ហាងឆេងតម្លៃមាសនៅកម្ពុជា បានហក់ឡើងថ្លៃជាបន្តបន្ទាប់នៅជាងពីរសប្តាហ៍កន្លងមកនេះ។ ជាក់ស្ដែងបើយោងតាមតម្លៃហាងឆេងមាសរបស់ហាងលក់មាស ពេជ្រ ទីមង្គល ដែលមានមូលដ្ឋាននៅក្រុងភ្នំពេញ គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ហាងឆេងមាសលក់ចេញក្នុងតម្លៃ២៨៥ដុល្លារក្នុង១ជី ឬ២ពាន់៨៥០ដុល្លារក្នុង១តម្លឹង។
ជុំវិញការកើនឡើងតម្លៃមាសនៅលើទីផ្សារនេះ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី កត់សម្គាល់ឃើញថា ទីផ្សារមាសលើពិភពលោកមានការប្រែប្រួលទៅតាមស្ថានការណ៍ភូមិសាស្រ្តជាបន្តបន្ទាប់ ខណៈនៅក្នុងខែមេសានេះ តម្លៃមាសបានហក់ឡើងខ្ពស់។ការប្រែប្រួលតម្លៃមាននេះ គឺប្រែប្រួលទូទាំងសកលលោក។ បើតាមអ្នកជំនាញរូបនេះកត្តាដែលជំរុញឱ្យតម្លៃមាសមានការហក់ឡើងខ្ពស់ គឺដោយសារបញ្ហាភូមិសាស្រ្តនយោបាយ និងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ព្រមទាំងភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែន មានការឡើងកម្តៅឡើងវិញ។ ជាមួយគ្នានេះ ភាពមិនច្បាស់លាស់នៃគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលសហរដ្ឋអាម៉េរិក ក្នុងការកាត់បន្ថយអត្រាការប្រាក់ ក៏ដូចជាទំនុកចិត្តរបស់អ្នកប្រើប្រាស់ ក៏ជាផ្នែកមួយធ្វើឱ្យទីផ្សារមាសឡើងថ្លៃផងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា តម្លៃមាសនៅកម្ពុជា ក៏ដូចជាលើទីផ្សារពិភពលោកនឹងហក់ឡើងបន្ថែមទៀត ប្រសិនបើបញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ាមានការប្រែប្រួលឡើងកម្តៅខ្លាំង ហើយផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
យ៉ាងណាអ្នកជំនាញរូបនេះបានព្រមានថា បញ្ហានេះអាចនឹងធ្វើឱ្យអាជីវករទិញលក់មាស អាចប្រឈមមុខនឹងហានិភ័យមួយចំនួន ប្រសិនបើពួកគេគ្មានការគិតគូរ និងប្រយ័ត្នប្រយែងខ្ពស់ក្នុងការទិញលក់មាសនៅក្នុងអំឡុងពេលនេះ៕
អត្ថបទ៖ បូ ដូឡា