លោក សុខ រ៉ាដែន
ប្រធានសមាគមវារីវប្បកម្មកម្ពុជា
បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះចំនួនអ្នកចិញ្ចឹមត្រីនៅកម្ពុជានាថ្ងៃអនាគត។
ការបង្ហាញក្តីបារម្ភនេះ ធ្វើឡើងក្រោយពេលដែលត្រីដែលចិញ្ចឹមបានផលល្អហើយ
តែមិនមានឈ្មួញចុះទិញ ហើយបើមានក៏លក់បានក្នុងតម្លៃទាបទៅទៀត។
ប្រធានសមាគមវារីវប្បកម្មកម្ពុជា ព្រួយខ្លាច អ្នកចិញ្ចឹមត្រីអាចប្រឈមនឹងការក្ស័យធន បើសិនជាបញ្ហាខ្វះទីផ្សារនៅតែបន្តអូសបន្លាយយូរ។ ជាក់ស្តែងគិតចាប់តាំងពីអ្នកចិញ្ចឹមត្រីក្នុងស្រុកបានអំពាវនាវឲ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារក៏ដូចជាឈ្មួញ និង ទប់ស្កាត់ការការនាំចូលត្រីពីប្រទេសជិតខាងកម្ពុជាយើង ដូចជា វៀតណាម ថៃ វាមានរយៈពេលពីរខែហើយ ដែលចំនួនត្រីល្មមចាប់នៅតាមអាងចិញ្ចឹមត្រីមួយចំនួន ត្រូវបានចាល់លក់មិនចេញ។
ជាមួយគ្នានេះ លោកស្រី សៅ សុវណ្ណា អ្នកចិញ្ចឹមត្រីម្នាក់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ហាក់អស់ជំនឿលើមុខរបរចិញ្ចឹមត្រី ក្រោយត្រីរបស់ លោកស្រី ប្រមាណ ៦០តោន ដែលល្មមចាប់តាំងពីចុងខែមករា ត្រូវបានចាល់ពុំទាន់មានឈ្មួញចុះទិញនៅឡើយទេ។ លោកស្រី និយាយថា អាចនឹងបោះបង់អាជីពមួយនេះ ប្រសិនបើត្រីលក់មិនចេញនៅឆ្នាំនេះ។
ប្រធានសមាគមវារីវប្បកម្មកម្ពុជាលោក សុខ រ៉ាដែន អះអាងថា មកដល់ពេលនេះត្រីរាប់តោននៅតាមអាងចិញ្ចឹមត្រីទូទាំងប្រទេសមិនទាន់មានឈ្មួញចុះចាប់ ឬ ទិញនៅឡើយទេ។ បញ្ហានេះ លោកបន្តស្នើឲ្យក្រសួងកសិកម្ម និង ក្រសួងពាណិជ្ជកម្ម និងស្ថាប័នភាគីពាក់ព័ន្ធផ្សេងទៀតជួយដោះស្រាយបញ្ហានេះជូនកសិករអ្នកចិញ្ចឹមត្រី តាមរយៈការកាត់បន្ថយការនាំចូលត្រីពីក្រៅប្រទេស៕