លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអះអាងឲ្យដឹងថា បញ្ហាមេរោគកូរ៉ូណា អាចនឹងជះឥទ្ធិពលអវិជ្ជមាន ដល់វិស័យអចលនទ្រព្យកម្ពុជា នៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ ព្រោះវាបង្កជាការភ័យខ្លាច នឹងប៉ះពាល់ដល់ការសម្រេចចិត្តវិនិយោគ របស់វិនិយោគិនបរទេស ជាពិសេសជនជាតិចិន ដែលជាតួអង្គសំខាន់ នៅក្នុងការវិនិយោគនៅកម្ពុជា តែយ៉ាងណា ស្ថានការណ៍ដ៏តានតឹងនេះ អាចនឹងបាត់ទៅវិញ នៅពេលដែលគេអាចគ្រប់គ្រងជំងឺនេះបាន។
លោក សុខនីម បន្តថា ក្នុងនៅរយៈពេលខ្លីនេះ យើងពុំទាន់អាចវាយតម្លៃពីផលប៉ះពាល់ បានភ្លាមៗនោះទេ ដោយរង់ចាំមើលរហូតដល់ឆមាសទី១ ឆ្នាំ២០២០នេះ តែយ៉ាងណា លោក ជឿជាក់ថា បញ្ហានេះ នឹងត្រលប់មកសភាពដើម ក្នុងពេលឆាប់ៗខាងមុខ។
ជុំវិញទៅនឹងផលប៉ះពាល់អចលនទ្រព្យកម្ពុជានេះដែរ លោកស្រី ហ្រ្គែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានធ្វើការសម្គាល់ឲ្យដឹងដែរថា នៅក្នុងបញ្ហាសុខភាពពិភពលោក ដែលមេរោគកូរ៉ូណាកំពុងរាតត្បាតនេះ គឺពុំមានផលប៉ះពាល់ធំដុំ មកលើ វិស័យអចលនទ្រព្យនៅកម្ពុជានោះទេ តែយើងមើលឃើញពីឱកាស ដែលក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសចិន កំពុងសំលឹង និងចាប់អារម្មណ៍មកលើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសភាពទាក់ទាញ។
លោកស្រី ហ្រ្គែស រចនីហ្វុង បញ្ជាក់ថា វិស័យអចលនទ្រព្យកម្ពុជា នៅក្នុងឆ្នាំ ២០២០នេះ អាចនឹងមិនអំណោយផលដល់គ្រប់ប្រភេទអចលនទ្រព្យនោះទេ ជាពិសេសអចលនទ្រព្យដែលមានតម្លៃថ្លៃ តែអ្វីដែលកំពុងរីកលូតលាស់ និងមិនរងផលប៉ះពាល់ រួមមាន បុរីលំនៅដ្ឋាន ផ្សារទំនើបលក់រាយ អគារការិយាល័យ និងទីក្រុងរណប។
យ៉ាងណាក៏ដោយចុះ ជុំវិញនឹងបញ្ហានេះដែរ ត្រូវបាន លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ី ភី អិល បញ្ជាក់អះអាងថា ទោះបីជាមានការកើតឡើងនូវវីរុសកូរ៉ូណាយ៉ាងនេះក្តី តែសម្រាប់លោក នៅតែមើលឃើញថា តម្រូវការដីធ្លី កំពុងមានការកើនឡើងនៅគ្រប់តំបន់នៅកម្ពុជា គួបផ្សំនឹងកំណើនគម្រោងវិនិយោគពី បណ្តាវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដែលទាមទារឲ្យមាន ការផ្តល់សេវាកម្មនានាដូចជា ទិញ លក់ និងផ្តល់ប្រឹក្សាពីអចលនទ្រព្យ ប្រកបដោយជំនាញ និងវិជ្ជាជីវៈ។
លោកឧកញ៉ា ចេង ខេង បានបញ្ជាក់អះអាងថា ផ្អែកតាមការអង្កេតជាក់ស្តែង និងការធ្វើការងារជាមួយអាជ្ញាធរពាក់ព័ន្ធនឹងវិស័យដីធ្លីនេះបង្ហាញថា នៅដើមឆ្នាំ២០២០នេះ ចំនួនអ្នកទិញដូរ អចលនទ្រព្យ គឺនៅតែមានភាពមមាញឹកខ្លាំងពិសេសនៅរាជធានីភ្នំពេញ និងបណ្តាខេត្តជាប់ ព្រំដែន និងខេត្តសក្តានុពលសម្រាប់វិស័យទេសចរណ៍។
លោកឧកញ៉ា ចេង ខេង បានលើកឡើងឲ្យដឹងទៀតថា ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នាឆ្នាំ២០១៩ កន្លងទៅគឺបង្ហាញពីកំណើនជាង ៩ពាន់លានដុល្លារ ដោយបានកើនឡើងជាង ៨៧ភាគរយ ដែលនេះក៏ដោយសារតែមានតម្រូវការល្អនៃទីផ្សារសំណង់ និងអាចចាត់ទុកថា ជាកំណើនមួយដ៏ល្អ ដែលនឹងបន្តសម្រាប់ឆ្នាំ២០២០នេះទៀតផងដែរ។
លោកឧកញ៉ាបន្ថែមថា ក្នុងនាមលោកជាអ្នកជំនាញអចលនទ្រព្យ លោកពិតជាមានភាពជឿជាក់លើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ដែលនេះជាមូលហេតុសំខាន់បំផុត ដែលធ្វើឲ្យការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ និង សំណង់នៅឆ្នាំនេះ និងឆ្នាំក្រោយនៅតែបន្តមានកំណើនជានិច្ច៕