យ៉ាងណាមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះ ក៏បានប្រកាសឲ្យពលរដ្ឋឈប់សម្រាក និងអាចដើរកម្សាន្ដបាននៅថ្ងៃបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ដែលបាននិងកំពុងធ្វើឲ្យវិស័យទេសចរណ៍ពិសេសសេវាកម្មទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ចាប់ផ្ដើមមានការរៀបចំត្រៀមខ្លួនឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរ ជាមួយនឹងការគោរពតាមវិធានសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនផងដែរ។
នៅមួយរយៈចុងក្រោយនេះ វិស័យទេសចរណ៍ចាប់ផ្ដើមមានសកម្មភាពកម្រើកឡើងវិញជាបណ្ដើរៗហើយពិសេសនៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍ធម្មជាតិមួយចំនួន។
លោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ដែលមានមានទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តច្រើន អំឡុងកូវីដ-១៩នេះ បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា រយៈពេលចុងក្រោយនេះ សន្ទុះនៃភ្ញៀវទេសចរដែលបានមកលេង ខេត្តកែប ហាក់មានកំណើនខ្លាំង រហូតប្រមាណ១ម៉ឺន ក្នុង១សប្ដាហ៍ ដែលជំរុញផ្នែកសេវាកម្មមូលដ្ឋានទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងតំបន់រមនីយដ្ឋាននានា ប្រមាណ៧០% ទូទាំងខេត្តកែប បានបើកដំណើរការឡើងវិញ ក្នុងចំណោមសេវាកម្មទេសចរណ៍ ប្រមាណ ៣០០ ទូទាំងខេត្តជាប់មាត់សមុទ្រមួយនេះ។
បើតាមការបញ្ជាក់ របស់ប្រធានមន្ទីរទេសចរណ៍រូបនេះ សេវាកម្មទេសចរណ៍ស្ទើទាំងអស់ ទូទាំងខេត្តកែប សុទ្ធតែត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ លើកលែងតែអាជីវកម្ម ប្រភេទគ្រឿងស្រវឹង ប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារទេសចរណ៍កម្ពុជា យល់ឃើញថា វិស័យសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ហាក់នៅតែបន្តទទួលរងនូវឥទ្ធិពល ពីវិបត្តិកូវីដ-១៩ ក៏ពិតមែន តែអ្នកជំនាញរូបនេះ បានយល់ឃើញថា រយៈពេលមួយខែចុងក្រោយនេះ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ហាក់ចាប់ផ្ដើមកំរើកឡើងវិញបន្តិចហើយ ទន្ទឹមនឹងទេសចរណ៍ផ្ទៃក្នុង ក៏កំពុងមានសកម្មភាពឡើងវិញ ជាបណ្ដើរៗផងដែរ។
បើទោះបីជា ការបើកដំណើរការឡើងវិញ របស់សណ្ឋាគារ ផ្ទះសំណាក់ មានភាពយឺតយ៉ាវក៏ពិតមែន ប៉ុន្ដែប្រធានសមាគមរូបនេះ នៅតែមានក្ដីរំពឹងថា វិស័យនេះ នឹងមានលក្ខណៈប្រសើរឡើងវិញ នៅពេលកម្ពុជា បើកទទួលទេសចរអន្តរជាតិឡើងវិញ នាពេលឆាប់ៗ ខាងមុខនេះ។
អ្នកជំនាញទេសចរណ៍មួយរូបទៀត លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏យល់ឃើញដែរថា នារយៈពេលចុងក្រោយនេះ នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានចាប់ផ្ដើមមានសកម្មភាពឡើងវិញ ជាបណ្ដើរៗហើយពិសេសក្រោយប្រមុខរាជរដ្ឋាភិបាលប្រកាសអនុញ្ញាតឲ្យមានការដើរកម្សាន្ដនៅអំឡុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ ប៉ុន្ដែការងើបឡើងវិញនេះ វាហាក់នៅមានកម្រិតនៅឡើយ ពិសេសនៅតាមបណ្ដាខេត្តដែលពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរបរទេស។
បើតាមរបាយការណ៍ពីប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលផ្ដល់ឱ្យសារព័ត៌មានខេមបូណូមីសបានឲ្យដឹងថា តាមរយៈការជំរុញទេសចរណ៍ក្នុងស្រុក ដែលធ្វើឱ្យសកម្មភាពរបស់ទេសចរណ៍ផ្ទៃក្នុង ចាប់ផ្ដើមមានសកម្មភាពឡើងវិញ បានធ្វើឱ្យសេវាកម្មទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ភ្នាក់ងារទេសចរណ៍នានា ប្រមាណជាង ៦រយអាជីវកម្ម បានបើកឡើងវិញ ក្នុងចំណោមសេវាកម្មទេសចរណ៍ជាង៣ពាន់អាជីវកម្មនៅទូទាំងប្រទេស ដែលបានរងផលប៉ះពាល់ដោយសារកូវីដ១៩៕