IMF-សេដ្ឋកិច្ចសកលឆ្នាំ២០២៣

កត្តាអ្វីខ្លះជំរុញឲ្យប្រធាន IMF ព្រមានថា សេដ្ឋកិច្ចឆ្នាំ២០២៣នេះ នឹងយ៉ាប់យ៉ឺនជាងឆ្នាំមុនទៅទៀត?


ចូលដល់ឆ្នាំថ្មីមិនបាន២ថ្ងៃស្រួលបួលផង ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានចេញមុខមកព្រមានជាថ្មីទៀតថា ឆ្នាំ២០២៣នេះ សេដ្ឋកិច្ចអាចនឹងកាន់តែយ៉ាប់យ៉ឺនជាងឆ្នាំចាស់ទៅទៀត ដោយសារតែប្រទេសដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចសកលដូចជា សហរដ្ឋអាមេរិក តំបន់អឺរុប និងប្រទេសចិន សុទ្ធតែកំពុងជួបនឹងសេដ្ឋកិច្ចដែលមានកំណើនយឺត និងទន់ខ្សោយ។ នេះបើតាមការចុះផ្សាយដោយសារពព័ត៌មានរ៉យទ័រ។
នាយិកាមូលនិធីរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva (រូបភាព៖ Reuters)

នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី គ្រីស្តាលីណា ចចជីវ៉ា និយាយថា៖ ឆ្នាំថ្មីនេះនឹងជាពេលមួយដែលលំបាកជាងឆ្នាំកន្លងទៅមុនៗទៀត។ ហេតុអ្វី? ព្រោះតំបន់ និងប្រទេសយក្សសេដ្ឋកិច្ចចំនួន៣ រួមមាន អាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន សុទ្ធតែមានកំណើនយឺតទៅៗ។

ការអះអាងរបស់ថ្នាក់ដឹកនាំកំពូលរបស់ IMFនេះ បានឆ្លុះបញ្ចាំងពីការព្យាករទម្លាក់កាលពីខែតុលាឆ្នាំមុន អំពីកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣ ដែលស្ថាប័ននេះបានអះអាងថា នឹងមានកំណើនយឺតដោយសារតែវិបត្តិសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន អតិផរណាសកល និងការបន្តដំឡើងអត្រាការប្រាក់គោលជាដើម។

ទោះបីជាចិន បានយល់ព្រមទាត់ចោលវិធានការសូន្យកូវីដ ព្រមបើកប្រទេសឡើងវិញក៏ពិតមែន តែចរាចរណ៍កូវីដ១៩នៅក្នុងស្រុក នៅតែរារាំងដល់ការចំណាយអ្នកប្រើប្រាស់ក្នុងប្រទេសចិនដដែល។ ថ្លែងសារសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៣ទៅកាន់ពលរដ្ឋរបស់ខ្លួន ប្រធានាធិបតីចិន ស៊ី ជីនពីង អំពាវនាវឱ្យចិនខិតខំប្រឹងប្រែងរួបរួមគ្នា ដោយអះអាងថា ពេលនេះប្រទេសខ្លួនបានឈានចូលដល់ដំណាក់កាលថ្មីមួយទៀត។

បើតាមប្រមុខ IMF សេដ្ឋកិច្ចធំបំផុតលំដាប់លេខពីររបស់ពិភពលោក គឺចិននេះ ទំនងជានឹងបានស្គាល់ពីកំណើនសេដ្ឋកិច្ចទាបបំផុត ជាលើកដំបូងក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ។ មិនតែប៉ុណ្ណោះ កំណើនករណីឆ្លងកូវីដ១៩នៅពេលនេះ នឹងទាញទំលាក់ទាំងសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចតំបន់នៅឆ្នាំ២០២៣នេះផងដែរ។

លោកស្រី ចចជីវ៉ា ថែមទាំងបានបង្ហើបថា IMF ទំនងជាបន្តកាត់បន្ថយកំណើនសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០២៣ បន្ថែមទៀត នៅពេលនៅប៉ុន្មានខែមុខ អំឡុងវេទិកាសេដ្ឋកិច្ចសកល នាទីក្រុងដាវូស ប្រទេសស្វីស។

ក្រៅតែពីសេដ្ឋកិច្ចចិន លោកស្រី ចចជីវ៉ា អះអាងថា សេដ្ឋកិច្ចអាមេរិកក៏មានកំណើនយឺតដែរ ប៉ុន្តែមានភាពធន់ជាង។

យ៉ាងណាក៏ដោយ លោកស្រីអះអាងថា សេដ្ឋកិច្ចអាមេរិកនៅតែមានហានិភ័យ។ ហានិភ័យដោយសារការបន្តដំឡើងអត្រាការប្រាក់គោល ដើម្បីបន្ទាបអត្រាអតិផរណា តាមគោលដៅដែលធនាគារកណ្តាលអាមេរិកចង់បាន។

សូមជម្រាបថា សហរដ្ឋអាមេរិកចាប់តាំងពីខែមីនាឆ្នាំ២០២២មក បានដាក់ចេញនូវគោលនយោបាយរូបិយវត្ថុដ៏រឹងរ៉ឹងបំផុតមិនធ្លាប់ឃើញចាប់ពីឆ្នាំ ១៩៨០មក តាមរយៈការដំឡើងអត្រាការប្រាក់គោលម្តងហើយម្តងទៀត រហូតដល់ជិតដាច់ឆ្នាំ២០២២ អត្រាការប្រាក់នៅអាមេរិកកើនដល់ចន្លោះ ៤,២៥% ដល់ ៤,៥%ទៅហើយ។ ធនាគារកណ្តាលអាមេរិកកាលពីខែមុន ធ្លាប់បានព្យាករពីការដែលអត្រាការប្រាក់អាចឡើងដល់ ៥%ក្នុងឆ្នាំ២០២៣នេះ ជាអត្រាការប្រាក់ខ្ពស់បំផុតមុនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៧មក៕




អត្ថបទបន្ទាប់


ប្រទេសកាន់តែច្រើនដាក់វិធានការកូវីដ១៩លើអ្នកដំណើរមកពីប្រទេសចិន

អ្នកដំណើរមកពីប្រទេសចិន ពិសេសគឺជនជាតិចិនផ្ទាល់តែម្តងកំពុងប្រឈមមុខនឹងការរិតត្បិត វិធានការកូវីដ១៩ គ្រប់ច្រកល្ហកនៅក្នុងប្រទេសកាន់តែច្រើន នៅច…

តម្លៃផ្ទះនៅចិនបន្តធ្លាក់ទាប លែងមានតម្រូវការ ស្របពេលរលកឆ្លងកូវីដ១៩ វាយលុកទីផ្សារកាន់តែអាក្រក់

ទោះបីជា រដ្ឋាភិបាលចិនមានដាក់ចេញវិធានការគាំទ្រដល់វិស័យអចលនទ្រព្យខ្លះៗក៏ដោយ ប៉ុន្ដែទីផ្សារតម្លៃលំនៅដ្ឋាននៅក្នុងប្រទេសនេះ បានបន្តរអិលធ្លាក់ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ