នាជំនួបពិភាក្សាការងារដើម្បីពិនិត្យលើចក្ខុវិស័យស្នូល ជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងនូវគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ត្រួសត្រាយកិច្ចសហប្រតិបត្តិការថ្មីៗ និងពង្រីកឱ្យបានកាន់តែប្រសើរនូវពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
កិច្ចការងារទាំងនោះរួមមានការបង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្មឱ្យរលូន តាមរយៈការបង្កភាពងាយស្រួលលើនីតិវិធីគយ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងបទប្បញ្ញត្តិរដ្ឋបាល។ មួយវិញទៀត គឺការលើកកម្ពស់តម្រូវការទីផ្សារតាមរយៈការពង្រីក និងបញ្ជ្រៀតទីផ្សារសម្រាប់ផលិតផលកម្ពុជា ឬការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA) ឬការពង្រឹងពាណិជ្ជកម្មដែលមានស្រាប់។
បន្ថែមលើនេះ សហរដ្ឋអាមេរិក ក៏អាចជួយគាំទ្រការវិនិយោគរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើម ដូចជាជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងសកម្មភាពលើកកម្ពស់ និងផ្សព្វផ្សាយការវិនិយោគជាដើម។
ជាមួយគ្នានេះ លោក Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International បានគូសបញ្ជាក់ពីភាពរីកចម្រើនរបស់កម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសបានចាប់អារម្មណ៍នូវការដាក់ចេញទិសដៅឆ្នាំ២០៣០របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ព្រមទាំងទិសដៅប្រែក្លាយកម្ពុជាពីប្រទេសប្រើប្រាស់កម្លាំងពលកម្ម ទៅជាប្រទេសប្រើប្រាស់ជំនាញបច្ចេកទេស និងផែនការរៀបចំឱ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់បច្ចេកវិទ្យាទំនើបជាដើម។
ទន្ទឹមនោះ លោក បានលើកឡើងពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយជំរុញឱ្យមានការកើនឡើងនូវពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ហើយលោកជឿជាក់ថា តាមរយៈកិច្ចពាណិជ្ជកម្ម និងការវិនិយោគ នឹងជំរុញឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែល្អមួយកម្រិតទៀតផងដែរ។
សូមជម្រាបថា លោក Jim Jones បច្ចុប្បន្នគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International និងកំពុងដឹកនាំក្រុមជំនាញការប្រឹក្សាយោបល់លើគោលនយោបាយការបរទេស ផែនការយុទ្ធសាស្រ្ត សន្តិសុខជាតិ និងយុទ្ធសាស្រ្តយោធាផងដែរ។ ហើយលោក គឺជាអតីតនាយទាហានកងព័ទជើងទឹក នៃសហរដ្ឋអាម៉េរិក ដែលមានបទពិសោធន៍ជាង៤ទសវត្សរ៍ក្នុងការងារពាក់ព័ន្ធនឹងប្រតិបត្តិការយោធា សន្តិសុខវិស័យថាមពល ការពារជាតិ ក៏ដូចជាភាពជាអ្នកដឹកនាំកម្រិតពិភពលោក៕