​ពី​បញ្ហា EBA ជាមួយ​កម្ពុជា នៅ​ខែ​ឧសភា ឬ​ខែ​មិថុនា ខាង​មុខ៕ 




អត្ថបទបន្ទាប់


ប្រតិភូ​អឺរ៉ុប​ចាប់​ផ្តើម​ពិភាក្សា​បញ្ហា EBA ជាមួយ​កម្ពុជា ខណៈ​នាយករដ្ឋមន្រ្តី​ប្រាប់​កម្មករ​កុំ​ឲ្យ​ខ្វល់!

គណៈប្រតិភូ​អឺរ៉ុប​បាន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ ដោយ​មាន​ជំនួប​ជាមួយ​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ…

ការសិក្សាបង្ហាញថា កម្ពុជាគាំទ្រ​ផល​ប្រយោជន៍​ស្នូល​របស់​ចិន​យ៉ាង​ពេញ​ទំហឹង

ការ​សិក្សា​ថ្មី​មួយ​របស់​ស្ថាប័ន វេទិកា​អនាគត (Future Forum) ដែល​​ធ្វើការ​វិភាគ​ផ្អែក​លើអត្ថបទ​​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយរួច​​ហើយ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ