នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយ ជាមួយសារព័ត៌មានឌីជីថលខេមបូណូមីស លោក អេលេន ម៉ាទីន អ្នកគ្រប់គ្រងទូទៅនៃ Grand Royal Golf & Resorts បានឲ្យដឹងថា ក្រុមហ៊ុនបានវិនិយោគបន្ថែមលើផ្នែកជាច្រើន ដើម្បីធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់នៃស្តង់ដារទីលានវាយកូនហ្គោលហ្គ្រេន ភ្នំពេញ។
លោក អេលេន ម៉ាទីន បានបន្ថែមថា ក្រុមហ៊ុនបានទិញរថយន្តអគ្គីសនីថ្មីៗបន្ថែមជាង ១០០គ្រឿង ឧបករណ៍ថែទាំទីលានទំនើបៗ ដើម្បីកែលម្អ និងថែទាំទីលានរបស់យើងឲ្យកាន់តែប្រសើរឡើង ដោយបានចំណាយទុនប្រមាណជាង ១លានដុល្លារអាមេរិក។
អ្នកគ្រប់គ្រងទូទៅនៃ Grand Royal Golf & Resorts បានបន្តទៀតថា ថ្វីត្បិតតែមួយរយៈពេលចុងក្រោយនេះ កម្ពុជាមានការរាតជំងឺកូវីដ១៩ខ្លាំងក៏ពិតមែន ប៉ុន្តែដូចជាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុនទីលានវាយកូនហ្គោល Grand Royal Golf & Resortsនោះទេ ដោយសារក្រុមហ៊ុនផ្តោតសំខាន់លើអតិថិជនក្នុងស្រុក ខណៈដែលភ្ញៀវក្នុងស្រុកភាគច្រើន បានបង្វែរមកចាប់អារម្មណ៍ការកម្សាន្ដនៅក្នុងស្រុក ជាជាងការចេញទៅក្រៅស្រុក ដោយជំងឺកូវីដ១៩។
សូមជម្រាបថា ក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ ត្រូវបានរចនាឡើងដោយក្លឹបនេះរចនាដោយ 𝐍𝐢𝐤𝐥𝐚𝐮𝐬 𝐃𝐞𝐬𝐢𝐠𝐧 ដែលជាក្រុមហ៊ុនរចនាទីលានវាយកូនហ្គោលដ៏ល្បីល្បាញមួយ។ លោក អេលេន ម៉ាទីន រំពឹងថា យុទ្ធនាការចាក់វ៉ាក់សាំងអាចនឹងធ្វើឲ្យ ស្ថានភាពសេដ្ឋកិច្ចប្រសើរឡើង ហើយវាក៏នឹងធ្វើឲ្យក្រុមហ៊ុនជាច្រើន រួមទាំងក្លឹបវាយកូនហ្គោល ហ្គ្រេនភ្នំពេញផងដែរ នឹងមានឱកាសពង្រីកទីផ្សារក្នុងស្រុក ដើម្បីទាក់ទាញអតិថិជនក្នុងស្រុក និងក្រៅស្រុកកាន់តែច្រើនឡើង៕