សហភាពអឺរ៉ុប

EU បើកភ្លើងខៀវជាលើកដំបូងមិនធ្លាប់មានសម្រាប់ការកំណត់តម្លៃឧស្ម័ន ដើម្បីដោះស្រាយវិបត្តិថាមពលធ្ងន់ធ្ងរ


បន្ទាប់ពីអ្នកនយោបាយជជែកគ្នាអស់ជាច្រើនខែ និងមានសំណើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ក៏ដូចជាកិច្ចប្រជុំបន្ទាន់រាប់មិនអស់នោះ ទីបំផុតទៅសហភាពអឺរ៉ុបកាលពីថ្ងៃទី ១៩ ខែធ្នូ បានអនុម័តកំណត់តម្លៃឧស្ម័ននៅក្នុងស្រុកជាលើកដំបូងដែលមិនធ្លាប់មានពីមុនមក ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងវិបត្តិថាមពល ដែលកំពុងកើតមានកាន់តែធ្ងន់ធ្ងរនៅក្នុងប្លុកនេះ ពោលគឺរាប់ចាប់តាំងពីមានសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងមក។ នេះបើតាមការចុះផ្សាយដោយ Euronews។
អឺរ៉ុបបើកភ្លើងខៀវជាលើកដំបូងមិនធ្លាប់មានសម្រាប់ការតម្លៃឧស្ម័នក្នុងស្រុក!

រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសឆេក លោក ចូសេប ស៊ីគីឡា ប្រាប់អ្នកយកព័ត៌មានថា ឥលូវនេះគេអាចធ្វើបានហើយនូវរឿង ដែលសឹងតែមិនអាចធ្វើទៅរួចនោះ គឺការបើកភ្លើងខៀវឱ្យមានការកំណត់ថ្លៃឧស្ម័ននៅសហភាពអឺរ៉ុប។ ទោះយ៉ាងណា ការកំណត់នេះមិនត្រូវតែជាកាតព្វកិច្ចនោះទេ ប៉ុន្ដែ ជាចំបងវាជាភារកិច្ចដែលត្រូវធ្វើសម្រាប់ពលរដ្ឋអឺរ៉ុប និងអាជីវកម្មដែលរង់ចាំសកម្មភាពដោះស្រាយបញ្ហាថាមពលក្នុងប្លុកនេះ។

វិធានការដែលមិនធ្លាប់មានពីមុនមកនេះ គឺសំដៅលើការទប់ស្កាត់តម្លៃថាមពល ខណៈដែលប្លុកនេះព្យាយាមរកវិធីរើចេញពីវិបត្តិដែលកាន់តែធ្ងន់ធ្ងរឡើងៗ ដោយការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការបញ្ឈប់ការផ្គត់ផ្គង់ឥន្ធនៈហ្វូស៊ីលដល់សហភាពអឺរ៉ុប ជាការសងសឹកនឹងទណ្ឌកម្មជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

វិធានការថ្មីនេះ នឹងត្រូវអនុវត្តការទម្លាក់តម្លៃ និងកំណត់តម្លៃរបស់ថាមពល នៅពេលដែលតម្លៃឧស្ម័នឡើងដល់១៨០អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ម៉ោង ក្នុងអំឡុងពេលយ៉ាងហោចណាស់បីថ្ងៃជាប់ៗគ្នា។ កាលពីសប្តាហ៍មុនតម្លៃឧស្ម័នមានប្រហែល ១៣៥អឺរ៉ូ ក្នុងមួយមេហ្គាវ៉ាត់ម៉ោង។

ការកំណត់តម្លៃឧស្ម័ននឹងនឹងត្រូវចាប់អនុវត្តពីថ្ងៃទី១ខែកុម្ភៈ ហើយចូលជាធរមាននៅថ្ងៃទី១៥ ខែកុម្ភ ឆ្នាំក្រោយ។ ប៉ុន្តែវាបានភ្ជាប់មកជាមួយនូវលក្ខខណ្ឌតឹងរ៉ឹង ជាមួយការប្រុងប្រៀបទុកជាមុន សម្រាប់ការផ្អាកអនុវត្តវិធានខាងលើ ក្នុងករណីដែលផែនការមិនដំណើរការទៅតាមការគ្រោងទុក។

គួររំឭកថា ការកើនឡើងនៃតម្លៃថាមពល និងឧស្ម័ន បានធ្វើឱ្យក្រុមហ៊ុនថាមពលនៅទូទាំងទ្វីបអឺរ៉ុប ស្វែងរកមូលនិធិបន្ថែមពីរដ្ឋាភិបាល និងធនាគារ ដើម្បីទិញថាមពលឱ្យគ្រប់តាមតម្រូវការ។ ជាក់ស្តែង ក្រុមហ៊ុន Uniper របស់អាល្លឺម៉ង់បានខាតប្រាក់រាប់ពាន់លានអឺរ៉ូ ក្រោយពេលដែលខ្លួន ខិតខំបំពេញស្តុកដែលនៅសេសសល់បន្ទាប់ពីរុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង របស់រុស្ស៊ី លោក Dmitry Peskov បាននិយាយថា ការកំណត់តម្លៃឧស្ម័នពីសហភាពអឺរ៉ុប គឺជាការវាយប្រហារលើតម្លៃទីផ្សារ ហើយវាជារឿងមិនអាចទទួលយកបានឡើយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី៕




អត្ថបទបន្ទាប់


ឡាវនាំចេញថាមពលអគ្គិសនីបានជិត១,៨ពាន់លានដុល្លារ ខណៈប្រទេសក្នុងតំបន់ប្រឈមការខ្វះខាតថាមពល

ការនាំចេញថាមពលអគ្គិសនីរបស់ឡាវ បានកើនឡើង ៧,៥% នៅក្នុងឆ្នាំ២០២២នេះ ដោយមានទំហំទឹកប្រាក់សរុបប្រហែលជិត ១,៨ពាន់លានដុល្លារ ចំណែកការនាំចូល…

បារាំង និងអាល្លឺម៉ង់រួមគ្នាផ្តល់ប្រាក់ឧបត្ថម្ភធនដល់ក្រុមហ៊ុនអឺរ៉ុប ឆ្លើយតបនឹងច្បាប់កាត់បន្ថយអតិផរណារបស់អាមេរិក

អាល្លឺម៉ង់ និងបារាំងកាលពីថ្ងៃចន្ទទី១៨ធ្នូ បានបង្ហាញការគាំទ្រសម្រាប់គំនិតផ្តួចផ្តើមដោយប្រទេសទាំងពីរផ្ទាល់ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភធនសម្រាប់ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ