បើតាម Huawei បានបញ្ជាក់ថា សមត្ថភាពប្រព័ន្ធប្រតិបត្តិការថ្មីនេះ គឺមានលក្ខណៈខុសប្លែកគ្នាខ្លាំង ពីប្រព័ន្ធប្រតិបត្តិការ Android របស់ Google និង iOS របស់ក្រុមហ៊ុន Apple ។
កាលពីថ្ងៃសុក្រទី ០៩ សីហា កន្លងទៅនេះនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំនៅភាគខាងត្បូងខេត្តក្វាងទុងប្រទេសចិន ក្រុមហ៊ុន Huawei បានប្រកាសពីសមត្ថភាពរបស់ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួន គឺ Harmony OS ដែលត្រឹមនឹងដាក់ឲ្យប្រើប្រាស់នៅក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។
លោក Yu Chengdong ប្រធាននាយកប្រតិបត្តិក្រុមពាណិជ្ជកម្មអ្នកប្រើប្រាស់ Huawei បានលើកឡើងថា ក្រុមហ៊ុន Huawei នៅតែបន្ដផ្ដល់នូវអាទិភាពឲ្យអ្នកប្រើប្រាស់បន្តប្រើប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុនអាមេរិក Google ដដែលបើទោះបីជាប្រព័ន្ធប្រតិបត្តិការថ្មីត្រូវបានអភិវឌ្ឍន៍រួចរាល់ក៏ដោយ។ ប៉ុន្ដែ បើសិនជាក្នុងកាលៈទេសៈ ដែលប្រព័ន្ធប្រតិបត្តិការ Android ពិតជាត្រូវបានរដ្ឋាភិបាលអាមេរិក បញ្ជាឲ្យ Google ត្រូវតែកាត់ផ្ដាច់ការផ្គត់ផ្គង់មកឲ្យក្រុមហ៊ុន Huawei មែននោះ នោះក្រុមហ៊ុនចិន Huawei អាចនឹងចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន គឺ Harmony OS បានគ្រប់ពេលវេលា។
លោក Yu Chengdong បានលើកឡើងទៀតថា ប្រព័ន្ធប្រតិបត្តិការថ្មី របស់ Huawei គឺជាប្រព័ន្ធប្រតិបត្តិការដែលមានទម្ងន់ស្រាល និងមានមុខងារពិសេស និងអាចទទួលបានតំណែងឈានមុខគេនៅក្នុងការប្រើប្រាស់លើឧបករណ៍ឆ្លាតវៃ ដូចជា នាឡិកា ទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ប្រព័ន្ធយានយន្ដ និងឧបករណ៍បំពងសម្លេងជាដើម។
ក្រុមហ៊ុន Huawei បានបញ្ជាក់ថា នឹងចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួន ជាបឋមនៅក្នុងទីផ្សារប្រទេសចិនជាមុនសិន បន្ទាប់មកនឹងពង្រីកទៅកាន់ទីផ្សារទូទាំងពិភពលោក។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ក៏បានសង្កត់ធ្ងន់ដែរថា ភាពជោគជ័យរបស់ប្រព័ន្ធប្រតិបត្តិកថ្មីរបស់ខ្លួននេះ គឺពឹងផ្អែកទៅលើសមត្ថភាពច្នៃប្រឌិតថ្មីៗរបស់អ្នកអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ(App Developer) តម្រូវជាមួយប្រព័ន្ធប្រតិបត្តិការនេះ។
គួររំឭកដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលអាមេរិក បានដាក់ក្រុមហ៊ុន Huawei របស់ចិន ចូលក្នុង បញ្ចីខ្មៅ របស់អាមេរិក និងបានរិតដ្បិតក្រុមហ៊ុនអាមេរិកមួយចំនួនក្នុងការរកស៊ីផ្គត់ផ្គង់ផលិតផល និងកម្មវិធីមួយចំនួនទៅឲ្យក្រុមហ៊ុន Huawei ផងដែរ។ ជាពិសេស គឺក្រុមហ៊ុន Google តែម្ដង ត្រូវបានរដ្ឋាភិបាលអាមេរិក ធ្លាប់គំរាមមិនឲ្យផ្គត់ផ្គង់ប្រព័ន្ធប្រតិបត្តិការ Android ទៅឲ្យ Huaweiនោះទេ។ ទោះយ៉ាងណា ដើម្បីត្រៀមខ្លួននឹងបញ្ហានេះ Huawei ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីប្រឈមនឹងបញ្ហាដ៏ធំមួយនេះបើវាពិតជាកើតឡើងមែន ដោយ Huawei បានបង្កើតប្រព័ន្ធប្រតិបត្តិការថ្មី គឺ Harmony OS ត្រៀមជំនួស Androidនេះ។
ទោះយ៉ាងណា អ្នកជំនាញបច្ចេកវិទ្យាមួយចំនួន បានលើកឡើងថា វាមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ក្នុងការបង្កើតនូវប្រព័ន្ធប្រតិបត្តិការថ្មី ព្រោះវាត្រូវការការចូលរួមមួយភាគធំ ពីអ្នកអភិវឌ្ឍន៍កម្មវិធី (App Developer) ដែលវាទាមទារពេលវេលាច្រើនដើម្បីអាចសម្រេចទៅបានដោយជោគជ័យ។