មន្ត្រីជាន់ខ្ពស់អាជ្ញាធរក្រុងញូវយ៉ក បានលើកឡើងថា នៅឆ្នាំ២០២១ ពលរដ្ឋអាមេរិកាំងកាន់តែច្រើនបានខ្ចីប្រាក់ដើម្បីទិញផ្ទះបង់រំលស់ និងរថយន្ដ ហើយវាក៏បានធ្វើឲ្យតម្លៃទីផ្សារផ្ទះសម្បែង និងរថយន្ដមានការហក់ឡើងខ្ពស់ដូចគ្នាដែរ។
យ៉ាងណាមិញ គិតក្នុងត្រីមាសទីបួននៅឆ្នាំ២០២១តែឯងប៉ុណ្ណោះ បំណុលគ្រួសារអាមេរិកបានកើនឡើងជាង ៣៣៣ ពាន់លានដុល្លារបន្ថែមទៀត នាំឲ្យទំហំបំណុលគ្រួសារសរុបកើនដល់ ជាង ១៥ទ្រីលានដុល្លារ ដែលជាអត្រាកើនឡើងខ្ពស់បំផុតមិនធ្លាប់មានគិតតាំងពីឆ្នាំ ២០០៧មក។
ក្នុងនោះ បំណុលទិញផ្ទះនៅសហរដ្ឋអាមេរិកបានកើនឡើងជិត ២៦០ពាន់លានដុល្លារបន្ថែមទៀតនៅត្រីមាសទី៤ឆ្នាំ២០២១ ដែលនាំឲ្យទំហំបំណុលទិញផ្ទះសរុបកើនដល់ជិត ១១ទ្រីលានដុល្លារ។ ការខ្ចីកម្ចីទិញផ្ទះ កើនឡើងខ្ពស់នេះ គឺបន្ទាប់ពីអ្នកទិញផ្ទះជាច្រើនបានសម្រុកនាំគ្នាស្វែងរកកម្ចីទិញផ្ទះនៅឆ្នាំ២០២១ ដោយពួកគេបារម្ភថា អត្រាការប្រាក់អាចនឹងមានកើនឡើងកាន់តែខ្ពស់នៅឆ្នាំ២០២២។
ទន្ទឹមនឹងនេះ បើមើលទៅលើកម្ចីទិញរថយន្ដវិញ នៅឆ្នាំ២០២១ ការខ្ចីកម្ចីថ្មីៗ លើការទិញរថយន្ដបានកើនឡើងបន្ថែមដល់ ជាង ៧៣០ពាន់លានដុល្លារ ដែលជាតួលេខខ្ពស់បំផុតមួយ នាំឲ្យបំណុលសរុបនៅក្នុងការទិញរថយន្ដបង់រំលស់នៅអាមេរិកកើនដល់ជិត ១,៥ទ្រីលានដុល្លារ។
ដោយឡែក ប្រភេទកម្ចីមួយទៀត ដែលជំរុញឲ្យបំណុលគ្រួសារអាមេរិកកើនឡើងដែរនោះ គឺកម្ចីសិក្សា (Student Loan)។ កន្លងមក កម្ចីសិក្សានៅអាមេរិក មានការកើនឡើងកើនឡើងជាលំដាប់ ប៉ុន្ដែ នៅឆ្នាំ២០២១ ទំហំកម្ចីនេះ បានធ្លាក់ចុះអស់៨ពាន់លានដុល្លារទៅវិញ។ កត្តាដែលនាំឲ្យមានការថយចុះកម្ចីសិក្សា គឺដោយសារតែការចុះឈ្មោះនិស្សិតចូលរៀនមានតិចជាងមុន និងការផ្លាស់ប្ដូរនូវគោលនយោបាយទាក់ទងនឹងការលើកលែងមួយចំនួនពីរដ្ឋផងដែរ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន