អំបិលកម្ពុជានឹងមានទីផ្សារកាន់តែល្អ បើសិនបានចុះបញ្ជីជាទំនិញសម្គាល់ភូមិសាស្ត្រ

មន្ត្រីជំនាញជឿជាក់ថា អំបិលកម្ពុជានឹងមានទីផ្សារកាន់តែល្អ បើសិនបានចុះបញ្ជីជាទំនិញសម្គាល់ភូមិសាស្ត្រ


ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងរៀបចំនីតិវិធី ដើម្បីចុះបញ្ជីអំបិលកំពត និងកែប និងផ្កាអំបិល ជាផលិតផលសម្គាល់ភូមិសាស្ត្រ(GI) ដើម្បីអភិរក្ស និងលើកស្ទួយការផលិតអំបិលនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជឿជាក់ថា ប្រសិនបើអំបិលកម្ពុជាបានចុះបញ្ជី GI វានឹងជួយជំរុញឲ្យតម្លៃ និងការផលិតអំបិលនៅកម្ពុជាមានការកើនឡើងមួយកម្រិតទៀត ជាពិសេសជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
អំបិលកម្ពុជានឹងមានទីផ្សារកាន់តែល្អ បើសិនបានចុះបញ្ជីជាទំនិញសម្គាល់ភូមិសាស្ត្រ
ដោយ

លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជឿជាក់ថា អំបិលកំពត និងកែបនឹងមានទីផ្សារកាន់តែល្អប្រសើរ ប្រសិនបើបានចុះបញ្ជីជាទំនិញសម្គាល់ភូមិសាស្ត្រ។ លើសពីនេះ ការចុះបញ្ជី GI នេះ ក៏នឹងជួយជំរុញកំណើនផលិតកម្មអំបិល ដែលកំពុងមានការថយចុះឲ្យមានការកើនឡើងវិញ ក៏ដូចជាជំរុញឲ្យអំបិលកម្ពុជាអាចហក់ចូលទីផ្សារអន្តរជាតិផងដែរ។ បច្ចុប្បន្នក្រសួងឧស្សាហកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងធ្វើការរួមគ្នា ដើម្បីដាក់ចេញយន្តការលើកទឹកចិត្តដល់អ្នកផលិត ដើម្បីជំរុញការផលិតអំបិលនៅកម្ពុជា។

មិនខុសគ្នាលោក ហួន សុរង្សី នោះទេលោក ប៊ុន យោង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រំពឹងថា ប្រសិនបើអំបិលខេត្តកែបអាចចុះក្នុងបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រ វានឹងជួយជំរុញតម្លៃអំបិល ដែលផលិតបាននៅខេត្តកែបនឹងមានតម្លៃខ្ពស់ជាងពេលបច្ចុប្បន្ន ហើយផលិតករនឹងទទួលបានប្រាក់ចំណេញច្រើនជាងមុន។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធកំពុងរៀបចំនីតិវិធី ដើម្បីចុះបញ្ជីអំបិលកំពត និងកែបជាផលិតផលសម្គាល់ភូមិសាស្ត្រ ដើម្បីអភិរក្ស និងជំរុញកំណើនផលិតកម្មអំបិលនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។

យើងសង្កេតឃើញថា ការផលិតអំបិលនៅប៉ុន្មានឆ្នាំចុងក្រោយមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលបង្ខំឲ្យកម្ពុជាត្រូវនាំចូលអំបិលពីក្រៅប្រទេសដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។ ការធ្លាក់ចុះទិន្នផលអំបិលនៅកម្ពុជានេះ ត្រូវបានមន្ត្រីជំនាញនៃក្រសួងឧស្សាហកម្មអះអាងថា គឺបណ្តាលមកពីបញ្ហាអាកាសធាតុ គួបផ្សំប្រជាពលរដ្ឋមួយចំនួនបានបោះបង់ការផលិត ក្រោយជួបបញ្ហាខ្វះដើមទុន និងខ្វះអ្នកស្នងតំណែងបន្តពីអ្នកផលិតដែលមានវ័យចាស់ជរា។ ជាក់ស្តែងកាលពីឆ្នាំ២០២២ កន្លងទៅកម្ពុជាផលិតអំបិលបានតែប្រមាណ៤ម៉ឺនតោនប៉ុណ្ណោះធ្លាក់ចុះ៧០% បើធៀបនឹងឆ្នាំមុន ខណៈកម្ពុជាមានតម្រូវការអំបិលសម្រាប់ប្រើប្រាស់ក្នុងរង្វង់១០ម៉ឺនតោនឯណោះ។ កាលពីឆ្នាំមុនកម្ពុជាបាននាំចូលអំបិលពីឥណ្ឌាចំនួន១ម៉ឺន៦ពាន់តោន ដើម្បីបម្រុងទុក និងបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតអំបិលប្រមាណ៤ពាន់៥៧៧ហិកតា៕




អត្ថបទបន្ទាប់


គម្រោងផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅកម្ពុជា ភ្នំពេញ-ប៉ោយប៉ែត តម្លៃជាង៤ពាន់លានដុល្លារ ត្រូវបានបញ្ចប់ការសិក្សាបឋមហើយ!

គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត មានប្រវែងសរុបប្រមាណ ៣៨២ គីឡូម៉ែត្រ ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា…

ទីក្រុងវ៉ាស៊ិនតោនតឹងសរសៃកជាមួយប៉េកាំងជាថ្មី ក្រោយរកឃើញថា ក្រុមហ៊ុនចិនកាន់តែច្រើនជ្រោមជ្រែងរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន

បើយោងតាមប្រភពពីមន្ត្រីអាមេរិកដែលជិតស្និទនឹងបញ្ហាឱ្យដឹងថា រដ្ឋបាលលោកចូ បៃដិន បានចេញមុខរករឿងរដ្ឋាភិបាលទីក្រុងប៉េកាំងសាជាថ្មី ដោយសម្អាងលើភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ