នៅក្នុងសំណើនេះ សម្រាប់គ្រួសារ ដែលប្រើប្រាស់ភ្លើងតិចជាង ៣០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ នឹងអាចទទួលបានការបញ្ចុះតម្លៃនេះ ពោលគឺ វិក្កយបត្រប្រើប្រាស់ ៣០០គីឡូវ៉ាត់ម៉ោង ត្រូវចំណាយត្រឹមតែ ២៣ដុល្លារ ៨៦សេន ក្រោយទទួលបានការចុះតម្លៃប្រហែល ២ដុល្លារ ៦៥សែន។
ដោយឡែក គ្រួសារ ដែលប្រើប្រាស់ភ្លើងតិចជាង ៣០០គីឡូវ៉ាត់ម៉ោង ក្នុងមួយខែ គឺមានជាង ៨៧% ឯណោះ នៃការប្រើប្រាស់សរុប ហើយចំពោះអ្នកប្រើប្រាស់ច្រើនជាង ៣០០គីឡូវ៉ាត់ម៉ោង ក្នុងមួយខែ ត្រូវបានចាត់ទុកជាអ្នកមានចំណូលខ្ពស់ និងមិនរងសម្ពាធពីមេរោគកូវីដ ១៩នោះឡើយ ដូច្នេះហើយមិនទទួលបានការបញ្ចុះតម្លៃនោះទេ។
ក្រសួងឧស្សាហកម្មវៀតណាម ក៏បានស្នើសុំការបញ្ចុះតម្លៃ ១០% សម្រាប់អាជីវកម្ម និងរោងចក្រសហគ្រាសផងដែរ ហើយចំពោះករណីពិសេស គឺមិនគិតថ្លៃភ្លើង សម្រាប់មន្ទីរពេទ្យ និងកន្លែងស្នាក់នៅដាច់ដោយឡែក សម្រាប់ព្យាបាលអ្នកជំងឺ ដែលឆ្លងមេរោគកូវីដ១៩នោះឡើយ។
សូមជម្រាបដែរ សំណើសុំបញ្ចុះតម្លៃថ្លៃភ្លើងនេះ កើតមានឡើងក្រោយពេលដែល ប្រជាពលរដ្ឋវៀតណាម និងម្ចាស់អាជីវកម្មជាច្រើន បានទទូចស្នើសុំរដ្ឋាភិបាលវៀតណាម ឲ្យជួយបញ្ចុះតម្លៃរហូតដល់ ៥០% ឯណោះ សម្រាប់រយៈពេល ៣ខែ តែយ៉ាងណា ក្រសួងឧស្សាហកម្ម បញ្ជាក់ថា ពុំអាចធ្វើបាននោះទេ ព្រោះតម្រូវការប្រើប្រាស់ភ្លើង កំពុងកើនឡើងខ្លាំង ក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩នេះ៕