អ្នកជំនាញជឿជាក់ថា វិស័យចិញ្ចឹមនៅកម្ពុជា ដែលកំពុងរើបឡើងវិញនៅមួយរយៈចុងក្រោយនេះ អាចប្រឈមនឹងការបិទទ្វារ ប្រសិនបើរាជរដ្ឋាភិបាល អនុញ្ញាតឱ្យមានការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងឡើងវិញ។
ស្របពេលឱសានវាទនៃការបិទការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងខិតជិតចូលមកដល់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើឱ្យរាជរដ្ឋាភិបាលបន្តផ្អាក ឬបិទការនាំចូលបំណែកសាច់បង្កកប្រភេទនេះបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ការចិញ្ចឹមសត្វរបស់កសិករខ្មែរ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ វិស័យចិញ្ចឹមសត្វនៅកម្ពុជា ហាក់មានការរីកចម្រើនឡើងវិញនៅមួយរយៈចុងក្រោយនេះ តែនៅមិនទាន់អាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាងបាននៅឡើយទេ ដ្បិតការចិញ្ចឹមសត្វរបស់កសិករខ្មែរត្រូវចំណាយថ្លៃដើមខ្ពស់។
ជាការកត់សម្គាល់របស់ប្រធានសមាគមរូបនេះ ក្រោយការបិទការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងអស់រយៈពេលប៉ុន្មានខែកន្លងមកនេះ វិស័យចិញ្ចឹមសត្វនៅកម្ពុជា ហាក់មានសកម្មភាពឡើងវិញ បើទោះបីមិនទាន់អាចផ្តល់ប្រាក់ចំណេញដូចការចង់បានរបស់កសិករក៏ដោយ។ តម្លៃសាច់សត្វរស់នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានធ្លាក់ថ្លៃបន្តិចវិញ ពោលគឺមកនៅត្រឹមចន្លោះពី៨ពាន់រៀល ទៅ៩ពាន់រៀលក្នុង១គីឡូក្រាម ក្រោយថ្ងៃឱសានវាទនៃការបិទការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងខិតជិតចូលមកដល់។ ប្រធានសមាគមរូបនេះបារម្ភថា អ្នកចិញ្ចឹមសត្វមួយចំនួនអាចនឹងក្ស័យធន ឬត្រូវបិទទ្វារ ប្រសិនបើរដ្ឋាភិបាលអនុញ្ញាតឱ្យនាំចូលបំណែកសាច់បង្កកប្រភេទនេះឡើងវិញ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបិទការនាំចូលជាបណ្ដោះអាសន្ននូវប្រភេទគ្រឿងក្នុង និងបំណែកសាច់បង្កករយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ការដាក់ចេញវិធានការហាមឃាត់នេះ គឺដើម្បីជួយលើកកម្ពស់វិស័យចិញ្ចឹមសត្វ និងរក្សាទីផ្សារជូនដល់កសិករ ក្រោយតម្លៃសាច់សត្វរស់ជួបបញ្ហាធ្លាក់ចុះខ្លាំង៕
អត្ថបទ៖ បូ ដូឡា