ប្រកាសរដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះថ្ងៃទី៥ មិថុនា ២០១៩ បានទទួលស្គាល់ជាផ្លូវការនូវការិយាល័យរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសនេះមានសុពលភាពរយៈពេលមួយឆ្នាំ។
មន្ត្រីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ បានសម្ដែងនូវប្រតិកម្មវិជ្ជមានចំពោះការដែលវិទ្យុ VOA ភាសាខ្មែរ ទទួលបានអាជ្ញាប័ណ្ណដំណើរការស្របច្បាប់នៅកម្ពុជា។
លោក Arend Zwartjes មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា ថ្លែងនៅក្នុងសារអ៊ីម៉េលជាភាសាអង់គ្លេស មកកាន់សារព័ត៌មាន ខេមបូណូមីស ដែលមានអត្ថន័យប្រែសម្រួលយ៉ាងដូច្នេះថា ៖ «យើងមានការរីករាយដែល VOA Khmer បានទទួលការអនុញ្ញាតឲ្យដំណើរការនៅកម្ពុជា។ យើងរំពឹងថា ព័ត៌មានរបស់ VOA នឹងអាចផ្សព្វផ្សាយទូលំទូលាយនៅទូទាំងប្រទេសកម្ពុជាជាថ្មីម្ដងទៀត ដើម្បីប្រជាជនកម្ពុជានៅគ្រប់ទិសទីទទួលបានព័ត៌មានដែលត្រឹមត្រូវ មិនលម្អៀង និងស៊ីជម្រៅ»។
គួររំឭកថា កាលពីចុងឆ្នាំ២០១៧ ពោលនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ រដ្ឋាភិបាលបានចាត់វិធានការបញ្ឈប់ការផ្សាយរបស់វិទ្យុ សំឡេងសហរដ្ឋអាមេរិក និងវិទ្យុ អាស៊ីសេរី ពីរលកធាតុអាកាស FM នៅលើស្ថានីយវិទ្យុនានា នៅក្នុងប្រទេសកម្ពុជា ហើយវិទ្យុអាស៊ីសេរី គ្រានោះ ក៏បានប្រកាសបិទការិយាល័យនៅទីក្រុងភ្នំពេញរបស់ខ្លួន បន្ទាប់ពីដំណើរការអស់រយៈពេល ២០ឆ្នាំមក។
ចុងឆ្នាំ២០១៧ដដែល ក៏ជាពេលវេលានៃការធ្លាក់ចុះនៃសេរីភាពសារព័ត៌មានផងដែរ ដោយពេលនោះ កាសែតឯករាជ្យជាភាសាអង់គ្លេសដ៏ចំណាស់ជាងគេនៅកម្ពុជា ក៏ត្រូវបានបង្ខំចិត្តបិទប្រតិបត្តិការចេញផ្សាយរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាចោទថា សារព័ត៌មាននេះជំពាក់ពន្ធរដ្ឋាភិបាលជាង ៦លានដុល្លារអាមេរិក។
ខណៈដែលមានការអត្ថាធិប្បាយវិជ្ជមានពីមន្ត្រីនាំពាក្យស្ថានទូតអាមេរិក ជុំវិញការបើកការិយាល័យវិទ្យុ VOA នៅកម្ពុជានេះ លោក នាន់ សិរីបុត្ត អ្នកសរសេរប្លុកនយោបាយ និងជាសមាជិកសំខាន់មួយរូបនៃក្រុម កាហ្វេនយោបាយ (Politikoffee) ហាក់មិនមានសុទិដ្ឋិនិយមអំពីការវិលត្រឡប់ដូចដើមវិញ នៃស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា នោះទេ។
លោក សិរីបុត្ត បាននិយាយដូច្នេះថា ៖ «ចំពោះការទទួលស្គាល់ការិយាល័យ VOA អីនោះ ដូចជាមិនមានអីគួរជាការសាទរដល់លំហនៃសេរីភាពសារព័ត៌មានទេ ខណៈពេលដែលកញ្ចក់សង្គមមួយនេះ [វិស័យសារព័ត៌មាន] វាស្រអាប់ហើយ ឆ្លុះមិនឃើញដូចមុនទេ។ ម្យ៉ាង លំហនៃសេរីភាពសារព័ត៌មាន ជាជនរងគ្រោះដោយសារតែរឿងនយោបាយ។»
អ្នកសរសេរប្លុកនយោបាយដដែល និយាយបន្តថា ៖ «ដង្ហើមនៃសេរីភាពសារព័ត៌មាន កំពុងត្រូវការខ្យល់អុកស៊ីសែនជាខ្លាំង ដើម្បីសង្គ្រោះជាបន្ទាន់។»
លោក នាន់ សិរីបុត្ត បាននិយាយថា ៖ «វាអាស្រ័យលើជំហររបស់រដ្ឋាភិបាលសុទ្ធសាធ តើរដ្ឋាភិបាលចង់ឲ្យមានសារព័ត៌មានបែបណា ដើម្បីដំណើរការ និងផ្តល់ព័ត៌មានដល់ប្រជាជនខ្លួន និងរដ្ឋាភិបាលខ្លួនឯងចង់ស្តាប់ និងទទួលបានព័ត៌មានបែបណា»៕