ជញ្ជីងពាណិជ្ជកម្មវាងកម្ពុជា-អាមេរិក និងកម្ពុជា-ចិន

ជញ្ជីងពាណិជ្ជកម្មវាងកម្ពុជា-អាមេរិក និងកម្ពុជា-ចិន ប្រែប្រួលយ៉ាងណាខ្លះ នៅរយៈពេល៩ខែឆ្នាំនេះ?


ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន និងទំនាក់ទនងរវាងកម្ពុជា-អាមេរិក សុទ្ធតែសំខាន់សម្រាប់កម្ពុជា ពិសេសទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន កាន់តែស្អិតល្មួត ពិសេសនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏ដោយចុះ។ ក៏ប៉ុន្តែ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅរយៈពេល ៩ខែ ឆ្នាំ២០២២នេះ កើនឡើងត្រឹមជាង ៩% ប៉ុណ្ណោះ ខណៈជញ្ជីងពាណិជ្ជកម្មវាងកម្ពុជា-អាមេរិក កើនឡើងរហូត ២៨%។
ជញ្ជីងពាណិជ្ជកម្មវាងកម្ពុជា-អាមេរិក និងកម្ពុជា-ចិន ប្រែប្រួលយ៉ាងណាខ្លះ នៅរយៈពេល៩ខែឆ្នាំនេះ?

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅរយៈពេល ៩ខែ ឆ្នាំ២០២២ ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានទំហំទឹកប្រាក់សរុបជាង ៨ពាន់លានដុល្លារអាមេរិក កើនឡើងជិត១០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ក្នុងនោះ ការនាំចេញចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារចិនបានថយចុះ១៨% ទៅវិញ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលគិតជាទឹកប្រាក់មានជិត ១ពាន់លានដុល្លារ។ រីឯ ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក មានកំណើនរហូត២៨% ដែលមានទំហំទឹកប្រាក់ជាង ៧ពាន់លានដុល្លារអាមេរិក។ ចំណែកឯ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកវិញ មានកំណើនជាង២៩% ដែលគិតជាទំហំទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារអាមេរិក។

ជុំវិញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន និងកម្ពុជា-អាមេរិក ត្រូវបានឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា ទីផ្សារធំៗ ទាំងពីរនេះ សុទ្ធតែមានសារៈសំខាន់ខ្លាំងសម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ក៏ប៉ុន្តែ សម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិន នៅរយៈពេល ៩ខែ ក្នុងឆ្នាំនេះ បានថយចុះក៏ព្រោះតែបញ្ហាកូវីដ១៩។បើតាម ឯកឧត្តម ស៊ាង ថៃ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅតែស្អិតល្មួត ពិសេសនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីស្ថិតក្នុងបរិបទនៃកូវីដ១៩ ក៏ដោយ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏បានចូលជាធរមានកាលពីដើមឆ្នាំកន្លងទៅ ដែលជំរុញឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ឯកឧ្តតម ស៊ាង ថៃ ក៏បានពន្យល់ថា ដ្បិត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានកាលពីដើមឆ្នាំកន្លងទៅនេះ ក៏ពិតមែន តែនោះមិនមែនជាកិច្ចព្រមព្រៀងទិញ-លក់ទំនិញ ដូចកិច្ចសន្យា ឬពិធីសារដោះដូរទំនិញរវាងគ្នានឹងគ្នានោះទេ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាការបើកច្រកទីផ្សារ និងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀត រវាងប្រទេសហត្ថលេខី។

ម្ប៉ាងវិញទៀត ចាប់ពីមានការរាតត្បាតជំងឺកូវីដ១៩ ប្រទេសចិនបានអនុវត្តនូវគោលនយោបាយសេរ៉ូកូវីដ១៩ ដោយមានវិធានការចាំបាច់មួយចំនួន សំដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន ទើបធ្វើឲ្យការនាំចេញទំនិញកម្ពុជា ទៅកាន់តែប្រទេសនេះ មានការថយចុះ។

សូមបញ្ជាក់ថា នៅរយៈពេល៩ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤១ពាន់លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជាង១៧ពាន់លានដុល្លារ កើនឡើងជាង២២% និងការនាំចូលពីទីផ្សារអន្តរជាតិមកវិញមានចំនួនជិត ២៤ពាន់លានដុល្លារ កើនឡើង១៥% ។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


កូរ៉េខាងជើងដុតកម្ដៅនៅឧបទ្វីកូរ៉េកាន់តែខ្លាំង ដោយបានមីស៊ីលចូលសមុទ្រជាថ្មីទៀត និងបង្ហាញសាច់ដុំយន្តហោះចម្បាំងក្បែរព្រំដែនកូរ៉េខាងត្បូង

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសុក្រ ទី ១៤ តុលា បានសាកល្បងបាញ់មីស៊ីលផ្លោងប៉…

តើការបោះផ្សាយលក់មូលបត្ររដ្ឋនៅកម្ពុជា រងផលប៉ះពាល់អ្វីខ្លះពីការដំឡើងអត្រាប្រាក់ និងអតិផរណាពិភពលោក?

ធនាគារកណ្ដាលនៅបណ្ដាប្រទេសជាច្រើនលើពិភពលោក ជាពិសេសសហរដ្ឋអាមេរិកនៅមួយរយៈចុងក្រោយបានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដើម្បីទប់ទល់នឹងការកើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ