«បើសិនមានស្ថានភាពអាសន្នណាមួយកើតឡើងនៅកោះតៃវ៉ាន់ នោះបានសេចក្តីថា វាក៏ជាអាសន្នសម្រាប់ប្រទេសនិងប្រជាជនជប៉ុនដូចគ្នាដែរ។ ពលរដ្ឋនៅប៉េកាំងនិយាយជាទូទៅ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីងនិយាយដោយផ្ទាល់ មិនគួរយល់ខុសលើចំណុចនេះទេ»។ នេះជាអ្វីដែលលោក ស៊ិន ហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនៅអំឡុងវេទិកាតាមអនឡាញមួយ រៀបចំដោយអ្នកជំនាញនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយកោះតៃវ៉ាន់។
អតីតប្រធានាធិបតីជប៉ុនរូបនេះ បានឆ្លៀតលើកឡើងថា ប្រជុំកោះសេនកាគុ ឬដែលចិនហៅថា តេវយូ ក្នុងតំបន់សមុទ្រចិនខាងកើត ដែលចិនកំពុងមានជម្លោះជាមួយជប៉ុន គឺមានចំងាយប្រមាណតែ១០០គីឡូម៉ែតពីកោះតៃវ៉ាន់ប៉ុណ្ណោះ។ លោកបានបន្ថែមថា ការលុកលុយដោយប្រដាប់អាវុធលើកោះតៃវ៉ាន់នឹងក្លាយជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសជប៉ុន។
គួរជម្រាបថា ប្រទេសជប៉ុនមានមូលដ្ឋានយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក រួមទាំងនៅលើកោះអូគីណាវ៉ាភាគខាងត្បូង ដែលចុះចតជើងហោះហើរត្រង់និងមានរយៈចំងាយខ្លី ទៅកៅះតៃវ៉ាន់បាន។ វាមានសារៈសំខាន់សម្រាប់ការគាំទ្រពីសហរដ្ឋអាមេរិកផងដែរ ប្រសិនបើមានវាយប្រហារណាមួយរបស់ចិនមែននោះ។
សូមជម្រាបថា សហរដ្ឋអាមេរិក ជាអ្នកផ្តល់មធ្យោបាយការពារផ្នែកសព្វាវុធដល់កោះតៃវ៉ាន់ ទោះបីជានៅមានភាពមិនច្បាស់លាស់អំពី ថាតើអាមេរិកនឹងបញ្ជូនទ័ពទៅជួយតៃវ៉ាន់ក្នុងករណីមានសង្គ្រាមជាមួយចិនឬក៏អត់។ ប៉ុន្តែគេនៅចាំបានថា ថ្នាក់ដឹកនាំក្រុងវ៉ាស៊ីនតោនជារឿយៗ តែងបង្ហាញជំហរការពារកោះតៃវ៉ាន់ពីការវាយប្រហារណាមួយ។ យ៉ាងណាមិញ កោះតៃវ៉ាន់តែងតែអះអាងថា ខ្លួនមិនចង់បានសង្គ្រាមនោះទេ គឺចង់បានតែសុខសន្តិភាពប៉ុណ្ណោះ ប៉ុន្តែក៏អះអាងដែរថាតៃវ៉ាន់ នឹងការពារខ្លួនឯងប្រសិនមានការវាយប្រហារ។
គេនៅមិនទាន់ឃើញ មានការឆ្លើយតបពីខាងភាគីចិននៅឡើយទេ ចំពោះការលើកឡើងពីអតីតនាយករដ្ឋមន្ត្រីជប៉ុនយ៉ាងដូច្នេះ។ ក៏ប៉ុន្ដែ កន្លងមក ចិនតែងតែបញ្ជាក់ប្រាប់ទៅកាន់បរទេស ពិសេសបរទេស ដែលលូកដៃនៅក្នុងជម្លោះរវាងចិន និងកោះតៃវ៉ាន់ថា ត្រូវមានការប្រយ័ត្នពាក្យសម្ដី និងជៀសវាងការបញ្ជូនសារខុសទៅកាន់ក្រុមអ្នកគាំទ្រឲ្យមានឯករាជ្យភាពរបស់កោះតៃវ៉ាន់ ខណៈដែលចិនក៏បានប្រកាសក្ដែងៗម្ដងហើយម្ដងទៀតថាពីគោលនយោបាយចិនតែមួយ ហើយប្រឆាំងយ៉ាងដាច់ខាត ចំពោះការបំបែកកោះតៃវ៉ាន់ចេញពីចិន៕