ករណីជាសះស្បើយម្នាក់នោះ គឺជាស្ត្រីជនជាតិខ្មែរ ដែលឆ្លងកូវីដ១៩ មានទីលំនៅ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីខែកុម្ភៈ ឆ្នាំ២០២០ និងត្រលប់មកកម្ពុជាកាលដើមខែឧសភានេះ ។ ស្ត្រីរូបនេះក៏បានចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរួចហើយដែរនៅថ្ងៃទី២៩ ឧសភា ម្សិលមិញនេះ។
ចំពោះករណីឆ្លងថ្មីវិញ គឺជាបុរសជនជាតិខ្មែរម្នាក់ អាយុ២៦ឆ្នាំរស់នៅខេត្តត្បូងឃ្មុំ និងបានត្រលប់មកពីសិក្សាសាសនាមួយនៅប្រទេសថៃ ជាមួយមនុស្ស១០នាក់ផ្សេងទៀត ។ អ្នកទាំង១០នាក់នេះ រួមទាំងអ្នកបើកបរម្នាក់ទៀត បានឆ្លងមកកម្ពុជា មកដល់ចំណុចអូរបីជាន់ កាលពីថ្ងៃទី២៨ ឧសភា ហើយក៏ត្រូវក្រុមគ្រូពេទ្យនៅតំបន់នោះយកវត្ថុសំណាកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏ឃើញមានលទ្ធផលវិជ្ជមានលើបុរសម្នាក់ក្នុងចំណោមគ្នា១០នាក់នោះ។
បច្ចុប្បន្ននេះ បុរសម្នាក់នេះ កំពុងដាក់អោយព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ខណៈដែល អ្នកផ្សេងទៀតត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅក្នុងខេត្តនេះដែរ។
សូមជម្រាបថា កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន១២៣នាក់ ក្នុងចំណោមករណីឆ្លង សរុបចំនួន ១២៥នាក់ ដោយក្នុងនោះមានស្ត្រី៣៩នាក់ និងបុរស៨៦នាក់៕