ក្រសួងពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មវាយតម្លៃថា តម្លៃប្រេងឥន្ធនៈអាចនឹងបន្តកើនឡើងរហូតដល់ខែកញ្ញា


តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ក៏ដូចជានៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ដែលកំពុងបង្កជាក្តីបារម្ភក្នុងការជំរុញឲ្យមានការកើនឡើងនូវថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មផ្សេងៗ ដ្បិតប្រេងឥន្ធនៈជាផលិតផលយុទ្ធសាស្ត្រដ៏សំខាន់មួយ។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម ការកើនឡើងតម្លៃប្រេងឥន្ធនៈនៅប៉ុន្មានសប្តាហ៍មកនេះបានជំរុញឲ្យថ្លៃទំនិញប្រើប្រាស់ផ្សេងៗមានការកើនឡើងបន្តិចបន្តួចក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។
តម្លៃប្រេងឥន្ធនៈអាចនឹងបន្តកើនឡើងរហូតដល់ខែកញ្ញា

តម្លៃប្រេងឥន្ធនៈនៅកម្ពុជាត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មវាយតម្លៃថា អាចបន្តកើនឡើងបន្ថែមទៀតរហូតដល់ខែកញ្ញា ប្រសិនបើស្ថានភាពទីផ្សារប្រេងឆៅលើទីផ្សារអន្តរជាតិនៅតែបន្តកើនឡើង។ ការកើនឡើងតម្លៃប្រេងឥន្ធនៈនៅទីផ្សារសកលរួមទាំងកម្ពុជានេះ គឺបន្ទាប់ក្រុមប្រទេសផលិតប្រេងធំៗនៅលើពិភពលោកបាននាំគ្នាកាត់បន្ថយការផលិត គួបផ្សំមានការរាំងខ្ទប់ការនាំចេញប្រេងរបស់រុស្ស៊ី ដែលកំពុងវាយចូលឈ្លានពានអ៊ុយក្រែន។

យើងសង្កេតនៅក្នុងរយៈពេលជាង៤សប្តាហ៍កន្លងមកនេះតម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺប្រេងសាំងធម្មតាបានហក់ឡើង៤០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតកើនឡើង៧០០រៀលក្នុងមួយកម្រិត បើធៀបនឹងតម្លៃលក់ចេញត្រឹមថ្ងៃទី២១ ខែកក្កដា។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ប្រេងសាំងធម្មតាត្រូវលក់ចេញ៤ពាន់៦០០រៀលក្នុងមួយលីត្រ រីឯប្រេងម៉ាស៊ូតលក់ចេញ៤ពាន់៧០០រៀលក្នុងមួយលីត្រ ខណៈកាលពីជាង៤សប្តាហ៍មុនប្រេងសាំងធម្មតាលក់ចេញក្នុងតម្លៃ៤ពាន់១៥០រៀលក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូត៤ពាន់រៀលក្នុងមួយលីត្រ។ យ៉ាងណាមកទល់ពេលនេះមិនទាន់មានសញ្ញាណាបង្ហាញថា តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ក៏ដូចជានៅកម្ពុជាអាចមានការធ្លាក់ចុះមកវិញនៅឡើយទេ។

ជុំវិញបញ្ហានេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានវាយតម្លៃថា និន្នាការតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ក៏ដូចជាលើទីផ្សារអន្តរជាតិអាចនឹងបន្តកើនឡើងបន្ថែមទៀត បន្ទាប់ពីប្រទេសផលិតប្រេងធំៗនៅអារ៉ាប់ ជាពិសេសអេមីរ៉ាតអារ៉ាប់រួមតែម្តងនឹងបន្តកាត់បន្ថយផលិតប្រេងរហូតដល់ខែកញ្ញា។ គួរបញ្ជាក់ថា ប្រទេសផលិតប្រេងធំៗរ៉ាប់ ពិសេសអេមីរ៉ាតអារ៉ាប់រួមបាននាំគ្នាកាត់បន្ថយការផលិតប្រេង១លានធុងបារ៉ែលក្នុង១ថ្ងៃ ដើម្បីជំរុញឲ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិមានការកើនឡើង។ ការកាត់បន្ថយផលិតកម្មប្រេងរបស់ប្រទេសផលិតប្រេងធំៗទាំងនេះ គួបផ្សំមានការដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់រុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំលំដាប់ទី៣លើពិភពលោកពីសំណាក់ប្រទេសលោកខាងលិច បានជំរុញតម្លៃប្រេងឥន្ធនៈនៅទីផ្សារអន្តរជាតិ ក៏ដូចជានៅកម្ពុជា ដែលជាប្រទេសនាំចូលប្រេង១០០% មានកើនឡើងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ។
បើតាមការអះអាងរបស់ឯកឧត្តម ប៉ែន សុវិជាតិ តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជាត្រូវឡើងថ្លៃតាំងពីចុងខែឧសភា ឈានចូលខែមិថុនាមកម្ល៉េះ ប៉ុន្តែរាជរដ្ឋាភិបានស្នើឲ្យក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ និងម្ចាស់ស្ថានីយប្រេងឥន្ធនៈធំៗមួយចំនួនកុំឲ្យមានការដំឡើងថ្លៃប្រេងនៅពេលនោះ។ ការស្នើសុំបែបនេះក៏ដោយសាររាជរដ្ឋាភិបាលយល់ថា អំឡុងពេលនោះគណៈបក្សនយោបាយត្រូវរៀបចំយុទ្ធនាការឃោសនាបោះឆ្នោត ហើយរាជរដ្ឋាភិបាលត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា។ កត្តានេះហើយដែលធ្វើឲ្យតម្លៃប្រេងឥន្ធនៈដែលត្រូវលក់ចន្លោះពីថ្ងៃទី២១ កក្កដាដល់ថ្ងៃទី១ សីហា បានហក់ឡើងយ៉ាងគំហុក ក្នុងនោះប្រេងសាំងធម្មតាកើនឡើង៤០០រៀលក្នុងមួយលីត្រ ខណៈម៉ាស៊ូតកើន៤៥០រៀលក្នុងមួយលីត្រ។
ដោយប្រេងឥន្ធនៈជាផលិតផលយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់បម្រើឲ្យខ្សែច្រវាក់ផលិតកម្ម និងការដឹកជញ្ជូន ការកើនឡើងតម្លៃប្រេងឥន្ធនៈនៅប៉ុន្មានសប្តាហ៍មកនេះ វាក៏បានជំរុញឲ្យតម្លៃទំនិញចាំបាច់មួយចំនួនមានការកើនឡើងងផងដែរ។ តែយ៉ាងណាបើតាមការវាយតម្លៃរបស់ឯកឧត្តម ប៉ែន សុវិជាតិ ក្រោយការចុះត្រួតពិនិត្យ និងតាមដាក់តម្លៃទំនិញនៅលើទីផ្សាររបស់មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម តម្លៃទំនិញដែលបានដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាជារួមមានការកើនឡើងមិនដល់៥%នោះទេ ដែលជាកម្រិតមួយអាចគ្រប់គ្រងបាន។ស្របពេលតម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានការកើនឡើងនេះដែរ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំបានជំរុញឲ្យមន្ត្រីរបស់ខ្លួនបង្កើនការចុះត្រួតពិនិត្យរង្វាស់រង្វាល់ គុណភាព និងឃ្លាំមើលថ្លៃលក់នៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេស ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មមិនសុចរិតក្នុងប្រេងឥន្ធនៈតាមរយៈការលក់បន្លំគុណភាព និងបរិមាណ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាផែនការកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ តាមរយៈចុះឃ្លាំមើលជាប្រចាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប ពិនិត្យឃើញថា មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចន្លោះពី៦០%ទៅ៧០% លក់ប្រេងឥន្ធនៈតាមតម្លៃកំណត់ក្រសួង ខណៈពី៣០%ទៅ៤០%លក់ក្រោមតម្លៃទីផ្សារ និងមិនមានស្ថានីយ ឬដេប៉ូប្រេងឥន្ធនៈណាលក់លើសតម្លៃកំណត់នោះទេ៕




អត្ថបទបន្ទាប់


លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា វិលចូលស្រុកស្របពេលដែល គណបក្ស ភឿថៃកំពុងតែស្វះស្វែងបង្កើតរដ្ឋាភិបាលចេញពីការបោះឆ្នោតនៅខែឧសភា

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីដែលត្រូវបានបណ្តេញចេញពីអំណាយដោយរដ្ឋប្រហារកាលពីឆ្នំា២០០៦ និង រស់នៅដោយនិរទេសនៅក្រៅប្រទេសតាំងព…

ក្រុមអ្នកជំនាញយល់ឃើញបែបណាចំពោះការឡើងថ្លៃកសិផលអំឡុងវិបត្តិស្បៀងអាហារពិភពលោក?

នៅមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាតម្លៃទំនិញ និងកសិផលមួយចំនួននៅលើពិភពលោក រួមទាំងកម្ពុជា ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារពិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ