
ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា សហភាពអឺរ៉ុប ដែលជាសម្ពន្ធមិត្តដ៏ស្អិតរមួតរបស់សហរដ្ឋអាម៉េរិក គ្រោងដំឡើងពន្ធលើទំនិញក្នុងទំហំរហូតដល់ទៅប្រមាណ១១៣ពាន់លានដុល្លាររបស់សហរដ្ឋអាម៉េរិក ប្រសិនបើការចរចាពាណិជ្ជកម្មរបស់ខ្លួនជាមួយមហាអំណាចធំបំផុតទី១មួយនេះត្រូវបរាជ័យ ឬមិនសម្រេចបានលទ្ធផលផ្កែផ្កា។
ប្រភពច្បាស់ការដែលសុំលាក់អត្តសញ្ញាណបាននិយាយថា វិធានការដំឡើងពន្ធសងសឹកដែលសហភាពអឺរ៉ុប គ្រោងនឹងធ្វើឡើងនេះ នឹងត្រូវប្រកាសប្រាប់បណ្ដាប្រទេសជាសមាជិករបស់ខ្លួននៅត្រឹមថ្ងៃពុធ ទី៧ ខែឧសភា នេះ ហើយថា ការពិគ្រោះយោបល់គ្នានឹងមានរយៈពេលមួយខែ មុនពេលបញ្ជីរាយនាមទំនិញដែលត្រូវដំឡើងពន្ធត្រូវបានសម្រេចចុងក្រោយ។
ដោយឡែក គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប ទទួលបន្ទុកដោះស្រាយបញ្ហាពាណិជ្ជកម្មទំនងជានឹងបញ្ជូនលិខិតមួយច្បាប់ទៅកាន់សហរដ្ឋអាម៉េរិក ក្នុងសប្តាហ៍នេះ ដើម្បីព្យាយាមចាប់ផ្តើមការចរចានេះឡើងវិញ ហើយតាមការរំពឹងទុក សំណើពីភាគីសហភាពអឺរ៉ុប នឹងរួមបញ្ចូលទាំងការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងរបាំងមិនមែនពន្ធគយ និងការជំរុញការវិនិយោគនៅលើទឹកដីសហរដ្ឋអាម៉េរិក ផងដែរ។
ការចរចារវាងសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក ដែលបានចាប់ផ្តើមកាលពីខែមុននេះ មានវឌ្ឍនភាពតិចតួចណាស់ ហើយមានការរំពឹងទុកថា ពន្ធគយភាគច្រើន ដែលដាក់ដោយសហរដ្ឋអាម៉េរិកនឹងត្រូវបានរក្សាទុកឱ្យនៅដដែល។
សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃទី៦ ខែឧសភា ថា ការស៊ើបអង្កេតពាណិជ្ជកម្មដែលកំពុងដំណើរការក្រោមការបញ្ជាពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អាចធ្វើឱ្យទំនិញក្នុងទំហំដល់ទៅ៦២៤ពាន់លានដុល្លាររបស់សហភាពអឺរ៉ុប ប្រឈមនឹងពន្ធគយថ្មីរបស់សហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណា អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ជុំវិញបញ្ហានេះ៕
ដោយ: តែម សុខុម