យ៉ាងណាក៏ដោយចុះ ដោយសារតែមានសម្ពាធពីអាជ្ញាធរជានិយ័តករ ក្រុមហ៊ុនអាកាសចរណ៍ហុងកុង បានបញ្ជាក់ថា ខ្លួនបានត្រៀមផែនការថវិកា ដែលអាចនឹងឆ្លើយតបទៅនឹងការតម្រូវរបស់អាជ្ញាធរជានិយ័តករ និងអាចបើកប្រាក់ខែដល់បុគ្គលិករបស់ខ្លួនបាន។
ក្រុមហ៊ុនបានបញ្ជាក់ថា សម្រាប់បុគ្គលិកដែលបម្រើការនៅក្រៅប្រទេសអាចបើកប្រាក់ខែទាន់កាលកំណត់ ប៉ុន្ដែសម្រាប់បុគ្គលិកផ្សេងពីនេះ គឺអាចពន្យារពេលបន្តិច។ មានបុគ្គលិកប្រមាណ១៦០០ នាក់នឹងត្រូវខកខានបើកប្រាក់ខែនេះ ឬស្មើនឹងជិត៤៥% នៃ បុគ្គលិកសរុប៣៥៦០ នាក់របស់ក្រុមហ៊ុន។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ហុងកុង លោក Hou Wei បានផ្ញើសារតាមអ៊ិម៉ែលថា ផែនការកញ្ចប់ថវិកានេះ គឺ បានត្រៀមរួលរាល់ហើយ បន្ទាប់ពីមានការពិគ្រោះយោបល់បន្ទាន់រួចមក ហើយបុគ្គលិកដែលក្រុមហ៊ុនបានជំពាក់ប្រាក់ខែទាំងអស់ នឹងបានបើកប្រាក់ខែនៅថ្ងៃទី ព្រហស្សតិ៍ទី៥ ធ្នូនេះ។
ក្រុមហ៊ុនអាកាសចរណ៍នេះ បានឲ្យដឹងដែរថា សេវាកម្មនឹងចាប់ផ្ដើមដំណើរការឡើងវិញជាបណ្ដើរៗ នៅពេលដែលថវិកាមកដល់។ ទោះយ៉ាងណាក្រុមហ៊ុនអាកាសចរណ៍ហុងកុង នៅតែបន្តប្រឈមនឹងតម្រូវការធ្វើដំណើរថយចុះ និងការធ្លាក់ចុះប្រាក់ចំណូល។
នាពេលថ្មីៗនេះ អាជ្ញាធរផ្តល់អាជ្ញាប័ណ្ណដឹកជញ្ជូនតាមផ្លូវអាកាស បានចេញលក្ខខណ្ឌថ្មីសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ហុងកុង ដោយក្នុងនោះ មានតម្រូវឲ្យក្រុមហ៊ុនបង្កើនសាច់ប្រាក់ និងរក្សាកម្រិតសាច់ប្រាក់ មុនពេលសម្រេចចិត្តថា តើត្រូវផ្អាក ឬក៏ដកអាជ្ញាបណ្ណពីក្រុមហ៊ុននេះ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍នេះ បានសង្កត់ធ្ងន់ថា ក្រុមហ៊ុននឹងបន្តពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ខ្លួនដើម្បីកែលំអប្រាក់ចំណូលឡើងវិញ។
ក្រុមហ៊ុនអាកាសចរណ៍ហុងកុង នាពេលថ្មីៗនេះ ក៏ទើបតែប្រកាសផ្អាកជើងហោះហើរទៅកាន់ទិសដៅមួយចំនួនដូចជា Vancouver, ទីក្រុងហូជីមិញ និងថៃជៀន។ នៅសប្ដាហ៍នេះ ក្រុមហ៊ុន HNA Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បាននិយាយដែរថា ខ្លួនបានទទួលប្រាក់កម្ចី៤ពាន់លានយ័ន ប៉ុន្ដែគេមិនទាន់ច្បាស់ថា តើប្រាក់នោះ នឹងត្រូវប្រើប្រាស់ដោយរបៀបណានោះទេ។
បញ្ហាផ្ទុះការតវ៉ា និងបាតុកម្មជាហូរហែ នាប៉ុន្មានខែ មកនេះ គឺជាបញ្ហាចម្បងមួយធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ហុងកុង ជួបវិបត្តិ។ តួយ៉ាង ក្នុងខែតុលាកន្លងទៅនេះ ជនជាតិចិនដីគោកដែលធ្វើដំណើរទៅហុងកុងបានធ្លាក់ចុះ ដល់ទៅ ៤៦% ខណៈដែលទេសចរសរុបដែលបានធ្វើដំណើរទៅហុងកុងបានធ្លាក់ចុះ ដល់ទៅ ៤៤% ៕