នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកស្តីអំពីការធ្វើចំណាកស្រុក និងការអភិវឌ្ឍ ដំណាក់កាលទី២ បានគូសបញ្ជាក់ថា ប្រាក់បញ្ញើពីបរទេស ហូរចូលមកកាន់បណ្តាប្រទេសចំណូលទាប និងមធ្យម គឺមានការធ្លាក់ចុះ ៧% មកនៅត្រឹម ៥០៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០នេះ ហើយនឹងបន្តធ្លាក់ចុះមក ៧,៥% ទៀត នៅក្នុងឆ្នាំ ២០២១ខាងមុខ។
ការធ្លាក់ចុះនេះ គឺកើតមានឡើងដោយសារតែ សេដ្ឋកិច្ចរបស់បណ្តាប្រទេស ដែលគ្រប់គ្រងលើពលករចំណាកស្រុកនោះ គឺមានភាពតានតឹងខ្លាំង និងជួបការលំបាក ហើយរូបិយប័ណ្ណជាតិ មានការថមថយចុះធៀបនឹងប្រាក់ដុល្លារ។
មន្រ្តីជាន់ខ្ពស់ផ្នែកអភិវឌ្ឍធនធានមនុស្សនៃធនាគារពិភពលោក បានបន្ថែមថា ផលប៉ះពាល់នៃវិបត្តិកូវីដ១៩ ពិតជាជះឥទ្ធិពលអាក្រក់ដល់ពលករចំណាកស្រុក និងគ្រួសាររបស់ពួកគេ ហើយធនាគារពិភពលោក ប្តេជ្ញានឹងធ្វើការជាមួយដៃគូ និងបណ្តាប្រទេសធំៗ ដើម្បីធានាឲ្យបាននូវ លំហូរប្រាក់បញ្ញើនេះ។
បើតាមរបាយការណ៍ដដែលនេះ ប្រាក់បញ្ញើពីបរទេស ដោយពលករចំណាកស្រុកនៅក្នុងប៉ែកអឺរ៉ុប មានការធា្លក់ចុះ ១៦% ក្នុងឆ្នាំ ២០២០នេះ ខណៈប៉ែកអាស៊ីខាងកើតមានការធ្លាក់ចុះ ១១% និងប៉ែកអាស៊ីកណ្តាលធ្លាក់ចុះប្រមាណ ៨%។
ប្រាក់បញ្ញើពីបរទេស ដែលហូរចូលមកកាន់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក អាចនឹងធ្លាក់ចុះ ១១% មកនៅត្រឹម ១៣១ពាន់លានដុល្លារអាមេរិក ក្នុងនោះ ប្រទេសចិន និងហ្វីលីពីន ជាអ្នកទទួលប្រាក់បញ្ញើច្រើនជាងគេបំផុតនៅក្នុងតំបន់។
ដោយឡែក ប្រាក់បញ្ញើ ពីពលករចំណាកស្រុករបស់ ប្រទេសកម្ពុជាវិញ អាចនឹងសម្រេចបាន ១ពាន់ ៤រយលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០នេះ ខណៈប្រទេសក្បែរខាងយើងគឺ វៀតណាម រំពឹងនឹងទទួលបាន ៣៣ពាន់លានដុល្លារ និងថៃ ទទួលបាន ៦ពាន់លានដុល្លារអាមេរិក។
បើតាមរបាយការណ៍ដដែលរបស់ធនាគារពិភពលោក បានបញ្ជាក់ថា ពលករចំណាកស្រុកកម្ពុជា ជាង ១២ម៉ឺននាក់ ត្រូវបានបញ្ចូនត្រលប់មកពីប្រទេសថៃវិញ ដែលចំនួននេះ គឺច្រើនជាង ១០% នៃពលករចំណាកស្រុកកម្ពុជាសរុប នៅក្នុងប្រទេសថៃ។
ធនាគារពិភពលោក ក៏បានព្រមានដែរថា ការទទួលយកពលករចំណាកស្រុក អាចនឹងធ្លាក់ចុះ នៅក្នុងឆ្នាំ ២០២០ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ហើយពលករជាច្រើន នឹងត្រលប់មកប្រទេសដើមកំណើតវិញ នៅពេលដែល បណ្តាប្រទេសឆ្លងមេរោគកូវីដ១៩ សម្រេចបើកទ្វារឡើងវិញ៕