សារព័ត៌មាន Asian Correspondent ចុះផ្សាយព័ត៌មាននេះ ដោយដកស្រង់ប្រសាសន៍របស់ប្រធានទីភ្នាក់ងារកិច្ចការអចលនទ្រព្យប្រទេសថៃ លោក Sopon Pornchokchai ដែលនិយាយថា លំនៅដ្ឋានដែលលក់មិនអស់នៅក្នុងឆ្នាំ២០១៨ គឺ ៤០% ស្ថិតក្នុងទីក្រុងបាងកក ដែលគិតជាតម្លៃ គឺស្មើនឹង ៥៥% នៃតម្លៃសរុបនៃលំនៅដ្ឋានទាំងអស់ដែលលក់នៅសល់។
ទីក្រុងបាងកក មានលំនៅដ្ឋានដែលសង់រួចគ្មានអ្នកទិញច្រើនជាងគេបំផុត គឺដល់ទៅ ៩១.៦០០យូនីត (ខ្នង) ខេត្តជុនប៊ុរី ប៉ែកខាងកើត មានលំនៅដ្ឋានសម្រាប់ផ្គត់ផ្គង់សរុប ៣៤.៤០០យូនីត និងខេត្តនន្ធៈប៊ុរី មាន ៣២.៧០០យូនីត។
យោងតាមកាសែត ឌឹ ណេសិន ឆ្នាំ២០១៨ លំនៅដ្ឋានសរុបចំនួន ២៦.២២៤.៩ឲ០៨១យូនីត បានត្រូវសាងសង់ឡើង។ អ្នកអភិវឌ្ឍឯកជនបានសាងសង់ ៤៥៤.៨១៤យូនីត កាលពីឆ្នាំទៅមិញ (២០១៨) ដែលស្មើនឹង ១,៧៣% នៃស្តុកលំនៅដ្ឋានសរុបដែលកំពុងមានស្រាប់។
ប៉ុន្តែ ទោះយ៉ាងណា របាយការណ៍បន្តថា ផ្ទះលក់មិនទាន់ដាច់ ៤៥៤.៨១៤យូនីតនេះ អាចនឹងលក់ចេញអស់ ក្នុងរយៈពេល ២ឆ្នាំ ដោយយោងទៅលើអត្រាចំនួនលំនៅដ្ឋានដែលគេអាចលក់ដាច់ក្នុងមួយឆ្នាំៗ ដែលស្មើនឹង ២២៧.៤០៧យូនីត។
តម្លៃលំនៅដ្ឋានមួយយូនីតៗ នៅប្រទេសថៃ គិតជាមធ្យម គឺប្រមាណ ៨៩.៥៧៦ដុល្លារអាមេរិក ដែលតម្លៃនេះ អ្នកជំនាញអចលនទ្រព្យថៃ និយាយថា ទាបជាងតម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងហាណូយ, ហូជីមិញ នៃប្រទេសវៀតណាម នៅទីក្រុងកួឡាឡំពួ នៃប្រទេសម៉ាឡេស៊ី និងទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា ដែលជាទូទៅ តម្លៃលំនៅដ្ឋាននៅតាមបណ្ដាទីក្រុងទាំងនេះ គិតជាមធ្យម គឺប្រមាណ ១៣៦.០០០ដុល្លារអាមេរិក៕