ការផាកពិន័យនេះ កើតឡើងនៅពេលដែលបារាំង និងបណ្ដាប្រទេសអឺរ៉ុបដទៃទៀត បានបង្កើនការត្រួតពិនិត្យរបស់ខ្លួនលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក ដូចជា Google, Facebook, Apple និង Amazon ជាដើម ដែលក្រុមហ៊ុនទាំងនេះ ត្រូវបានគេមើលឃើញថា បានបង់ពន្ធតិចតួចណាស់ទៅឲ្យប្រទេសបារាំង ក៏ដូចជាបណ្ដាប្រទេសផ្សេងទៀតនៅអឺរ៉ុប។
កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Google ក៏ទើបតែបានយល់ព្រមបង់ប្រាក់ប្រមាណជិត១ពាន់លានផោន ឬស្មើនឹងប្រមាណជាង១ពាន់លានដុល្លារអាមេរិក ទៅឲ្យរដ្ឋាភិបាលបារាំង ដើម្បីដោះស្រាយលើការស៊ើបអង្កេតជុំវិញនឹងការក្លែងបន្លំសារពើពន្ធដែលបានចាប់ផ្ដើមតាំងពី៤ឆ្នាំមុនមកនោះ។
Google គឺជាក្រុមហ៊ុនអ៊ីនធើណែតដ៏ធំបំផុតក្នុងពិភពលោក ដែលបានប្រឈមនឹងការត្រួតពិនិត្យកាន់តែដិតដល់អំពីមាតិកាដែលបានផ្សព្វផ្សាយ នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។
លោកស្រី Isabelle De Silva ប្រធានអាជ្ញាធរគ្រប់គ្រងការប្រកួតប្រជែងបារាំង បានអះអាងប្រាប់អ្នកសារព័ត៌មានថា ការបែកធ្លាយនៃអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មតាមអនឡាញរបស់ក្រុមហ៊ុន Google នេះ គឺជារឿងមួយ មិនធម្មតានោះទេ ដោយក្រុមហ៊ុនអាមេរិកមួយនេះ មានចំណែកទីផ្សារប្រមាណ៩០% ឯណោះនៅក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មតាមអនឡាញនេះ។
យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុន Google បានអះអាងថាខ្លួននឹងប្ដឹងទៅឧទ្ធរណ៍ចំពោះការផាកពិន័យនេះ។
នៅក្នុងខែមករា អង្គភាពឃ្លាំមើលការការពារទិន្នន័យរបស់បារាំងបានផាកពិន័យក្រុមហ៊ុន Google ចំនួន ៥០លានផោនរួចហើយ ពីបទរំលោភលើច្បាប់នៃសិទ្ធិឯកជនតាមអ៊ិនធើណែតរបស់សហភាពអឺរ៉ុប។
អង្គភាពនេះក៏បានបញ្ជាក់នៅក្នុងក្ដីសម្រេចរបស់ខ្លួនថា ក្រុមហ៊ុន Google ខ្វះតម្លាភាព និងភាពច្បាស់លាស់ក្នុងការជូនដំណឹងទៅកាន់អ្នកប្រើប្រាស់អំពីការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន ហើយក្រុមហ៊ុននេះ ក៏ទទួលបរាជ័យក្នុងការទទួលបានភាពត្រឹមត្រូវសម្រាប់ការផ្សាយពាណិជ្ជកម្មរបស់ខ្លួនផងដែរ៕