ក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ១ ដល់ទី ១៥ ខែកញ្ញានេះ សម្រាប់តម្លៃប្រេងសាំងធម្មតា លក់រាយ គឺ ៣.០៥០រៀលក្នុងមួយលីត្រ កើនឡើង ៥០រៀល ធៀបនឹងសប្តាហ៍កន្លងទៅ។
បើយើងក្រឡេកទៅមើល តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក យើងឃើញថា កាលពីដើមខែកក្កដា កន្លងទៅ តម្លៃប្រេងឆៅរបស់ទីផ្សារប្រេងឆៅអាមេរិក West Texas Intermediate ស្ថិតនៅក្នុងរង្វង់ ៣៩ដុល្លារក្នុងមួយបារ៉ែល ខណៈ ទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស មានតម្លៃប្រមាណ ៤២ដុល្លារ ក្នុងមួយបារ៉ែល។
យ៉ាងណាក៏ដោយ ចូលមកដល់ ថ្ងៃទី ២ ខែកញ្ញានេះ ឆ្នាំ២០២០ ទីផ្សារប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើងមកដល់ជាង ៤២ដុល្លារក្នុងមួយបារ៉ែល ខណៈ ទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស កើនឡើងមកដល់ ៤៥ដុល្លារ ក្នុងមួយបារ៉ែល ដែលមានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់។ នេះសបញ្ជាក់ឲ្យឃើញថា តម្លៃទីផ្សារប្រេងឆៅអន្តរជាតិ បានបន្តកើនឡើងអំឡុងពេលនេះ ខណៈតម្លៃប្រេងសាំងនៅកម្ពុជា ហាក់ស្ថិតក្នុងកម្រិតមួយថេរនៅឡើយ។
គួរបញ្ជាក់ដែរថា តម្លៃប្រេងឆៅ នៅលើទីផ្សារអន្តរជាតិ ពុំមានសភាពនឹងនរប៉ុន្មាននោះទេ ដោយសារតែ កត្តាជះឥទ្ធិពលជាច្រើន ទៅលើបម្រែបម្រួលថ្លៃ ក្នុងនោះ ក្តីព្រួយបារម្ភពី រលកទី២ នៃមេរោគកូវីដ-១៩ ជាបញ្ហាចម្បងជាងគេ ហើយគិតមកដល់ថ្ងៃទី ២ ខែកញ្ញានេះ ករណីឆ្លងមេរោគកូវីដ-១៩ ទូទាំងសកលលោក បានកើនឡើងដល់ជិត ២៦លាននាក់ ក្នុងនោះ ករណីជាសះស្បើយមានជាង ១៨លាននាក់ និងមានករណីស្លាប់ជាង ៨សែនករណី៕