សារព័ត៌មាន CNBC ផ្សាយថា ក្រុមហ៊ុន Ford បាននិយាយថា នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៦ រថយន្តរបស់ខ្លួនគ្រប់ម៉ូដែលដែលផលិតនិងលក់នៅអឺរ៉ុប នឹងគ្មានបញ្ចេញផ្សែងពុល ប្រើថាមពលអគ្គិសនីសុទ្ធ ឬហាយប្រ៊ីត ទាំងអស់ ហើយគ្រោងនឹងលក់តែរថយន្តប្រើអគ្គិសនីសុទ្ធ១០០% នៅឆ្នាំ២០៣០ ។
ការវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារ នៅអាល្លឺម៉ង់ ក្រុមហ៊ុន Ford នឹងកែឲ្យទំនើបជាងមុននូវរោងចក្រដំឡើងរបស់ខ្លួនដែលមានស្រាប់ ដោយប្រែក្លាយវាឲ្យទៅជារោងចក្រផ្ដោតសំខាន់តែទៅលើការផលិតរថយន្តប្រើអគ្គិសនី ។
ខណៈដែលរដ្ឋាភិបាលបណ្ដាប្រទេសនៅលើពិភពលោកប្រកាសពីផែនការងាកចេញពីការប្រើរថយន្តប្រើម៉ាស៊ូតនិងសាំង ក្រុមហ៊ុន Ford ក៏ដូចជាក្រុមហ៊ុនផលិតរថយន្តធំៗនៅលើពិភពលោក កំពុងតែបង្កើនការផលិតនិងលក់រថយន្តប្រើអគ្គិសនី និងប្រណាំងប្រជែងជាមួយក្រុមហ៊ុនមួយចំនួន ដូចជា Tesla របស់មហាសេដ្ឋីពិភពលោក Elon Musk ។
ក្រុមហ៊ុនផលិតរថយន្ត Kia របស់កូរ៉េខាងត្បូង នឹងបញ្ចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួន នៅឆ្នាំនេះ ខណៈដែលក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ កំពុងវិនិយោគទឹកប្រាក់ជាង ៤២ពាន់លានដុល្លារ ទៅលើការផលិតរថយន្តប្រើអាគុយ និងនិយាយថា ខ្លួនចង់បញ្ចេញលក់រថយន្តប្រើអគ្គិសនីសុទ្ធ ឲ្យបានប្រហែល ៧០ម៉ូដែល នៅត្រឹមឆ្នាំ២០៣០ ខាងមុខ ៕