បើតាមសារព័ត៌មាន Tech Crunch បានលើកឡើងថា វាជារឿងកើតឡើងតាំងពីយូរមកហើយដែរ នៃការបង្កើនប្រសិទ្ធភាពពន្ធសាជីវកម្មនៅក្នុងប្រទេសអឺរ៉ុប។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ Google បានចេញកិច្ចសន្យាផ្សាយពាណិជ្ជកម្ម ដោយបានធ្វើឡើងចេញពីស្នាក់ការកណ្ដាលរបស់ខ្លួននៃទ្វីបអឺរ៉ុប ក្នុងប្រទេស អៀឡង់។ ប្រាក់ចំណេញ ដែលបានមកពីកិច្ចសន្យាទាំងនោះ នឹងត្រូវយកពន្ធនៅក្នុងប្រទេសអៀងឡង់។
យោងតាម សារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតបារាំង បាននិងកំពុងស្វះស្វែង ដើម្បីបញ្ជាក់ថា ក្រុមហ៊ុន Google ដែលមានការិយាល័យកណ្ដាលនៅអឺរ៉ុប ក្នុងទីក្រុង ឌុយប្លាំង ប្រទេសអៀឡង់ គឺបានខកខាន ក្នុងការបង់ពន្ធ ទៅកាន់រដ្ឋាភិបាលបារាំង ដោយគេចវេះក្នុងការប្រកាសពន្ធនៃផ្នែកខ្លះនៃសកម្មភាពអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសបារាំង។
ក្រុមហ៊ុន Google បាននិយាយក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដែរថា ការយល់ព្រមទូទាត់សងប្រាក់ទៅកាន់រដ្ឋាភិបាលបារាំងនេះ គឺមានការពិន័យប្រមាណ ៥៤៩ លានដុល្លារអាមេរិក និងបង់ពន្ធបន្ថែមមានប្រមាណ ៥១០ លានដុល្លារអាមេរិក។
ដំណោះស្រាយដោយយល់ព្រមបង់ពិន័យ និងបង់ពន្ធជាង ១ពាន់លានដុល្លារអាមេរិកនេះ គឺមានន័យថា អាជ្ញាធរបារាំងនឹងទម្លាក់បទចោទប្រកាន់ទៅលើក្រុមហ៊ុន Google នៅបារាំង ហើយវានឹងគ្របដណ្ដប់លើសកម្មភាពរបស់ក្រុមហ៊ុនតាំងពីឆ្នាំ ២០០៥ ដល់ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រុមហ៊ុន Google បាននិយាយ ក្នុងសេចក្ដីថ្លែងការថា ដំណោះស្រាយដោយទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិកនេះ នឹងនាំមកនូវការបញ្ចប់បញ្ហាពន្ធ ដែលបានតវ៉ាគ្នាមកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
«ការទូទាត់សងប្រាក់ពិន័យ ៥០០ លានផោន ដែលត្រូវបានបង្គាប់បញ្ជាដោយតុលាការបារាំងនៅថ្ងៃនេះ ក៏ដូចជា ការចំណាយបង់ពន្ធបន្ថែម ៤៦៤ លានផោន ដែលយើងបានព្រមព្រៀង ទូទាត់សងនេះ បានឆ្លុះបញ្ចាំយ៉ាងខ្លាំងនូវលទ្ធផលនៃអាទិភាពហិរញ្ញវត្ថុរបស់យើង។ ហើយយើងបន្តជឿជាក់ថា មធ្យោបាយល្អបំផុតក្នុងការផ្ដល់នូវក្របខណ្ឌច្បាស់លាស់ សម្រាប់ក្រុមហ៊ុន មានប្រតិបត្តិការជុំវិញពិភពលោក គឺការធ្វើកំណែទម្រង់រួមគ្នានៃប្រព័ន្ធពន្ធដារអន្តរជាតិ»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមហ៊ុន Google។
ក្រុមហ៊ុន Google គឺស្ថិតនៅក្នុងផ្នែកមួយនៃក្រុមហ៊ុនមេ Alphabet Inc មានការបង់ពន្ធតិចតួចប៉ុណ្ណោះ នៅប្រទេសអឺរ៉ុបភាគច្រើន ព្រោះថា របាយការណ៍លក់របស់ក្រុមហ៊ុនបញ្ជាក់ថា គឺការលក់ស្ទើរតែទាំងអស់ មានតែនៅក្នុងប្រទេស អៀរឡង់ប៉ុណ្ណោះ។ រឿងនេះ អាចធ្វើទៅបាន ត្រូវបានគេមើលឃើញថា គឺដោយសារតែមានចន្លោះប្រហោងនៅក្នុងច្បាប់ពន្ធអន្តរជាតិ ប៉ុន្ដែ វាក៏ពឹងផ្អែកលើបុគ្គលិកនៅទីក្រុង ឌុយប្លាំង ដែលបានបិទបញ្ចប់កិច្ចសន្យាលក់ទាំងអស់នេះដែរ។
ប្រទេសបារាំង ត្រូវបានគេមើលឃើញថា បាននិងកំពុងធ្វើការងារ លើការយកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗយ៉ាងសកម្ម។
សូមជម្រាបថា ក្រុមហ៊ុន Google គឺជាក្រុមហ៊ុន បច្ចេកវិទ្យាអាមេរិកទី២ ដែលត្រូវបានរងការផាកពិន័យក្នុងចំនួនទឹកប្រាក់ដ៏សន្ធឹកសន្ធាប់ នៅឆ្នាំនេះ ខណៈដែលកាលពីខែកក្កដាកន្លងនេះ ក្រុមហ៊ុនហ្វេសប៊ុក ត្រូវបានតម្រូវឲ្យបង់ប្រាក់ពិន័យរហូតដល់ ៥ពាន់លានដុល្លារអាមេរិក ពីសំណាក់រដ្ឋាភិបាលអាមេរិក ក្នុងបទចោទប្រកាន់ថា ហ្វេសប៊ុកខ្វះខាត មិនបានការពារទិន្និន័យឯកជនរបស់អ្នកប្រើប្រាស់របស់ខ្លួន៕