បច្ចុប្បន្ន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានក្លាយទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ធនាគារ ប្រៃសណីយ៍ កម្ពុជា ក.អ ទៅហើយ។
មន្ត្រីជាន់ខ្ពស់មួយរូបដែលធ្វើការនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន បានបង្ហើបប្រាប់ សារព័ត៌មាន ខេមបូណូមីស ដោយសុំមិនបញ្ចេញឈ្មោះថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទើបតែបង្កើតឡើងបានប៉ុន្មានឆ្នាំនេះ បានលក់ទៅឲ្យធនាគារប្រៃសណីយ៍កម្ពុជា បាត់ទៅហើយ ដោយមិនបានបញ្ជាក់ពីទឹកប្រាក់ទិញលក់នោះដែរ។
បុគ្គលិកគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ ហ្វូណន ដដែល បានបន្តថា ការលក់នេះបានធ្វើឡើងមុនមួយខែ បន្ទាប់ពីធនាគារជាតិដាក់កំហិតបន្ទាបអត្រាការប្រាក់កម្ចីមកនៅត្រឹម ១៨ភាគរយក្នុង១ឆ្នាំ។ ដូច្នេះ វាមិនមានអ្វីពាក់ព័ន្ធទៅនឹងការបញ្ចុះអត្រាការប្រាក់នោះទេ។
នៅពេលដែលអ្នកសារព័ត៌មាន ខេមបូណូមីស សួរថា តើពេលនេះជាវេលាដ៏ត្រឹមត្រូវនិងសមស្របលក់ភាគហ៊ុនទាំងស្រុង ឬ? មន្ត្រីជាន់ខ្ពស់គ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ ហ្វូណន បានឆ្លើយយ៉ាងដូច្នេះថា ៖ «ពិតប្រាកដណាស់ បើមិនដូច្នេះទេ ប្រាកដជាលំបាក! ឥឡូវនេះ វាល្អប្រសើរហើយ»។
ជុំវិញទៅនឹងការទិញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន នេះ ដែរ សារព័ត៌មាន ខេមបូណូមីស បានព្យាយាមទំនាក់ទំនងតាមសារអេឡិចត្រូនិក ទៅកាន់ថ្នាក់ដឹកនាំធនាគារ ប្រៃសណីយ៍កម្ពុជា និង ធនាគារ កាណាឌីយ៉ា ជាច្រើនលើកច្រើនសាដែរ ប៉ុន្តែ មិនមានការឆ្លើយតបនោះឡើយរយៈពេលជាង១ខែកន្លងមកនេះ។
អ្នកជំនាញនៅក្នុងឧស្សាហកម្ម ធនាគារនិងហិរញ្ញវត្ថុ បានលើកឡើងថា ការទិញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន នេះ ទំនងជាការដឹងខ្លួនមុន គឺធ្វើឡើងតែមួយខែប៉ុណ្ណោះ នៅមុនការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ដាក់កំហិតបន្ទាបអត្រាការប្រាក់កម្ចីមកត្រឹម១៨ ភាគរយក្នុង១ឆ្នាំ (ប្រហាក់ប្រហែលទៅនឹងធនាគារពាណិជ្ជ) ដែលបញ្ហានោះច្បាស់ណាស់ វានឹងធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនអាចឈរជើងប្រកួតប្រជែងជាមួយនឹងធនាគារធំៗបានទេ។
ប៉ុន្តែ យ៉ាងណាក៏ដោយចុះ រហូតមកដល់ពេលបច្ចុប្បន្ននេះ គេនៅមិនទាន់រកឃើញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាផ្សេងទៀត លក់ភាគហ៊ុន លក់អាជីវកម្មទាំងស្រុង ឬច្របាច់បញ្ចូលគ្នា ទៅឲ្យគ្រឹះស្ថានធនាគារផ្សេងៗ ឬ វិនិយោគិនមកពីក្រៅប្រទេស ក្រៅតែពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន នេះទេ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលឆមាសទី១នៃឆ្នាំ២០១៧ គេសង្កេតឃើញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាទាំងអស់នៅតែបន្តប្រតិបត្តិការរបស់ខ្លួនជាធម្មតា ដោយមានខ្លះទើបតែនឹងបើកថ្មីក៏មានដែរ។ ដោយឡែកធនាគារធំៗពីបរទេសជាច្រើនបានចូលមក និងបានសន្យានឹងចូលមករកស៊ីនៅកម្ពុជា ដែលនាំឲ្យវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យធនាគារ កើនឡើងយ៉ាងខ្លាំង។
លោកជំទាវ ជា សិរី អគ្គនាយិកាបច្ចេកទេស ធនាគារជាតិនៃកម្ពុជា (NBC) បានថ្លែងថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) មានការកើនឡើងយ៉ាងគំហុកនៅឆមាសទី១ ឆ្នាំ២០១៧នេះ ដោយសារមួយផ្នែក គឺការបង្កើតថ្មីនៃធនាគារបរទេសចំនួន២ទៀត មកពីប្រទេសបារាំង និងមកពីប្រទេសជប៉ុន។
ថ្លែងតាមរយៈអ៊ីម៉េល លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា ធនាគារទាំងពីរនោះគឺធនាគារ BRED មកពីប្រទេសបារាំង និង Mizuho មកពីប្រទេសជប៉ុន។
យោងតាមលោកជំទាវ ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) នៅក្នុងវិស័យធនាគារបានកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ២០០០ មក ហើយនៅក្នុងឆមាសទីមួយនៃឆ្នាំ២០១៧ ការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យនេះមានចំនួន ៤៣៩លានដុល្លារ ពោលគឺកើនឡើង ៨៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕