ថ្លែងនៅក្នុង កម្មវិធី រ៉ូដសូ ស្ដីអំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារអេស៊ីលីដា កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានលើកទឹកចិត្ត ក៏ដូចជាមានការលើកលែងពន្ធមួយចំនួន ចំពោះការវិនិយោគនៅក្នុងវិស័យមូលបត្រ ប៉ុន្ដែ ការលើកទឹកចិត្តនេះ ក៏មិនមែនមានរហូតនោះដែរ ដូច្នេះ អ្នកវិនិយោគ គួរតែពិចារណាឱកាសវិនិយោគនេះឲ្យបានល្អ។
ទោះយ៉ាងណា ឯកឧត្តម ស៊ូ សុជាតិ បានគូសបញ្ជាក់ដែរថា ការវិនិយោគលើវិស័យមូលបត្រនេះ ក៏ទាមទារឲ្យអ្នកវិនិយោគ ត្រូវមានភាពឆ្លាតវៃ និងចេះតាមដានអំពីនិន្នាការ និងសក្ដានុពលទីផ្សារ និងស្វែងយល់ឲ្យបានច្បាស់អំពីប្រភពហិរញ្ញវត្ថុរបស់ខ្លួនឯងសម្រាប់យកទៅវិនិយោគ ពោលគឺ មិនមែន ឃើញគេទិញ រួចក៏ទៅទិញតាមគេ ឬក៏ខ្ចីធនាគារដើម្បីយកមកវិនិយោគនោះទេ។ ការធ្វើបែបនេះ ត្រូវបានឯកឧត្តម ស៊ូ ជាតិ គូសបញ្ជាក់ថា វាគឺជាការវិនិយោគ ប្រឈមនឹងហានិភ័យខ្ពស់ណាស់។
សូមបញ្ជាក់ថា នៅដើមឆ្នាំ ២០២០នេះ គណៈកម្មការមូលបត្រកម្ពុជា ទើបតែបានសម្រេចអនុម័តជាគោលការណ៍លើសំណើរសុំបោះផ្សាយលក់មូលបត្រ ទៅឲ្យស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុន ចំនួន ៤ ដែលក្នុងនោះ ការបោះផ្សាយលក់មូលបត្រជា ប្រភេទមូលបត្រកម្មសិទ្ធិ ឬហៅថាភាគហ៊ុន មានចំនួន១ ស្ថាប័ន គឺធនាគារអេស៊ីលីដា និងការបោះផ្សាយលក់មូលបត្រជាប្រភេទសញ្ញាបណ្ណ ឬហៅថាមូលបត្របំណុល មានចំនួន ៣ស្ថាប័ន ខណៈដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្រជាផ្លូវការសរុបមានចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជីជាភាគហ៊ុន និង ៣ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុនទាំង ៨នេះ បានប្រមូលទុនពី ផ្សារមូលបត្រសរុបជាង ១៦០លានដុល្លារអាមេរិក៕