ក្នុងលិខិត របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានអញ្ចើញឧកញ៉ា ស៊ី គង់ទ្រីវ មកដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុនតាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុមហ៊ុន ដែលបានចុះបញ្ចីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្ដែ ឧកញ៉ារូបនេះ មិនបានមកតាមការអញ្ជើញ និងបានទូទាត់បំណុលពន្ធនោះឡើយ។
អគ្គនាយកដ្ឋានពន្ធដារ ក៏បានអញ្ជើញឲ្យឧកញ៉ា ស៊ី គង់ទ្រីវ ចូលមកដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន មិនឲ្យលើស១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ចើញ ដែលបានធ្វើឡើងនៅថ្ងៃទី ១៩ ខែឧសភា។
ករណីដែល លោកឧកញ៉ា ស៊ី គង់ទ្រីវ មិនបានមកតាមកាលកំណត់ខាងលើនេះ អគ្គនាយកដ្ឋានពន្ធដារ ចាត់ទុកថា លោកឧកញ៉ា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពីពន្ធដារ ដូចមានចែងក្នុងមាត្រា១២៧ , ១៣៥ និង ១៣៦ នៃច្បាប់ស្ដីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ជាធរមាន ដោយរាល់ការចំណាយជាបន្ទុករបស់ឧកញ៉ាម្ចាស់ក្រុមហ៊ុន៕