លោក ណាខន តាំងវីរ៉ាផាត់ ប្រធានអាជ្ញាធរកៅស៊ូរបស់ថៃបាននិយាយថា គម្រោងនេះត្រូវបានអនុម័តកាលពីថ្ងៃពុធសប្តាហ៍នេះ អំឡុងកិច្ចប្រជុំជាមួយគណៈកម្មាការគោលនយោបាយជាតិកៅស៊ូថៃ ដែលដឹកនាំផ្ទាល់ដោយនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា។
គម្រោងនេះគ្របដណ្តប់លើកសិករដាំដុះកៅស៊ូចំនួន១លាន៦សែននាក់ ជាមួយនឹងផ្ទៃដីដាំកៅស៊ូចំនួនជាង ១៨លានរ៉ៃ។ ក្នុងចំណោមនោះ មានម្ចាស់ចម្ការ និងកសិករស៊ីឈ្នួលដាំដុះប្រមាណ ១លាន៣សែននាក់ ខណៈជិត៣សែននាក់ផ្សេងទៀត ជាកម្មករចៀរជ័រកៅស៊ូ។
ជាមួយនឹងគ្រោងការណ៍ធានាប្រាក់ចំណូលសម្រាប់កសិករនេះ គឺរដ្ឋាភិបាលក្រុងបាងកកនឹងផ្តល់សំណងជូនម្ចាស់ចំការ កសិករអ្នកដាំដុះ និងកម្មករដែលធ្វើការក្នុងវិស័យនេះទាំងអស់ ប្រសិនបើតម្លៃទីផ្សារកៅស៊ូធ្លាក់ចុះក្រោមតម្លៃគោល។
ក្នុងនោះប្រសិនបើតម្លៃកៅស៊ូធ្លាក់ក្រោមតម្លៃទីផ្សារ កសិករត្រូវបានផ្តល់ជូនការធានាតម្លៃអតិបរមា ៦០បាត ឬជាង ៧៥០០រៀលក្នុងមួយគីឡូក្រាមសម្រាប់បន្ទះកៅស៊ូឆៅ, ៥៧បាតឬជាង ៧១០០រៀលក្នុងមួយគីឡូក្រាមសម្រាប់ជ័រកៅស៊ូ និង២៣បាតឬជិត២៩០០រៀលក្នុងមួយគីឡូក្រាមសម្រាប់ជ័រកៅស៊ូចាន ហើយថវិកាសំណងនេះ គឺគិតសម្រាប់តែមួយគ្រួសារ ដែមានផ្ទៃដី ២៥រ៉ៃប៉ុណ្ណោះ ទោះគ្រួសារកសិករខ្លះមានផ្ទៃដីដាំដុះធំជាងនេះក៏ដោយ។ ម្ចាស់ចំការ ឬអ្នកដាំដុះកៅស៊ូទទួលបាន៦០%នៃប្រាក់ទាំងនេះ ខណៈអ្នកចៀរជ័រកៅស៊ូទទួលបាន៤០% ។
នាយករដ្ឋមន្ត្រីថៃក្នុងនាមជាប្រធានគណៈកម្មាធិការនយោបាយជាតិកៅស៊ូថៃ បានណែនាំដល់គណៈកម្មាធិការឱ្យសិក្សាផែនការអភិវឌ្ឍជាយុទ្ធសាស្រ្តសម្រាប់ផលិតផលកៅស៊ូទាំងអស់ ជាពិសេសការផលិត ការកែច្នៃ និងការចែកចាយកៅស៊ូ។ លោកក៏បានជំរុញឱ្យអ្នកផលិតកៅស៊ូ ប្រកាន់ខ្ជាប់នូវវិធានការពាណិជ្ជកម្ម ព្រោះមានទីផ្សារពិភពលោកមួយចំនួនដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញកៅស៊ូផងដែរ ខណៈអស្ថិរភាពនៃប្រាក់បាតថៃ ក៏ជាកត្តាមួយប៉ះពាល់ដល់តម្លៃនិងការនាំចេញលើទីផ្សារអន្តរជាតិផងដែរ៕